(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌចំការមន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការបោសសម្អាត និងរើសសំរាមនៅតាមបណ្ដោយលូបឹងត្របែក និងតំបន់ជុំវិញ ដើម្បីបំផុសចលនាលើកកម្ពស់សោភ័ណភាពទីក្រុង និងស្រលាញ់បរិស្ថាន។

យុទ្ធនាការនេះត្រូវបានធ្វើឡើងដឹកនាំដោយលោក ធឹម សំអាន អភិបាលរងខណ្ឌចំការមន បន្ទាប់ពីមានបញ្ជាពីសំណាក់អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង។

បើទោះបីជាយ៉ាងនេះក្តី អាជ្ញាធរខណ្ឌ សង្កាត់ និងសមត្ថកិច្ចពាក់ព័ន្ធ នៅតែបន្តការងារនេះជារឿយៗ ដើម្បីសោភ័ណភាពបរិស្ថានក្នុងក្រុង។

អាជ្ញាធរខណ្ឌក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជនទាំងអស់ សូមបន្តចូលរួមក្នុងសកម្មភាពនេះឲ្យបានស្រុះគ្នា ដើម្បីបរិស្ថានរស់នៅស្អាតទាំងអស់គ្នា ពិសេសសូមបញ្ឈប់ការចោលសំរាមពាសវាលពាសកាល ឬក្នុងលូបង្ហូរទឹកឲ្យសោះ ព្រោះយើងដឹងស្រាប់ហើយថា ប្រសិនបើសំរាមក្នុងលូច្រើន វាធ្វើឲ្យលូស្ទះ កាលណាលូស្ទះធ្វើឲ្យការរំដោះទឹកចេញពីទីក្រុងយឺត ហើយបង្កផលលំបាកដល់ប្រជាជនខ្លួនឯងជាក់ជាមិនខាន៕