(កោះកុង)៖ ខ្លឹមចន្ទន៍គ្រឹស្នា ជាផលិតផលធម្មជាតិដ៏សំខាន់មួយក្នុងទីផ្សារពិភពលោក ព្រោះតែក្លិនដ៏សែនក្រអូន និងសាច់ឈើដ៏កម្ររបស់វា។ រុក្ខជាតិប្រភេទនេះ ច្រើនតែមានដុះនៅតាមតំបន់ត្រូពិក ពិសេសគឺតំបន់អាស៊ីអាគ្នេយ៍តែម្ដង ក្នុងនោះប្រទេសកម្ពុជាក៏ជាសម្បូរទៅដោយដើមចន្ទន៍គ្រឹស្នានៅតាមព្រៃភ្នំផងដែរ។
ខណៈដែលដើមចន្ទន៍គ្រឹស្នានៅតាមព្រៃភ្នំចេះតែខ្សត់ទៅៗ ប្រជាជននៅឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង បាននាំគ្នាធ្វើចម្ការចន្ទន៍គ្រឹស្នានេះយ៉ាងច្រើន ក្នុងនោះគ្រួសារលោកស្រី វែន អូន ដែលជាម្ចាស់បឹងកាឡូនៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាតមួយរូប ក៏មានចម្ការចន្ទន៍គ្រឹស្នាផ្ទាល់ខ្លួនប្រហែល ៥០០ដើម ផងដែរ។
ក្នុងកិច្ចសម្ភាសជាមួយក្រុមការងារ «Mercedes-Benz និងកំណប់អាថ៌កំបាំង» ដែលបានចុះទៅបំពេញបេសកកម្មរុករកកំណប់ទេសចរណ៍ នៅក្នុងសហគមន៍អេកូទេសចរណ៍ជីផាត នាចុងខែកុម្ភៈនោះ លោកស្រី វែន អូន បានបញ្ជាក់ថា គ្រួសារលោកស្រីបានធ្វើចម្ការដើមចន្ទន៍គ្រឹស្នានេះ អស់រយៈពេល១០ឆ្នាំមកហើយ។
លោកស្រី វែន អូន បានពន្យល់ថា ផលដែលបានពីដើមចន្ទន៍គ្រឹស្នាមាន២ប្រភេទ គឺ «ខ្លឹម» និង «តុក»។ ការប្រមូលផលពីចន្ទន៍គ្រឹស្នានេះទៀតសោត ក៏វាមិនមានភាពទៀងទាត់ដែរ អាស្រ័យទៅលើដើមចន្ទន៍គ្រឹស្នានីមួយៗ ពីព្រោះដើមខ្លះមានអាយុច្រើនក៏ពិតមែន តែមិនទាន់មានខ្លឹមនៅឡើយទេ ឯដើមខ្លះទៀតថ្វីដ្បិតវាមានអាយុតិច តែក៏ឆាប់មានខ្លឹម ឬ «តុក» ទៅវិញដែរ។
លោកស្រីបានបន្តថា ខ្លឹមចន្ទន៍គ្រឹស្នានេះ ឧស្សាហ៍មានអ្នកទិញច្រើនណាស់ រីឯតម្លៃរបស់វាក៏ខ្ពស់ផងដែរ។ ចំពោះខ្លឹមចន្ទន៍ដែលមានគុណភាពល្អ តម្លៃចាប់ពី ៤០០-៥០០០ដុល្លារ ឬរហូតដល់ជាង១ពាន់ដុល្លារក៏មាន។ ចំណែកតុកវិញ មួយគីឡូក្រាមតម្លៃចាប់ពី ១០០ដុល្លារ ទៅ ១០០ដុល្លារជាង។
បើតាមលោកស្រី វែន អូន ខ្លឹមចន្ទន៍គ្រឹស្នាដែលរកបានពីព្រៃភ្នំ មានគុណភាពល្អជាងខ្លឹមដែលដាំនៅក្នុងចម្ការ ហើយតម្លៃវាក៏ខ្ពស់ជាងផងដែរ ក្នុងមួយគីឡូក្រាមរហូតដល់ជាង ១ម៉ឺនដុល្លារ ឯណោះ ប៉ុន្តែបច្ចុប្បន្នវាកម្រនឹងរកបានណាស់។
លោកស្រីបានឱ្យដឹងទៀតថា ប្រជាជនផ្សេងទៀតនៅក្នុងឃុំជីផាត ក៏មានអ្នកដាំដើមចន្ទន៍គ្រឹស្នាច្រើនជាងគ្រួសារលោកស្រីទៅទៀត៕