(ភ្នំពេញ)៖ លោក គង់ សូលីដា អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងទេសចរណ៍ បានបង្ហាញការចាប់អារម្មណ៍ថា ខណៈដែលកម្ពុជាកំពុងមានសុខសន្តិភាពដូចពេលបច្ចុប្បន្ន ប្រជាពលរដ្ឋ និងភ្ញៀវទេសចរតែងតែចេញដើរកម្សាន្តនៅតាមរមណីយដ្ឋាននានា ដែលប្រការនេះតម្រូវឱ្យមន្ត្រីទេសចរណ៍នៅទូទាំងប្រទេស ត្រូវយកចិត្តទុកដាក់ចំពោះភ្ញៀវទេសចរឱ្យបានដិតដល់។

លោកអគ្គនាយកលើកឡើងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងប្រសិទ្ធភាពការងារ ក្នុងនាមតំណាងលោករដ្ឋមន្ត្រី ថោង ខុន នៅគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះ លោកបានលើកឡើងពីសភាពការណ៍នយោបាយ និងសភាពការណ៍ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ប្រាប់ដល់សិក្ខាកាមផងដែរ។ លោកថា ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពនយោបាយ មានការអភិវឌ្ឍ ប្រជាជនមានជីវភាពកាន់តែធូរធា មានលទ្ធភាពចេញដើរកម្សាន្តនៅតាមទីរមណីយដ្ឋាននានា ពិសេសគឺនៅថ្ងៃសៅរ៍-អាទិត្យ ឬថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យទានជាដើម។

លោកបានដាស់តឿនឱ្យមន្ត្រីរាជការនៃក្រសួងទេសចរណ៍ ក៏ដូចជាប្រតិបត្តិករទេសចរណ៍ទូទាំងប្រទេស ពិសេសនៅតាមគោលដៅទេសចរណ៍នានា សូមយកចិត្តទុកដាក់ដល់ការបម្រើសេវាកម្ម ពង្រឹងគុណភាពសេវាជូនភ្ញៀវ ពង្រឹងបញ្ហាអនាម័យ និងត្រូវយកចិត្តទុកដាក់ចំពោះសុវត្ថិភាពភ្ញៀវទេសចរជាពិសេស។

លោកអគ្គនាយក គង់ សូលីដា បានបន្តថា ដើម្បីបង្កើនការគ្រប់គ្រង និងប្រសិទ្ធភាពការងារនៅតាមក្រសួង-ស្ថាប័ន តាមនាយកដ្ឋាន និងមន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវផ្តោតលើចំណុចសំខាន់ៗដូចជា៖
* ត្រូវមានរចនាសម្ព័ន្ធចាត់តាំងឲ្យបានត្រឹមត្រូវ។
* ត្រូវមានការតែងតាំងមន្រ្តីរាជការ ដែលមានលក្ខណសម្បត្តិសមស្រប ឱ្យកាន់មុខតំណែងគ្រប់គ្រង។
* ត្រូវមានការបែងចែកតួនាទី ភារកិច្ចជូនមន្ត្រីឲ្យបានច្បាស់លាស់។
* ត្រូវមានរបៀបរបបការងារ និងរបៀបរបបប្រជុំជីវភាពឲ្យបានទៀងទាត់។
* ត្រូវមានធនធានមនុស្សប្រកបដោយសមត្ថភាពសកម្ម និងមានឆន្ទៈ។
* ត្រូវមានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងលើកទឹកចិត្តដល់មន្ត្រីសកម្ម។

ជាមួយគ្នានោះ លោកបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារសំខាន់ៗដូចខាងក្រោម៖
* ត្រូវគោរពសិទ្ធិ និងកាតព្វកិច្ចមន្រ្តីរាជការ ដែលមានចែងក្នុងខ្លឹមសារនៃច្បាប់ស្ដីពីសហលក្ខន្តិកៈមន្រ្តីរាជការស៊ីវិលកម្ពុជា។
* ត្រូវពង្រឹងការគ្រប់គ្រងមន្ត្រីរាជការឲ្យបានហ្មត់ចត់ គោរពវិន័យឲ្យបានម៉ឺងម៉ាត់ និងច្បាស់លាស់ ស្របតាមបទប្បញ្ញត្តិជាធរមាន។
* បន្តការបណ្ដុះបណ្ដាល និងការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការការងារ និងការវិវត្តរបស់សង្គម។
* ត្រូវប្រើប្រាស់ចំណេះដឹង បទពិសោធន៍ និងសមត្ថភាពការងារដែលមានស្រាប់ឱ្យចំគោលដៅ និងអភិវឌ្ឍសមត្ថភាពការងារថ្មីៗបន្ថែមទៀត ដោយផ្អែកគោលការណ៍ «បុគ្គលិកម្នាក់ ជំនាញមួយ»។
* ត្រូវមានស្មារតីសាមគ្គីឯកភាពផ្ទៃក្នុង និងកិច្ចសហការល្អជាមួយថ្នាក់ដឹកនាំសហការី និងមន្ត្រីរាជការ។
* ក្នុងនាមជាមន្ត្រីរាជការត្រូវការពារឱ្យបាននូវផលប្រយោជន៍ប្រទេសជាតិ ផលប្រយោជន៍សាធារណៈ ផលប្រយោជន៍អង្គភាព និងផលប្រយោជន៍របស់មន្រ្តីរាជការ។
* ត្រូវប្រកាន់នូវគោលជំហរជាមន្ត្រីល្អ មន្ត្រីគំរូ ដើម្បីបម្រើអង្គភាព ប្រទេសជាតិ និងមាតុភូមិកម្ពុជា៕