(ភ្នំពេញ)៖ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កំពុងរៀបចំព្រឹត្តការណ៍ដ៏ធំប្រចាំឆ្នាំលើកទី៦របស់ខ្លួន ដែលនឹងប្រារព្ធទៅនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ខាងមុខ ដែលមានឈ្មោះថា «សង្ក្រាន្តភីភីអេសអ៊ីហ្សិត២០១៩» អ្វីដែលកាន់តែពិសេសជាងឆ្នាំមុនៗទៅទៀត កម្មវិធីនេះ មានការប្រកួតប្រជែងសម្រស់ និងទេពកោសល្យសិល្បៈប្លែកៗពីគ្នារបស់កម្មករ កម្មការិនី ដែលកំពុងបម្រើការងារនៅក្រុមហ៊ុននានា ក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងប្រជុំដោយតារាល្បីៗ ប្រចាំកម្ពុជាផងដែរ។
លោកស្រី Michelle Zhao អ្នកគ្រប់គ្រងទូទៅផ្នែកប្រតិបត្តិការ របស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី និងជាអ្នកទទួលបន្ទុករៀបចំកម្មវិធីឆ្នាំនេះ បាននិយាយថា «សង្ក្រាន្តភីភីអេសអ៊ីហ្សិត២០១៩» ត្រូវបានរៀបចំឡើង ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ក៏ដូចជាការផ្តល់ឱកាសឲ្យកម្មករ កម្មការិនី ធ្វើការក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានបញ្ចេញទេពកោសល្យ សមត្ថភាព និងសម្រស់របស់ខ្លួនតាមរយៈការប្រកួតប្រជែង។ លើសពីនេះទៅទៀត កម្មវិធីនេះនឹងផ្តល់នូវភាពសប្បាយរីករាយរួមគ្នា ទាំងកម្មករនិយោជិតធ្វើការក្នុង និងក្រៅតំបន់ រួមជាមួយសហគមន៏ដែលនៅជុំវិញតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញផងដែរ។
លោក Hiroshi Uematsu នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី បាននិយាយថា «សង្ក្រាន្តភីភីអេសអ៊ីហ្សិត២០១៩ គឺជាការបង្ហាញពីការឲ្យតម្លៃ ការលើកទឹកចិត្ត និងពង្រឹងចំណងមិត្តភាពឲ្យកាន់តែរឹងមាំបន្ថែមទៀត រវាងក្រុមការងាររបស់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ កម្មករ កម្មការិនី អ្នកដឹកនាំ អ្នកវិនិយោគ និងសហគមន៍ដែលនៅជុំវិញតំបន់របស់យើង ដើម្បីសហការធ្វើការងារឲ្យ កាន់តែល្អនាពេលអនាគតបន្តទៀត»។
លោកបានបន្ថែមទៀតថា កម្មវិធីនេះបានលាតត្រដាងឲ្យឃើញថា ក្រៅពីជំនាញបច្ចេកទេសការងារកម្មករ កម្មការិនីដែលចូលរួមប្រកួតប្រជែង ក៏មានទេពកោសល្យសិល្បៈរៀងៗខ្លួនផងដែរ។ លើសពីនេះទៅទៀត ក្រៅពីការបញ្ចេញសមត្ថភាពរបស់បេក្ខជន បេក្ខនារីជាច្រើនរូប ក៏មានវត្តមានពីតារាល្បីៗដូចជា កញ្ញា មាស សុខសោភា ក្រុមក្មេងខ្មែរ និងក្រុមកំប្លែងនាយពែកមីទៀតផង ដើម្បីផ្តល់ភាពសប្បាយរីករាយ ដោយរំពឹងថាអាចនឹងមានអ្នកចូលរួមប្រហែល៣០,០០០នាក់ ហើយក្នុងថ្ងៃនោះផ្ទាល់ ខាងក្រុមហ៊ុនក៏មានកិត្តិយស ដោយបានអញ្ជើញមន្ត្រីក្នុងជួររដ្ឋាភិបាលជាច្រើនរូបផងដែរ។
ព្រិត្តិការណ៍នេះអាចដំណើរការទៅបាន ដោយមានការផ្តួចផ្តើមគំនិតពីលោកស្រីឧកញ៉ា លីម ឈីវហូរ អគ្គនាយិកា ក្រុមហ៊ុន ភ្នំពេញ អេសអ៊ីហ្សិត ភីអិលស៊ី ក្នុងការបង្កើតកម្មវិធីនេះឡើង គឺដើម្បីឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែងរបស់កម្មករ កម្មការិនី និងបុគ្គលិក បម្រើការងារក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញទាំងអស់ ដែលបានខំធ្វើការងារពេញមួយឆ្នាំ។
កម្មវិធីនេះដំណើរការទៅបាន ដោយមានការចូលរួមឧបត្ថម្ភធំពី ក្រុមហ៊ុន អ៊ែតវូត អាហរ័ណ នីហរ័ណ ក្រុមហ៊ុន ខេមបូឌា ប៊ីវើរេច ខមផេនី អិលធីឌី, ក្រុមហ៊ុន ថូម៉ូនៀស ខូអិលធីឌី, ក្រុមហ៊ុន លីហួរ អ៊ិនសូរែន ភីអិលស៊ី, ក្រុមហ៊ុន ចេដាប់ប៊ែលយូ អ៊ិនហ្វូ ឡជិសស្ទិក ផាប់ប្លិក, ក្រុមហ៊ុន ប៊ីហ្រ្គីម ផៅវើ ផាប់ប្លីក, ក្រុមហ៊ុន សហ័សអ៊ីអ៊ែនស៊ី, ក្រុមហ៊ុន អិលស៊ីអេច អ៊ិនវែសមេន គ្រុប, ក្រុមហ៊ុន ជីបម៉ុង អ៊ិនស៊ី ស៊ីមែន ខបផើរ៉េស៊ិន, ក្រុមហ៊ុន វិនសុន ខេមបូឌា, ក្រុមហ៊ុន ធែលខូធិច , ក្រុមហ៊ុន ស៊ីប៊ីស៊ី ស៊ីវិល អ៊ែន បៀលឌីង ខនស្រ្តាក់សិន, ក្រុមហ៊ុន ភើហ្វិចឌីសាញ អ៊ែន ខនស្រ្តាក់សិន អ៊ិនជីនៀរីង ព្រមទាំងសហការឧបត្ថម្ភដោយក្រុមហ៊ុនជាច្រើនផ្សេងទៀត៕