(អាមេរិក)៖ ក្រុមហ៊ុនទំនាក់ទំនងសង្គម Facebook បានបណ្តោយឲ្យលេខសម្ងាត់រាប់លានរបស់អ្នកប្រើប្រាស់ ត្រូវបានចូលមើលបាន ដោយក្រុមបុគ្គលិករបស់ខ្លួន អស់រយៈពេលជាច្រើនឆ្នាំ, ក្រុមហ៊ុនបានទទួលស្គាល់ នៅថ្ងៃព្រហស្បត្តិ៍នេះថា បុគ្គលិករបស់ខ្លួន អាចចូលមើលលេខសម្ងាត់បាន បន្ទាប់ពីក្រុមអ្នកស្រាវជ្រាវ ផ្នែកសន្តិសុខមួយ បានលាតត្រដាងឲ្យដឹង។
យោងតាមសារព័ត៌មាន CGTN ចេញផ្សាយឲ្យដឹង នាយប់ថ្ងៃទី២២ ខែមីនានេះបានឲ្យដឹងថា តាមរយៈការរក្សាទុកលេខសម្ងាត់ហើយបណ្តោយឲ្យបុគ្គលិករបស់ខ្លួន អាចចូលមើលបាននោះ, ក្រុមហ៊ុន Facebook បានបំពានទៅហើយទៅលើការអនុវត្តសុវត្ថិភាពកុំព្យូទ័រជាមូលដ្ឋាន។
មន្ត្រីជំនាញផ្នែកសន្តិសុខអ៊ីនធើណេត លោក Andrei Barysevich មកពីក្រុមហ៊ុន Recorded Future បានលើកឡើងថា «វាមិនមានមូលហេតុទាល់តែសោះ ថាហេតុអ្វីបុគ្គលិកនៅក្នុងអង្គភាពមួយ ជាពិសេសបុគ្គលិកជាច្រើននាក់របស់ក្រុមហ៊ុន Facebook ចាំបាច់ត្រូវចូលទៅមើលលេខសម្ងាត់របស់អ្នកប្រើប្រាស់»។
ក្រុមហ៊ុន Facebook បានលើកឡើងថា វាមិនមានភស្តុតាងណាមួយ ដែលបង្ហាញថា ក្រុមបុគ្គលិករបស់ខ្លួន បានរំលោភចូលទៅកាន់ទិន្នន័យ របស់ក្រុមអ្នកប្រើប្រាស់នោះទេ។ ប៉ុន្តែក្រុមបុគ្គលិករាប់ពាន់នាក់ អាចចូលទៅស្វែងរកពួកវាបាន។ ក្រុមហ៊ុន Facebook បានបន្ថែមថា លេខសម្ងាត់ បានរក្សាទុកនៅលើម៉ាស៊ីនផ្ទុកទិន្នន័យ លើ អ៉ិនធើណេតរបស់ក្រុមហ៊ុន ដែលជាទីកន្លែងមួយ មិនមានអ្នកខាងក្រៅ អាចចូលទៅបាននោះទេ។
ក្រុមសន្តិសុខអ៉ិនធើណេត Krebs On Security បានឲ្យដឹងថា ក្រុមហ៊ុន Facebook អាចបណ្តោយឲ្យលេខសម្ងាត់របស់ក្រុមអ្នកប្រើប្រាស់ ប្រមាណ៦០០លាន ត្រូវបានបុគ្គលិកក្រុមហ៊ុនខ្លួន អាចចូលមើលបាន។ ក្រុមហ៊ុន Facebook បានលើកឡើងថា ខ្លួនបានរកឃើញបញ្ហានេះនៅខែមករាកន្លងទៅ។ ប៉ុន្តែអ្នកស្រាវជ្រាវផ្នែកសន្តិសុខ លោក Brian Krebs បានប្រាប់ថា ករណីមួយចំនួនលេខសម្ងាត់ ត្រូវបានគេរក្សាទុក នៅក្នុងទម្រង់ជាអត្ថបទធម្មតា ដែលមនុស្សគ្រប់គ្នាអាចមើលឃើញ ចាប់តាំងពីឆ្នាំ២០១២មកម្ល៉េះ។
គួរជម្រាបថា គិតត្រឹមត្រីមាសទី៤ ឆ្នាំ២០១៨ ប្រព័ន្ធទំនាក់ទំនង Facebook មានអ្នកប្រើប្រាស់សកម្ម ប្រមាណ២.៣២ពាន់លានគណនីជាប្រចាំខែ៕