(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអំពាវនាវដល់ ភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ ដែលឈរជើងនៅគោលដៅទាំងអស់ ពេលមានបទល្មើសណាមួយកើតឡើង ត្រូវចូលរួមការពារកន្លែងកើតហេតុឲ្យបានល្អ មុនពេលអាជ្ញាធរមូលដ្ឋាន ឬសមត្ថកិច្ចជំនាញចុះទៅដល់កន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក្នុងពិធីបិទវគ្គបំប៉នជំនាញភ្នាក់ងារសន្ដិសុខឯកជន លើកទី១៣ នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានលើកឡើងថា កន្លែងកើតហេតុសំខាន់ខ្លាំងណាស់ ហើយការការពារកន្លែងកើតហេតុបានល្អ នាំឲ្យមានភាពងាយស្រួលដល់សមត្ថកិច្ចជំនាញ ក្នុងការស្រាវជ្រាវ ឬប្រមូលវត្ថុតាងផ្សេងៗ ដើម្បីកំណត់មុខសញ្ញាប្រព្រឹត្តបទល្មើស និងឈានដល់ការបង្ក្រាបជនល្មើសទាំងអស់នោះ។
ប្រធាននាយកដ្ឋានគ្រប់គ្រងសន្ដិសុខឯកជន បានបញ្ជាក់ថា ភ្នាក់ងារសន្ដិសុខឯកជន ជាកម្លាំងជំនួយដល់កងកម្លាំងនគរបាលជាតិ និងជាអ្នកការពារ ថែរក្សាសន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅនឹងកន្លែងផ្ទាល់ជាមួយប្រជាពលរដ្ឋ ដូច្នេះបើភ្នាក់ងារសន្ដិសុខឯកជនមានវិជ្ជាជីវៈច្បាស់លាស់នោះ វានឹងធ្វើឲ្យប្រសើរឡើង នូវការចូលរួមថែរក្សាសន្ដិសុខបានយ៉ាងល្អប្រសើរ។
លោកប្រធាននាយកដ្ឋានរូបនេះ បានលើកទឹកចិត្តឲ្យភ្នាក់ងារសន្ដិសុខឯកជនទាំងអស់ សូមរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន នៅរាល់គ្រប់បទល្មើស ដែលកើតមានឡើងនៅតាមគោលដៅ ដែលខ្លួនកំពុងតែយាមកាម ហើយព័ត៌មានទាំងអស់នឹងត្រូវរក្សាការសម្ងាត់ជូន ព្រមទាំងផ្ដល់នូវរង្វាន់ លើកទឹកចិត្តផងដែរ។
យ៉ាងណាមិញ លោកឧត្តមសេនីយ៍ឯក លឹម សុខារស្មី ក៏បានពន្យល់ផងដែរថា ពាក្យថាកម្លាំងជំនួយ គឺត្រូវចាំថាខ្លួនមិនមែនជាសមត្ថកិច្ចទេ ដូច្នេះមិនត្រូវធ្វើអ្វីឲ្យលើសពីតួនាទីរបស់ខ្លួនឡើយ ហើយត្រួវសម្រួលសហការជាមួយសមត្ថកិច្ចគ្រប់ពេលវេលា ហើយលោកអះអាងថា ការរារាំងណាមួយ ឬការអនុវត្តតួនាទីលើសពីភារកិច្ចរបស់ខ្លួន អាចនាំឲ្យកើតមានជាបទល្មើសផ្សេងមួយទៀត។
បើតាមលោកប្រធាននាយកដ្ឋាន កត្ដាទាំងអស់នេះហើយ បានជាក្រសួងមហាផ្ទៃ ក៏ដូចជាអគ្គស្នងការដ្ឋាននគរបាលជាតិ តែងតែយកចិត្តទុកដាក់បំផុត លើវិស័យសន្ដិសុខឯកជនមួយនេះ ដែលជាវិស័យមួយមានការរីកចម្រើនយ៉ាងខ្លាំង ស្របតាមប្រទេសជាតិធ្វើឲ្យការអភិវឌ្ឍលើគ្រប់វិស័យ៕