(ភ្នំពេញ)៖ បន្ទាប់មមាញឹកជាមួយនឹងភារកិច្ចរបស់ជាតិក្នុងនាមជាអ្នកទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនារបស់ជាតិ និងប្រជាជននោះ នៅព្រឹកថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានឱកាសចុះទៅវាលស្មៅទីលានវាយកូនគោលហើយ ដើម្បីសាកដងវាយកូនហ្គោលថ្មីដែលសម្តេចចាត់ទុកជាអាវុធជាទីស្រឡាញ់នោះ។
ជាមួយនឹងការមានឱកាសបានវាយកូនហ្គោលនៅព្រឹកថ្ងៃនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានគូសរំលេចផងដែរថា កីឡាវាយកូនគោលសមស្របខ្លាំងណាស់ ជាមួយមនុស្សមានវ័យច្រើន។ សម្តេចតេជោ បានបញ្ជាក់ថា ព្រឹកនេះសម្តេចវាយបាន ១៨ឡូ ក្នុងចម្ងាយជាង ៧គីឡូម៉ែត្រ ហើយអាចដើរបានក្នុងចន្លោះ ៣ ទៅ៤គីឡូម៉ែត្រ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានបញ្ជាក់ផងដែរថា សម្តេចជាអ្នកចូលចិត្តលេងកីឡាមួយរូប។ ក្នុងនោះនៅក្នុងវ័យពី ១៥ឆ្នាំ ដល់៤៨ឆ្នាំ លេងកីឡាបាល់ទះ បាល់ទាត់ បោះប៊ូល និងអុំទូក។ តែសំណាងល្អប្រទេសមានសន្តិភាព និងការអភិវឌ្ឍ វត្តមានតារាងកូនគោលកើតមាននៅកម្ពុជា សម្តេចក៏ចាប់ផ្តើមប្តូរមកវាយកូនគោលនៅឆ្នាំ២០០០។
សម្តេចតេជោ ក៏បានប្រឡងយក Licence វាយកូនគោលនៅទីក្រុងប៉ារីស ប្រទេសបារាំងឆ្នាំ២០០១ផងដែរ។ ដោយភ្ជាប់ជូននូវ Licence សម្រាប់ឆ្នាំ២០១៩ ដែលសហព័ន្ធកូនគោលបារាំងចេញឱ្យនោះ សម្តេចតេជោ បានឲ្យដឹងថា សហព័ន្ធកូនគោលបារាំងចេញ Licence សម្រាប់ការវាយកូនគោលនេះជូនសម្តេចមួយឆ្នាំម្តង តាំងពីឆ្នាំ២០០១មកម្ល៉េះ។
សម្តេចតេជោ បានបញ្ជាក់ចំណុចដែលតម្រូវឲ្យសម្តេចប្រលងយក Licence នេះផងដែរ។ សម្តេចតេជោ បានអះអាងថា សម្តេចមិនមែនជាជនជាតិបារាំងទេ តែសម្រាប់កីឡាវាយកូនគោលនេះ ត្រូវកាន់ Licence របស់បារាំង ដែលងាយស្រួលដល់ការទៅលេងនៅប្រទេសផ្សេងទៀត ដែលមានការចាំបាច់លើការធានារ៉ាប់រង៕