(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារដើមគ និងតូបលក់ទំនិញមួយចំនួនក្នុងខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ចុះត្រួតពិនិត្យទំនិញ និងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួច បញ្ចេញមកលក់ចែកចាយលើទីផ្សារ។
លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះ មន្ត្រីជំនាញបានយកគំរូម្ហូបអាហារចំនួន៣២គំរូ មកពិសោធន៍នៅរថយន្តពិសោធន៍ចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា បន្លែគ្រប់មុខ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក។ល។ ដោយជាលទ្ធផលពុំមានសារធាតុគីមីហាមឃាត់ទេ។
ជាមួយគ្នានោះ លោកអនុប្រធានសាខា ក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹង អំពីសុវត្ថិភាពចំណីអាហារ និងអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុនទទួលលក់ ហើយបញ្ឈប់នៅការលាយបន្ថែមនូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
លោក គង់ វុទ្ធី បានបញ្ជាក់ថា សកម្មភាពទាំងនេះអនុវត្តន៍ទៅតាមការណែនាំរបស់ ប្រធានប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ៕