(កំពង់ឆ្នាំង)៖ សិស្សានុសិស្សវិទ្យាល័យទួលខ្ពស់ នៅក្នុងខេត្ដកំពង់ឆ្នាំង ទទួលបានការអប់រំ និងផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក មុនឱកាសបុណ្យចូលឆ្នាំខ្មែរ។ ពិធីនេះ បានរៀបចំធ្វើឡើង នៅទីតាំងវិទ្យាល័យទួលខ្ពស់ ផ្ទាល់តែម្ដង នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។
ពីធីខាងលើនេះ មានការចូលរួមពីលោក អ៊ុ សេរីវុធ មន្ត្រីនៃអង្គភាពស្ថាបនាផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន, លោក ពា គីមវង ទីប្រឹក្សាផ្នែកសុវត្ថិភាពចរាចរណ៍ផ្លូវគោក, លោក ខ្លូត សុផុន មន្រ្តីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង រួមទាំងលោកគ្រូ អ្នកគ្រួ ព្រមទាំងសិស្សនុសិស្ស ប្រមាណជាង៥០០នាក់ ដែលក្នុងនេះ មានស្ត្រីប្រមាណ៣០០នាក់ បានចូលរួម។
វិទ្យាល័យទួលខ្ពស់ ស្ថិតនៅលើដងផ្លូវជាតិលេខ៥៣ ដែលតភ្ជាប់ពីទីរួមខេត្តកំពង់ឆ្នាំង ទៅខេត្តកំពង់ស្ពឺ ផ្លូវនេះ ត្រូវបានរាជរដ្ឋាភិបាល ផ្តល់នូវការធ្វើឲ្យប្រសើរឡើង ប្រែក្លាយពីផ្លូវដីទៅជាផ្លូវកៅស៊ូ ក្រោមកម្ចីពីធនាគារ អភិវឌ្ឍន៍អាស៊ី។ វិទ្យាល័យទួលខ្ពស់ មានសិស្សសរុបជាង៨០០នាក់ ហើយសិស្សានុសិស្សទាំងអស់ បានប្រើប្រាស់កង់ ម៉ូតូ និងជាថ្មើរជើង ដើម្បីមកសាលារៀនជារៀងរាល់ថ្ងៃ។
លោក អ៊ុ សេរីវុធ បានឲ្យដឹងថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាក្តីកង្វល់របស់រាជរដ្ឋាភិបាលកម្ពុជា គ្រោះថ្នាក់ចរាចរណ៍ បានបណ្តាលឲ្យមានអ្នកស្លាប់ របួស ពិការ និងខូចខាតសម្ភារអស់ជាច្រើន ហើយក្នុងចំណោមអ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៨ មានចំនួនប្រមាណជិត២,០០០ ដោយបញ្ហាគ្រោះថ្នាក់ចរាចរណ៍។
លោកថា ដោយមើលឃើញបញ្ហានេះ អង្គភាពស្ថាបនាផ្លូវថ្នល់ នៃក្រសួងសាធារណការ និងដឹកជញ្ជូន ពិតជាព្រួយបារម្មណ៍ពីសុខសុវត្ថិភាព របស់អ្នកប្រើប្រាស់ផ្លូវ ក្រោយពេលផ្លូវ ត្រូវបានកែលំអរ ពិសេសក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីខ្មែរ ក្នុងពេលខាងមុខ ដែលប្រជាពលរដ្ឋ និងប្រើប្រាស់ផ្លូវផ្លូវនេះ នឹងមានការកើនឡើង ដែលជាមូលហេតុនាំឲ្យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក៏នឹងកើនឡើងផងដែរ។
ដោយឡែកកត្តាចម្បង ដែលបង្កឲ្យមានគ្រោះថ្នាក់ គឺកត្តាមនុស្សដែលមានចំណែករហូត៩៥ភាគរយ ដែលក្នុងនេះ រួមមានការបើកបរហួសល្បឿនកំណត់ ការបើកបរក្រោយពេលហូបគ្រឿងស្រវឹង ការវ៉ាជែងក្នុងស្ថានភាព គ្រោះថ្នាក់ ការបត់ឆ្វេង-ស្តាំដោយខ្វះការប្រុងប្រយ័ត្ន ការមិនគោរពសិទ្ធិអាទិភាព និងការមិនយកចិត្តទុកដាក់ លើបញ្ហាបច្ចេកទេសយានយន្ត។ នេះការបញ្ជាក់បន្ថែមរបស់លោក អ៊ុ សេរីវុធ។
ដោយមើលឃើញនូវបញ្ហាប្រឈមទាំងនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈអង្គភាពស្ថាបនាផ្លូវថ្នល់ (MPU3) បានធ្វើការចុះអប់រំ និងផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយខ្សែរផ្លូវនៃគម្រោង។
កម្មវិធីនេះ នឹងបន្តរហូតដល់មុនបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ ដែលក្នុងឱកាសបុណ្យចូលឆ្នាំម្តងៗ ចំនួនគ្រោះថ្នាក់ ក៏ដូចចំនួនអ្នកស្លាប់ មានការកើនឡើងយ៉ាងកំហុក។ នៅពេលបញ្ចប់ការអប់រំនេះ ក៏មានផ្តល់ជូន នូវអាវយឺត និងមួកសុវត្ថិភាព ដល់អ្នកចូលរួមផងដែរ ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ម៉ូតូ ព្រោះបច្ចុប្បន្នចំនួនអ្នករបួស ស្លាប់ដោយការប្រើប្រាស់ម៉ូតូ មានចំនួនច្រើនគួរឲ្យព្រួយបារម្មណ៍។
ក្នុងឱកាសនោះដែរ លោក ពា គីមវង ទីប្រឹក្សា នៃកម្មវិធីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានប្រាប់ពីគោលបំណង នៃការអប់រំ និងផ្សព្វផ្សាយនេះថា ការរៀបចំឲ្យមានការអប់រំ និងផ្សព្វផ្សាយ ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅពេលនេះ គឺក្នុងគោលបំណងចូលរួមទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ដែលបានកំពុងគំរាបកំហែងអាយុជីវិត អ្នកប្រើប្រាស់ផ្លូវ និងធ្វើឲ្យមានការរាំងស្ទះ ដល់កិច្ចអភិវឌ្ឍន៍ប្រទេសជាតិផងដែរ។
លោកបានបន្ថែមថា កម្មវិធីនេះ នឹងបន្តអប់រំដល់ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តោយខ្សែរផ្លូវ រួមទាំងសិស្សានុសិស្ស ដែលរៀននៅតាមសាលា នៅជាប់ដងផ្លូវផងដែរ។
ជាមួយគ្នានោះ លោក ពា គីមវង បានសំណូមពរឲ្យអ្នកប្រើប្រាស់ផ្លូវ ទាំងអស់ត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពចរាចរណ៍ផ្លូវគោក ពិសេសគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកគ្រប់ពេល ពិសេសការបើកបរហួស ល្បឿនកំណត់ ការបើកបរក្រោយពេលហូបគ្រឿងស្រវឹង និងការគោរពសឹទ្ធិអាទិភាព។
លោក ជង មុត នាយកវិទ្យាល័យទួលខ្ពស់ បានឲ្យដឹងផងដែរថា លោកតែងក្រើនរំលឹកប្អូនៗ ក្មួយៗ ស្តីពីសុវត្ថិភាពចរាចរណ៍ ពិសេសពេលចេញពីសាលារៀង នឹងធ្វើដំណើរតាមដងផ្លូវត្រូវយកចិត្តទុកដាក់ គោរពច្បាប់ចរាចរណ៍ផ្លូវគោក ព្រោះបច្ចុប្បន្នគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បានគំរាមកំហែង និងសម្លាប់មនុស្សជាច្រើន
លោកថា ការចូលរួមថ្ងៃនេះ លោកពិតជាសប្បាយចិត្ត និងមានការយល់ដឹងបន្ថែម ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកនឹងចូលរួមផ្សព្វផ្សាយបន្ត ដល់ប្អូនដែលមិនបានចូលរួម និងជំរុញលើកទឹកចិត្ត ឲ្យពួកគេគោរពច្បាប់ចរាចរណ៍ ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពពួកគេ៕