(ភ្នំពេញ)៖ សមាជិកព្រឹទ្ធសភាអាមេរិកនៅក្នុងរដ្ឋវ៉ាស៉ីនតោន លោក ដុក អេរិសិន (Duog Ericksen) បានសម្តែងការស្ញប់ស្ញែងជាខ្លាំងចំពោះល្បឿននៃការអភិវឌ្ឍ និងភាពរីកចម្រើនរបស់កម្ពុជានាពេលបច្ចុប្បន្នជាមួយសុខសន្តិភាព និងស្ថេរភាពនយោបាយ។ ទន្ទឹមនឹងការកោតសរសើរពីការអភិវឌ្ឍរបស់កម្ពុជា សមាជិកព្រឹទ្ធសភាអាមេរិក ក៏បានបង្ហាញឆន្ទៈធ្វើឲ្យទំនាក់ទំនងកម្ពុជា-អាមេរិក កាន់តែល្អប្រសើរផងដែរ។

ការបញ្ជាក់របស់សមាជិកព្រឹទ្ធសភាអាមេរិក បានធ្វើឡើងនៅក្នុងជំនួបសម្តែងការគួរសម និងសំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាពនារសៀលថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩នេះ។

លោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន នៅក្រោយជំនួបនោះថា «ក្នុងជំនួបនេះ លោក អេរិកសិន បានគោរពជម្រាបសម្ដេចតេជោថា លោកបានមកព្រះរាជាណាចក្រកម្ពុជា នៅឆ្នាំ២០១៦ ក្នុងដំណើរទស្សនកិច្ចនេះ លោកបានសង្កេតឃើញថា ព្រះរាជាណាចក្រកម្ពុជា មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សជាមួយសុខសន្តិភាព ស្ថេរភាព។ លើសពីនោះទៅទៀត ប្រជាជនកម្ពុជា គឺមានទឹកមុខស្រស់ថ្លា និងមានជីវភាពល្អប្រសើរ»។ 

ក្នុងជំនួបនេះលោក ដុក អេរិសិន ក៏បានកើតសរសើរពីដំណើរការបោះឆ្នោតនៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅផងដែរ។ លោក ដុក អេរិសិន ក៏បានអញ្ជើញមកចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោតនៅកម្ពុជា។

នៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន, លោក ដុក អេរិសិន បានលើកឡើងថា ការបោះឆ្នោតរបស់កម្ពុជានៅពេលនោះ គឺមានសុខសន្តិភាព អហិង្សា និងជោគជ័យ ហើយការបោះឆ្នោតនោះឆ្លុះបញ្ចាំងនូវបំណងប៉ងប្រាថ្នារបស់ប្រជាជនកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត។

លោក ដុក អេរិសិន ក៏បានគូសបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានៅពេលនេះ គឺដើម្បីសំដែងនូវការអបអរសាទរជូនដល់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការសម្រេចបាននូវការអភិវឌ្ឍដ៏ឆាប់រហ័ស ក៏ដូចជាអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតកន្លងទៅ។

សមាជិកព្រឹទ្ធសភារូបនេះ ក៏បានលើកឡើងដែរថា ដំណើរទស្សនកិច្ចរបស់លោកមកកាន់កម្ពុជានាពេលនេះ ក៏មានគោលដៅជំរុញការពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកឲ្យកាន់តែប្រសើរឡើងផងដែរ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណលោក ដុក អេរិកសិន ហើយក៏បានសំដែងការស្វាគមន៍ចំពោះកិច្ចពិភាក្សា ដើម្បីពង្រឹងទំនាក់ទំនង រវាងកម្ពុជា-អាមេរិករ។ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ពីការបន្តកិច្ចសហប្រតិបត្តិការឡើងវិញ ក្នុងការស្វែងរកអដ្ឋិធាតុជនជាតិអាមេរិក ដែលបានបាត់ខ្លួនក្នុងសម័យសង្គ្រាមនៅកម្ពុជា។

ពាក់ព័ន្ធចំណុចនេះ លោក ដុក អេរិកសិន តាងនាមឲ្យក្រុមគ្រួសារជនជាតិអាមេរិក និងរដ្ឋាភិបាលអាមេរិក បានថ្លែងអំណរគុណសម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលរួមចំណែកជួយដល់កិច្ចការមនុស្សធម៌មួយនេះ៕