(ភ្នំពេញ)៖ លោក គី តិច ប្រធានក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀល ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំក្រុមមេធាវីជួប ពិភាក្សាការងារជាមួយ លោកស្រី អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ដើម្បីពិភាក្សារកដំណោះស្រាយ ជួយដល់ស្រ្តីដែលកំពុងជាប់ឃុំឃាំង នៅក្នុងពន្ធនាគារ។
លោកមេធាវី គី តិច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចពិភាក្សារកដំណើស្រាយនេះ គឺអនុវត្តតាមអនុសាសន៍សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលណែនាំឱ្យមេធាវី និងក្រសួងពាក់ព័ន្ធ ជួបគ្នារកវិធីដោះស្រាយបញ្ហា ស្រ្តីដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារ ជាពិសេសស្រ្តីជាអនីតិជន ស្រ្តីមានកូនតូច ស្រ្តីដែលកំពុងមានផ្ទៃពោះនៅពន្ធនាគារតែម្តង។
លោកមេធាវីបានឱ្យដឹងទៀតថា កិច្ចពិភាក្សានោះ ក៏បានគិតគូដើម្បីផ្តល់មេធាវីដល់ស្រ្តីក្រីក្រ ដែលឃុំខ្លួនលើសការកំណត់ហើយមិនមានមេធាវីការពារក្នុងសវនាការ។ មិនតែប៉ុណ្ណោះ ភាគីពាក់ព័ន្ធនឹងពិនិត្យជួយនារីដែលកំពុងជាប់ឃុំ ដើម្បីឱ្យមេធាវីធានាឱ្យនៅក្រៅឃុំ សម្រាប់បទល្មើសមជ្ឈឹមជាដើម។ ម្យ៉ាងទៀត ក្នុងជំនួបនេះ ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ក៏បានសុំកិច្ចសហការពីក្រសួងកិច្ចការនារី ដើម្បីណែនាំដល់មន្ទីរកិច្ចការនារីទាំងអស់គ្រប់ខេត្ត សហការជាមួយក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន តាមខេត្តតាមតំបន់ ហើយលោក គី តិច បានសំណូមពរដល់រដ្ឋមន្រ្តី ឱ្យបង្គាប់ដល់មន្ទីរតាមខេត្ត ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន ដែលនឹងជួយដល់នារីដែលពុំមានលទ្ធភាពរកមេធាវី ក្នុងពេលឡើងតុលាការផងដែរ។
នៅក្នុងជំនួបនោះ លោកស្រីរដ្ឋមន្រ្តី បានយល់ព្រមតាមសំណើរបស់ក្រុមមេធាវីសម្តេចតេជោ ហ៊ុន សែន ហើយសន្យាជំរុញដល់មន្ទីរកិច្ចការនារីទាំងអស់ ផ្សព្វផ្សាយឱ្យបានទូលំទូលាយ អំពីមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជួយដល់ស្រ្តីដែលមានការខ្វះខាត ដែលត្រូវបានរំលោភបំពាន តាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០១៩ របស់ «ក្រុមប្រឹក្សាជាតិកម្ពុជា ដើម្បីស្ត្រី» កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់អំពីបំណងរបស់សម្តេច ក្នុងការបង្កើត «ក្រុមមេធាវីការពារក្តី» ដែលស្ថិតក្រោមការគ្រប់គ្រងដោយផ្ទាល់របស់សម្តេច ដើម្បីជួយដល់ ជនរងគ្រោះជាស្ត្រីក្រីក្រ។ បន្ទាប់ពីប្រកាសនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានចាត់តាំង លោក គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាលកម្ពុជា ឱ្យចាត់ចែងរៀបចំបង្កើតក្រុមមេធាវីនេះ ដើម្បីការពារក្តីជូនស្រ្តីក្រីក្រទូទាំងប្រទេស៕