(ភ្នំពេញ)៖ ស្របពេលប្រជាជនជប៉ុន រស់នៅក្នុងប្រទេសកម្ពុជា កំពុងដុតដៃដុតជើងស្វែងរកមូលនិធិ រួមចំណែកជួយដល់គ្រួសារជនរងគ្រោះ ក្នុងករណីប្លន់សម្លាប់អ្នករត់តាក់ស៊ីឈ្មោះ ហ៊ឹម ចាន់ នៅខេត្តសៀមរាប កាលពីពេលថ្មីៗ ពេលនេះមូលនិធិខាងលើ ត្រូវបានរៀបចំជាប្រអប់បរិច្ចាគនៅផ្សារទំនើបអ៊ីអនទី១ និងទី២ ហើយ ក្នុងគោលបំណងកៀគរជំនួយឲ្យបានច្រើន សម្រាប់ជួយដល់ប្រពន្ធ និងកូនៗ ៤នាក់ ដែលរងទុក្ខដោយសារការបាត់បង់ស្វាមី និងឪពុកជាទីស្រឡាញ់របស់ខ្លួន។
សូមរំឭកថា កាលពីថ្ងៃទី១៧ ខែមីនាកន្លងទៅ មានករណីប្លន់សម្លាប់ដ៏រន្ធត់មួយ ដោយជនជាតិជប៉ុន ២នាក់ ទី១ ឈ្មោះ ISHIDA REIMON និងទី២ ឈ្មោះ NAKAKUKI RYUJI បានប្លន់រថយន្ដ រហូតឈានដល់ការសម្លាប់ម្ចាស់រថយន្ដឈ្មោះ ហ៊ឹម ចាន់ នៅស្រុកពួក ខេត្តសៀមរាប។ ករណីឃាតកម្មដ៏ឃោឃៅនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរ រួមទាំងប្រជាជនជប៉ុន សម្ដែងក្តីសង្វេគ និងរន្ធត់ជាខ្លាំងចំពោះទង្វើអគតិរបស់ជនជាតិជប៉ុនទាំង ២នាក់ ហើយក៏មានការសុំទោសពលរដ្ឋខ្មែរ ពីសំណាក់ប្រជាជនជប៉ុនទូទាំងប្រទេសទៀតផង។
តែដើម្បីរួមចំណែកសម្រាលទុក្ខលំបាករបស់គ្រួសារជនរងគ្រោះ ប្រជាជនជប៉ុន បានផ្ញើសារចូលរួមរំលែកទុក្ខ និងបានសម្ដែងការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ស្វាមី និងជាឪពុកដ៏ល្អខាងលើ។ ទន្ទឹជាមួយគ្នា ប្រជាពលរដ្ឋជប៉ុនដែលកំពុងរស់នៅ និងបម្រើការងារនៅកម្ពុជាបានឯកភាពគ្នា ក្រោមការផ្ដួចផ្ដើមគំនិតរបស់លោក KOICHI TAKUMA ដែលជាជនជាតិជប៉ុនម្នាក់ និងជាប្រធានសមាគមជនជាតិជប៉ុននៅកម្ពុជា បានបង្កើតជាមូលនិធិមួយ ដើម្បីប្រមូលថវិកាសម្រាប់ជាការរួមចំណែកជួយដល់ក្រុមគ្រួសារជនរងគ្រោះ។
មូលនិធិនេះ បានចាប់ផ្ដើមតាំងពីថ្ងៃទី១៩ ហើយគ្រោងបញ្ចប់នៅថ្ងៃទី៣១ ខែមីនា ក្នុងគោលបំណងឧបត្ថម្ភជាថវិកាមួយចំនួនសម្រាប់ជួយសម្រួលដល់ជីវភាព និងការសិក្សារបស់កូនៗនៃជនរងគ្រោះ ដើម្បីឲ្យពួកគេបានបន្តការសិក្សា និងកសាងអនាគតដ៏ភ្លឺស្វាងរបស់ពួកគេ។ គិតមកទល់ពេលនេះ មានប្រជាជនជប៉ុនទាំងរស់នៅកម្ពុជា និងជប៉ុនជាង ២៥០នាក់ហើយ បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន។ លើសពីនេះ ក៏មានការរៀបចំប្រអប់បរិច្ចាគ ដើម្បីសម្រួលដល់ការចូលរួមរបស់សប្បុរសជន នៅផ្សារទំនើបអ៊ីអនទី១ និងទី២ ផងដែរ។
ថវិកាទទួលបានពីមូលនិធិខាងលើ តាមគម្រោងក្រោយបញ្ចប់នៅថ្ងៃទី៣១ ខែមីនា តំណាងប្រជាជនជប៉ុន ដោយមានលោក KOICHI TAKUMA ជាអ្នកផ្ដួចផ្ដើមនឹងយកទៅប្រគល់ជូនគ្រោះសារជនរងគ្រោះនាខែមេសាខាងមុខ។ តែអ្វីដែលគួរឲ្យកត់សម្គាល់កាលពីពេលថ្មីៗ លោក KATO AKIHIRO ប្រធានក្លឹបបាល់ទាត់អង្គរថាយហ្គឺរ រួមទាំងក្រុមការងារ ក៏បានរួមគ្នាបរិច្ចាគថវិកាជាង ៤,០០០ដុល្លារ និងថវិកាផ្ទាល់របស់លោកចំនួន ១,០០០ដុល្លារ ផ្ដល់ជូនគ្រួសារជនរងគ្រោះផងដែរ ដើម្បីសម្រួលដល់ការចំណាយបន្ទាន់ ក្នុងការចាត់ចែងពិធីបុណ្យតាមប្រពៃណីទំនៀមទម្លាប់ជាដើម។
ដោយឡែកឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជាវិញ កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅ ក៏បានប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត ដោយចូលរួមរំលែកទុក្ខជាមួយគ្រួសារសពផងដែរថា «ខ្ញុំពិតជាក្រៀមក្រំនៅពេលដែលបានឮដំណឹងថាអ្នកបើកបររថយន្តឈ្នួលលោក ហ៊ឹម ចាន់ ត្រូវជនជាតិជប៉ុន ២រូបសម្លាប់កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៩។ ខ្ញុំសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំចំពោះក្រុមគ្រួសាររបស់លោក។ សូមវិញ្ញាណក្ខន្ធលោកទៅកាន់សុគតិភព»៕