(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នៅរសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានអំពាវនាវដល់វិនិយោគិនបរទេស ជាពិសេសវិនិយោគិនអាមេរិក ជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបន្តបណ្តាក់ទុនថែមទៀត ដោយដកបទពិសោធន៍នៃភាពជោគជ័យរបស់ក្រុមហ៊ុន Cambodia Beverage Company ដែលគេស្គាល់ថាជាក្រុមហ៊ុនផលិតភេសជ្ជៈ Coca Cola ធ្វើជាគំរូ ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា។
ក្នុងឱកាសអញ្ជើញជាគណៈអធិបតីជាមួយលោក Michael Newbill ភារធារីស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា ក្នុងពិធីសម្ពោធប៉មចម្រោះទឹកស្អាត ក្នុងវិទ្យាល័យ ហ៊ុន សែន ព្រៃទទឹង នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម លោក ប៉ាន សូរស័ក្តិ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការវិនិយោគរបស់ក្រុមហ៊ុន Coca Cola ដែលបាននាំយកវិបុលភាពសម្រាប់ក្រុមហ៊ុន និងសង្គមកម្ពុជាទាំងមូល តួយ៉ាងបានបង្កើតការងារក្នុងស្រុកជាង ៩០០កន្លែង និងបានធ្វើសកម្មភាពមនុស្សធម៌យ៉ាងច្រើន ដូចជាគាំទ្រមូលនិធិពិភពទឹក «Water Planet Foundation» ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព និងអនាម័យទឹកស្អាតជាដើម។
លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តលើកស្ទួយបរិយាកាសវិនិយោគ និងកិច្ចសម្រួលពាណិជ្ជកម្ម តាមរយៈការកាត់បន្ថយសកម្មភាពការិយាធិបតេយ្យ ការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យា និងទូរគមនាគមន៍ ការបញ្ចុះតម្លៃអគ្គិសនី ការកសាងហេដ្ឋាចរនាសម្ព័ន្ធរូបវន្ត និងការដាក់បញ្ជូលភាពអនុគ្រោះ ជាមួយកត្តាអំណោយផលជាច្រើន ទៅក្នុងច្បាប់វិនិយោគ និងបញ្ញត្តិថ្មីៗ ដើម្បីលើកទឹកចិត្តការវិយោគ និងពង្រឹងឧត្តមភាពប្រកួតប្រជែងរបស់កម្ពុជា។
«កម្ពុជា ជាដែនដីសុខសន្តិភាព និងសុវត្ថិភាពជាងគេ នៅក្នុងតំបន់ ដែលចាកផុតពីភាពវឹកវរផ្នែកនយោបាយ និងគ្រោះមហន្តរាយធម្មជាតិ ពោលគឺគ្មានបន្ទុះភ្នំភ្លើង ខ្យល់ព្យុះ ទឹកជំនន់ និងគ្រោះរញ្ជួយដី។ ផ្ទុយទៅវិញ ប្រទេសដែលមានបញ្ហាប្រឈមផ្នែកនយោបាយ ឬគ្រោះធម្មជាតិ នឹងបង្កឱ្យវិនិយោគិន ខាតបង់ប្រាក់រាប់សិបលានដុល្លារ ដោយជៀសមិនផុត»។ លោក ប៉ាន សូរស័ក្តិ បានបន្ថែម។
នៅក្នុងឱកាសនោះ លោករដ្ឋមន្ត្រី បានសំណូមពរសិស្សានុសិស្ស បុគ្គលិកសិក្សា និងប្រជាពលរដ្ឋនៅក្នុងស្រុកព្រៃឈរទាំងអស់ ចូលរួមប្រើប្រាស់ និងទាញយកអត្ថប្រយោជន៍ពីប៉មចម្រោះទឹកស្អាត របស់ក្រុមហ៊ុន Coca Cola ឱ្យបានជាអតិបរមា ដើម្បីទ្រទ្រង់សុខភាព និងជីវិតរស់នៅប្រចាំថ្ងៃ និងជួយថែរក្សាប៉មទឹកស្អាតនេះ ដើម្បីប្រើប្រាស់ឱ្យបានយូរអង្វែង។
បើតាមសេចក្តីប្រកាសពីក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ប្រទេសកម្ពុជា នឹងបន្តទទួលរងឥទ្ធិពលបាតុភូតធម្មជាតិ ដែលបណ្តាលឱ្យសីតុណ្ហភាព កើនលើសបណ្តាឆ្នាំមុនៗ ហើយកម្រិតសីតុណ្ហភាពអតិបរមាមធ្យម ស្ថិតនៅក្នុងចន្លោះ ៣៦-៣៨អង្សា សម្រាប់រដូវប្រាំងឆ្នាំនេះ ហើយតំបន់មួយចំនួន នឹងមានធាតុអាកាសក្តៅខ្លាំង រហូតដល់ ៤០-៤២អង្សា។
ដូច្នេះការសម្ពោធ និងដាក់ឱ្យដំណើរការប៉មចម្រោះទឹកស្អាតថ្ងៃនេះ ពិតជាមានសារៈសំខាន់ ក្នុងការជួយសម្រួល និងដោះស្រាយបញ្ហាកង្វះទឹកស្អាត សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរ នៃខេត្តកំពង់ចាមទាំងមូល៕