(ភ្នំពេញ)៖ រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញបើកការការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។
ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋម ន្រ្តី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃកម្ពុជា, សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា, ប្រធានគណបក្សប្រជាជនកម្ពុជា និងជាសមាជិកគណៈអធិបតីកិត្តិយសក្រុម ប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។
លោកថា ការការពារសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រនេះ គឺមានសារសំខាន់ និងអត្ថន័យធំធេងបំផុតសម្រាប់សមណនិស្សិត-និស្សិត ដែលបានខិតខំសិក្សារៀនសូត្រ ដោយចំណាយទាំងធនធាន និងពេលវេលាអស់រយៈពេល ៤ឆ្នាំ ដើម្បីក្រេបជញ្ជក់នូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ល្អៗពីការសិក្សារៀនសូត្រនូវមុខវិជ្ជា ឬជំនាញវិជ្ជាជីវៈពីលោកគ្រូ អ្នកគ្រូសាស្ត្រាចារ្យ នៃពុទ្ធិកសាកលវិទ្យាល័យ។ ថ្ងៃនេះ គឺជាថ្ងៃដែលសមណនិស្សិត-និស្សិតទាំងអស់ ត្រូវបញ្ចេញឲ្យអស់នូវចំណេះដឹង និងបទពិសោធន៍របស់ខ្លួនកន្លងមកទាំងពេលសិក្សារៀនសូត្រ នៅក្នុងសាកលវិទ្យាល័យ និងទាំងពេលសិក្សាស្រាវជ្រាវចងក្រងជាសារណាបញ្ចប់ការសិក្សា ធ្វើយ៉ាងណាការពារប្រធានបទសារណារបស់ខ្លួន ឲ្យបានល្អប្រសើរ ដើម្បីឲ្យគណៈកម្មការវាយតម្លៃ ក៏ដូចជាគណៈមេប្រយោគឲ្យពិន្ទុ ផ្តល់នូវពិន្ទុល្អចំពោះសារណារបស់ខ្លួន។
តាមរយៈរបាយការណ៍ស្វាគមន៍របស់ លោក ងួន ស្តេចភក្តី សាកលវិទ្យាធិការរង នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជានៅមុននេះបន្តិច បានលើកឡើងអំពីការរីកចម្រើនឥតឈប់ឈរ របស់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហ-មុនីរាជា ចាប់តាំងពីឆ្នាំ២០០៥ រហូតមកទល់នឹងបច្ចុប្បន្ននេះ ដែលក្នុងនោះមានសមណនិស្សិត-និស្សិត ដែលបានបញ្ចប់ការសិក្សាជាស្ថាពរចំនួន ៣២១៥អង្គ/នាក់ សមណនិស្សិត-និស្សិតកំពុងសិក្សាចំនួន ១៩១៥អង្គ/នាក់ និងសមណនិស្សិត-និស្សិត ដែលត្រៀមប្រឡងចូលសិក្សាថ្នាក់ឆ្នាំមូលដ្ឋានចំនួន ៦៧០អង្គ/នាក់។ នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់លើផ្នែកពុទ្ធិកសិក្សារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ថ្វាយចំពោះសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានគ្រប់គ្រង ដឹកនាំពុទ្ធិកសាកលវិទ្យាល័យ បានយ៉ាងល្អប្រសើរ តាំងពីពេលបង្កើតសាកលវិទ្យាល័យដំបូង រហូតដល់ពេលបច្ចុប្បន្ននេះ និងសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃពុទ្ធិកសាកលវិទ្យាល័យទាំងអស់ ដែលបានខិតខំបំពេញភារកិច្ច របស់ខ្លួនបានយ៉ាងល្អប្រសើរ ក៏ដូចជាការៀបចំបានយ៉ាងល្អ ក្នុងពិធីបើកការការពារសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនាពេលនេះ។
មុននឹងបញ្ចប់ លោកទេសរដ្ឋមន្រ្តី សូមជូនពរដល់សមណនិស្សិត-និស្សិត ដែលនឹងត្រូវធ្វើការការពារនូវអត្ថបទសារណារបស់ខ្លួនចំនួន១៤៩អង្គ/នាក់ នាថ្ងៃនេះ ដែលមាន ៣ ឯកទេស គឺឯកទេសអក្សរសាស្រ្តអង់គ្លេស នីតិសាស្ត្រ និងគ្រប់គ្រងទូទៅ សូមទទួលបានជោគជ័យក្នុងការការពារសារណារបស់ខ្លួន និងទទួលបានពិន្ទុល្អគួរជាទីគាប់ចិត្តគ្រប់ៗគ្នា។ ជាថ្មីម្តងទៀត លោកសូមឆ្លៀតក្នុងឱកាសដ៏ថ្លៃថ្លានេះម្តងទៀត សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដោយស្មោះចំពោះគណៈគ្រប់គ្រង ឧទេ្ទសាចារ្យ សាស្រ្តាចារ្យ និងបុគ្គលិកសិក្សាទាំងអស់ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ជាពិសេសចំពោះសម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ គណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាសម្តេចព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដែលបានខិតខំ ប្រឹងប្រែងក្នុងការលើកកម្ពស់វិស័យអប់រំទាំងផ្លូវពុទ្ធចក្រ និងអាណាចក្រ ព្រមទាំងបានរួមចំណែក និងផ្តល់វិភាគទានយ៉ាងច្រើន ក្នុងការបំពេញភារកិច្ចបម្រើព្រះពុទ្ធសាសនា ជាពិសេសវិស័យពុទ្ធិកសិក្សារបស់យើង ឲ្យមានការរីកចម្រើនគួរជាទីមោទនៈដូចពេលនេះ៕