(ភ្នំពេញ)៖ លោក នេត មុនីប៉ុណ្ណាកា ប្រធានមន្ទីរឧស្សាហកម្ម សិប្បកម្មរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានទទួលជួបប្រតិភូចិនមកពីខេត្តហួរណាន ទីក្រុងជូចុង ប្រទេសចិន ដើម្បីផ្សព្វផ្សាយចែករំលែកបទពិសោធន៍ អំពីការធ្វើអាជីវកម្មខ្នាតមធ្យម (SME) របស់កម្ពុជា នៅមន្ទីរឧស្សាហកម្ម និងសិប្បកម្មរាជធានីភ្នំពេញ។

ប្រតិភូដឹកចិននាំដោយលោកស្រី ហុង ហ្គាភីង រួមជាមួយក្រុមហ៊ុនធំៗល្បីល្បាញខាងឧស្សាហកម្មនៅខេត្តហួរណាន ទីក្រុងជូចូវ ប្រទសចិន ចំនួន៦ក្រុមហ៊ុន មានបំណងដាក់ទុនវិនិយោគបង្កើតជារោងចក្រនៅប្រទេសកម្ពុជា។

លោក នេត មុនីប៉ុណ្ណាកា បានឲ្យដឹងថា ប្រតិភូចិនមានបំណងមកវិនិយោគនៅស្រុកខ្មែរ លើការផលិតរថយន្តប្រើអាគុយ បើករោងចក្រផលិតរថភ្លើងល្បឿនលឿន រោងចក្រផលិតឧបករណ៍អគ្គិសនី រោងចក្រកាត់ដេរ និងច្នៃម៉ូត។

ប្រធានមន្ទីរឧស្សាហកម្ម សិប្បកម្ម រាជធានីភ្នំពេញ បានបន្តថា ទស្សនកិច្ចរបស់ប្រតិភូចិននេះជាជំហានទី១ ដែលចូលមកកម្ពុជាតាមរយៈ SME របស់ទីក្រុងជូចូវ ដែលជាសមាគមមួយដែលបានធ្វើទំនាក់ទំនងជាមួយ SME កម្ពុជា។ ក្នុងនោះ លោកស្រី ហុង ហ្គាភីង បានយកទីក្រុងភ្នំពេញធ្វើការវិនិយោគ ដោយផ្តោតទៅតំបន់ក្រវ៉ាត់ក្រុងទី៣ ដែលមានសក្តានុពលខាងដឹកជញ្ជូន និងបង្កើតរោងចក្រផងដែរ។

លោក នេត មុនីប៉ុណ្ណាកា បានថ្លែងអំណរគុណដល់ប្រតិភូចិន ដែលមានបំណងមកវិនិយោគនៅប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ។ លោកបានសន្យាថា នឹងបម្រើតាមអ្វីដែលប្រតិភូចិនត្រូវការ។

ជាមួយគ្នានេះ លោកស្រី ហុង ភីងហ្គា ថ្លែងថា នៅតាមបណ្តាខេត្តនៃប្រទេសកម្ពុជា មានសក្តានុពលខាងផលិតរថយន្តភ្លើងល្បឿនលឿន សំបូរធនធានរ៉ែ រោងចក្រផលិតកែវ ប៉សឺលែន រោងចក្រផលិតសម្លៀកបំពាក់ រោងចក្រចេញម៉ូតខោអាវជាដើម។

លោកស្រី ហុង ហ្គាភីង បានថ្លែងបន្តថា ក្រុមពាណិជ្ជករចិនមកនេះ ដោយបានស្រាវជ្រាវ និងយល់ឃើញថា ប្រទេសកម្ពុជាសំបូរធនធានពលកម្ម ដែលស្របតាមតម្រូវការរបស់ក្រុមហ៊ុន។ លោកស្រីប្រធានប្រតិភូ បានអះអាងថាដោយសម្លឹងឃើញអត្តចរិតប្រជាជនខ្មែរស្លូតបូត ធ្វើឲ្យលោកស្រីមានបំណងចង់ដាក់ទុនវិនិយោគតែម្តង៕