(ភ្នំពេញ)៖ លោក ឃួង ស្រេង ប្រធានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានឧបត្ថម្ភថ្នាំពេទ្យមួយឲ្យលោកស្រី អាន ផល្លា ជា ពិសី អនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ដើម្បីដឹកនាំសហការី នាំយកទាំងគ្រឿងឧបភោគបរិភោគ និងថវិការបស់អនុសាខាខណ្ឌ ក្នុងការបន្តចុះសួរសុខទុក្ខ សំណេះសំណាល និងឧបត្ថម្ភជួយសង្គ្រោះប្រជាពលរដ្ឋ ដែលកំពុងមានជីវភាពខ្វះខាត និងចាស់ជរាគ្មានទីពឹង ចំនួន០៥គ្រួសារទៀតហើយ ស្ថិតនៅក្នុងសង្កាត់ច្រាំងចំរេះទី១ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។
នាឱកាសនោះ ក្រោយពីប្រជាពលរដ្ឋថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ និងកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា, លោកស្រី អាន ផល្លា ជា ពិសី បានរំលឹក ឲ្យប្រជាពលរដ្ឋ ខិតខំ ថែរក្សាសុខភាពឲ្យបានល្អប្រសើរ ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ក្នុងជីវិតរស់នៅត្រូវមានក្ដីសង្ឃឹមជានិច្ច ដោយរស់នៅស្អាត និងពិសារទឹកស្អាត ដើម្បីជៀសវាងបានរាល់ការឆ្លងជំងឺដង្កាត់ផ្សេងៗ។
អនុប្រធានកិត្តិយស អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឬស្សីកែវ លោកស្រី អាន ផល្លា ជា ពិសី រូបនេះ បានរំលឹកឡើងចំពោះថ្នាំពេទ្យ គ្រឿងឧបភោគបរិភោគ និងថវិកា ដែលបាននាំយកមកឧបត្ថម្ភជូន ប្រជាពលរដ្ឋនាពេលនេះ ថ្វីត្បិតមិនមានចំនួនច្រើន ប៉ុន្តែអាចជួយដោះស្រាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ បានមួយគ្រា ដែលជាការចែករំលែក របស់ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕