(ព្រះសីហនុ)៖ សមត្ថកិច្ចគយ និងរដ្ឋាករខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩ ថា សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាល និងកងរាជអាវុធហត្ថខេត្ត ចុះចាប់រថយន្តអត់ពន្ធចំនួន ៣គ្រឿងជាថ្មីទៀត យកមករក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

រថយន្តទាំង៣គ្រឿងនោះរួមមាន៖
១. រថយន្តម៉ាក RANGE ROVER ពណ៌សចង្កូតឆ្វេង ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2AC-4751
២. រថយន្តម៉ាក VELLFIRE ពណ៌សចង្កូតឆ្វេង ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2BE-6669
៣. រថយន្តម៉ាក VELLFIRE ពណ៌សចង្កូតឆ្វេង ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 2AZ-2277។

បច្ចុប្បន្ន រថយន្តអត់បង់ពន្ធទាំង៣គ្រឿង បានយកមករក្សាទុកនៅសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ដើម្បីឲ្យម្ចាស់រថយន្តទាំងនេះចូលខ្លួនមកដោះស្រាយ ឬបំពេញបែបបទបង់ពន្ធឲ្យស្របតាមច្បាប់ពន្ធដារ និងផាកពិន័យ។

សូមរំលឹកថា កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ នាបរិវេណសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានបើកធ្វើសន្និសីទកាសែតបង្ហាញរថយន្តសេរីទំនើបចំនួន ១៣គ្រឿង ដែលជារថយន្តគេចពន្ធ ហើយបានធ្វើចរាចរណ៍នៅមូលដ្ឋានខេត្តព្រះសីហនុ ហើយត្រូវមន្ត្រីគយ និងរដ្ឋាករខេត្តចាប់បាន។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានបញ្ជាក់ថា រថយន្តសេរីទំនើបៗដែលមន្ត្រីគយចាប់បានជាបន្តបន្ទាប់មកនេះ គឺមានទាំងរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំផង ហើយត្រូវមន្ត្រីគយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធដទៃ ចុះចាប់យកមករក្សាទុកដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

លោក ទុំ ណូ បន្តថា សម្រាប់រថយន្តចង្កូតឆ្វេង គឺមន្ត្រីជំនាញបានទុកឱកាសដល់ម្ចាស់រថយន្តទាំងនោះ ឲ្យចូលខ្លួនមកបំពេញបែបបទសុំបង់ពន្ធ និងផាកពិន័យស្របតាមច្បាប់ពន្ធដារ។ ប៉ុន្តែចំពោះរថយន្តចង្កូតស្តាំងវិញ គឺត្រូវដកយកទុកជាទ្រព្យសម្បត្តិរដ្ឋ ដោយមិនប្រគល់ឲ្យម្ចាស់វិញទេ។ លោកថា ចំពោះរថយន្តចង្កូតស្តាំ ត្រូវបានហាមឃាត់មិនឲ្យនាំចូលបន្តទៀតទេ ចាប់តាំងពីឆ្នាំ២០១៦មកម៉្លេះ។

លោក ទុំ ណូ ប្រធានសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ បានឲ្យដឹងថា គិតចាប់ពីចុងឆ្នាំ២០១៨ មកដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ មន្ត្រីសាខាគយ និងរដ្ឋាករខេត្តនេះ ចាប់បានរថយន្តសេរីទំនើបគេចពន្ធ ឬអត់បង់ពន្ធសរុបចំនួន ៣០គ្រឿង ដើម្បីផាកពិន័យ។

លោក ទុំ ណូ បានប្តេជ្ញាថា ក្រោមការណែនាំផ្ទាល់ពីថ្នាក់ដឹកនាំពីអគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងក្រោមការចង្អុលបង្ងាញពីថ្នាក់ដឹកនាំគណៈបញ្ជាការ ឯកភាពខេត្តព្រះសីហនុ ស្តីពីការបង្ក្រាបអំពើរត់គេចពន្ធទំនិញគ្រប់ប្រភេទ ជាពិសេសរថយន្តគេចពន្ធ គឺមន្ត្រីសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ។

លោក ទុំ ណូ សង្កត់ធ្ងន់ថា រូបលោកនឹងបន្តដឹកនាំមន្ត្រីជំនាញគយ និងរដ្ឋាករ សហការជាមួយសមត្ថកិច្ចស្ថាប័នមួយចំនួនទៀត បន្តចុះធ្វើសកម្មភាពនេះឲ្យបានជាប្រចាំ និងឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅប្រមូលចំណូលថវិកាជាតិឲ្យបានច្រើនថែមទៀតនាបណ្តាឆ្នាំខាងមុខៗ៕