(ភ្នំពេញ)៖ លោក ទី នរិន្ទ រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល បានបញ្ជាក់ថា នៅឆ្នាំ២០២០ ខាងមុខនេះ បញ្ហាកង្វះខាតថាមពលអគ្គិសនីនៅកម្ពុជា នឹងមិនចោទជាបញ្ហាទៀតទេ ដោយសារតែកម្ពុជា ចាប់ផ្តើមដំណើរការម៉ាស៊ីនប្រើថាមពលសូឡា និងទិញអគ្គិសនីពីប្រទេសថៃ និងប្រទេសឡាវ ដែលមានថាមពលអគ្គិសនី សរុប៥៤០មេហ្គាវ៉ាត់។
ការបញ្ជាក់បែបនេះរបស់មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល បានធ្វើឡើងក្នុងសន្និសីទព័ត៌មានស្តីពី បញ្ហាថាមពលអគ្គិសនីនៅកម្ពុជា ជាមួយអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅទីស្តីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។
លោកបានថ្លែងយ៉ាងដូច្នេះថា៖ «ក្នុងនាមក្រសួងរ៉ែ និងថាមពល ខ្ញុំបានសន្យានៅទីនេះហើយថា នៅឆ្នាំ២០២០ ហើយបន្តទៀត (បញ្ហាអគ្គិសនី) មិនកើតមានទេ ព្រោះយើងរៀនសូត្រពីបទពិសោធន៍នៅថ្ងៃនេះ គ្រោះរាំងស្ងួតជាបញ្ហាមួយ»។
បើតាមលោករដ្ឋលេខាធិការ, នៅចុងឆ្នាំ២០១៩នេះ នឹងមានម៉ាស៊ីនថ្មីៗដែលកម្ពុជាបានត្រៀម នឹងចាប់ផ្តើមដំណើរការ ជាមួយនឹងថាមពលអគ្គិសនី១៥០មេហ្គាវ៉ាត់ បញ្ចេញសូឡាថាមពលពន្លឺព្រះអាទិត្យ ៦០មេហ្គាវ៉ាត់ ទិញពីថៃ ២៥០ មេហ្គាវ៉ាត់ និងទិញពីឡាវជាង២០០មេហ្គាវ៉ាត់ផងដែរ។
សូមបញ្ជាក់ថា ក្នុងរដូវប្រាំងនៅឆ្នាំ២០១៩នេះ កម្ពុជានឹងជួបគ្រោះក្តីហួតហែងខ្លាំង ជាពិសេសក្នុងអំឡុងខែមេសា និងឧសភា ខាងមុខ ដែលកម្តៅនឹងហក់ឡើងដល់៤០ ទៅ៤២អង្សា ដោយសារតែការរងដោយប្រយោលនៃឥទ្ធិពល បាតុភូតអែលនីណូ (El Nino) ដែលធ្វើឱ្យវារីអគ្គិសនី មិនអាចផលិតថាមពលបានគ្រប់គ្រាន់។ កម្ពុជាកំពុងខ្វះថាមពលអគ្គិសនី ប្រមាណ៤០០មេហ្គាវ៉ាត់ ហើយកម្ពុជាក៏កំពុងចរចារទិញអគ្គិសនី ពីប្រទេសតួកគី ចំនួន២០០មេហ្គាវ៉ាត់ ផងដែរ។
ចំពោះកង្វះខាតអគ្គិសនីនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំពាវនាវឱ្យប្រជាពលរដ្ឋ មានភាពអត់ធ្មត់ និងយោគយល់អធ្យាស្រ័យ។ សម្តេចបានបញ្ជាក់ថា កង្វះថាមពលអគ្គិសនីនេះ មិនទាន់ប៉ះពាល់ដល់សង្វាក់ផលិតកម្មនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ព្រោះកម្ពុជានៅមានថាមពលអគ្គិសនី រហូតដល់ជាង ១,០០០ មេហ្គាវ៉ាត់ទៀតឯណោះ៕