(ត្បូងឃ្មុំ)៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានជំរុញឱ្យអភិបាលស្រុកតំបែរ សហការជាមួយមន្ទីរជំនាញត្រូវក្តាប់ឱ្យបាន នូវរាល់បញ្ហានានា ក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីត្រួតពិនិត្យពិភាក្សា និងជួយសម្រួលក្នុងការដោះស្រាយភ្លាមៗ ពិសេសបញ្ហាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ស្របតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញអោយមានប្រសិទ្ធភាព។
ការជំរុញបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសលោកបានចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រុមប្រឹក្សាឃុំមេភូមិ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ចំណុះឱ្យរដ្ឋបាលស្រុកតំបែរ ដើម្បីស្តាប់បញ្ហាប្រឈម សំណូមពរ និងដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។
ក្នុងឱកាសនោះ អាជ្ញាធរឃុំមួយចំនួនក្នុងស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានលើកឡើងនូវបញ្ហាប្រឈម សំណូមពរមួយចំនួន ដល់អាជ្ញាធរខេត្តពិនិត្យ លទ្ធភាពជួយ ពិសេសការតបណ្តាញអគ្គិសនី ក្នុងមូលដ្ឋានរបស់ពួកគាត់ និងប្រជាពលរដ្ឋក្រីក្រ មិនមានដី និងទីជំរកស្នាក់នៅ។
ជាការឆ្លើយតប ចំពោះបញ្ហាការតបណ្តាញអគ្គិសនី លោក អភិបាលខេត្តបានចាត់ឱ្យមន្ទីរជំនាញសិក្សាលើបញ្ហានេះ នឹងដោះស្រាយជូន។
លោកបានបញ្ជាក់ថា ចំពោះការតបណ្តាញអគ្គិសនី លោកនឹងពិភាក្សាជាមួយមន្ទីរជំនាញ រួមជាមួយអាជ្ញាធរអគ្គីសនីកម្ពុជា ពិនិត្យលទ្ធភាព ក្នុងការតបណ្តាញចូល ដោយឡែកការខ្វះខាតអគ្គិសនីប្រើប្រាស់វិញ លោកក៏សុំការអធ្យាស្រ័យផងដែរ ព្រោះថាមិនមែនតែក្នុងខេត្តត្បូងឃ្មុំនោះទេ ដែលខ្វះខាត ពោលគឺស្ទើរទូទាំងប្រទេស ក៏ដូចជាប្រទេសជិតខាងយើង។
លោកបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវផងដែរ ដល់អ្នកប្រើប្រាស់អគ្គិសនីទូទាំងប្រទេស ឱ្យរួមគ្នាកាត់បន្ថយ និងសន្សំសំចៃ ការប្រើប្រាស់អគ្គិសនី ព្រោះថាដោយសារកត្តាកំដៅឡើងខ្លាំង ធ្វើឱ្យលទ្ធភាពក្នុងការផលិតអគ្គិសនីប្រើប្រាស់មានការខ្វះខាតដែលទាមទារ ឱ្យមានការអធ្យាស្រ័យពីអ្នកប្រើប្រាស់ រហូតដល់ខាវស្សាចូលមកដល់ ទើបមានអគ្គិសនីប្រើប្រាស់គ្រប់គ្រាន់ឡើងវិញ។
ចំពោះបញ្ហាប្រជាពលរដ្ឋស្នើរសុំដី លោកក៏បានបញ្ជាក់ថា ឱ្យតែបងប្អូនពិតជាទីទាល់ក្រ គ្មានដីគ្មានទីជំរកពិតប្រាកដ លោកនឹងស្នើរសុំដី នៅតំបន់ដីសម្បទានសង្គមកិច្ច ដែលមាននៅខេត្តក្រចេះ ចែកជូនដល់បងប្អូនដែលពិតជាទីទាល់ក្រ និងត្រូវការពិតប្រាកដ ។
លោក ជាម ច័ន្ទសោភ័ណ ក៏បានស្នើរ លោកមេភូមិមេឃុំ ត្រូវក្តាប់ឱ្យជាប់នូវរាល់បញ្ហា និងសំណូមពរជាពិសេសពលរដ្ឋណាដែលមានជីវភាព ខ្វះខាត ទីទាល់ក្រពិតប្រាកដ ហើយរាយការណ៍មកថ្នាក់ស្រុក និងបន្តមកថ្នាក់ខេត្ត ដើម្បីដោះស្រាយជូនភ្លាមៗ។ ចំណុចដែលសំខាន់បំផុតនោះ គឺត្រូវរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីបន្តការអភិវឌ្ឍន៍ប្រទេសជាតិយើងឱ្យកាន់តែមានភាពរីកចម្រើនលើគ្រប់វិស័យថែមទៀត ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំដ៏ឆ្នើមរបស់កម្ពុជា។
បើតាមលោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានឱ្យដឹងថា អាជ្ញាធរបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការលើកស្ទួយជីវភាពរបស់នៅរបស់ ប្រជាពលរដ្ឋ ក្នុងនោះបានកសាងហេដ្ឋារចនា សម្ព័ន្ធមានដូចជា ផ្លូវថ្នល់ តបណ្តាញអគ្គិសនី សាលារៀន មណ្ឌលសុខភាព ស្រះទឹក ប្រព័ន្ធប្រឡាយជាដើមតែយ៉ាងណានៅមិនទាន់បំពេញគ្រប់តម្រូវការរបស់ប្រជាពលរដ្ឋ បានមួយរយភាគរយនោះទេដោយយើងត្រូវបន្ត ធ្វើជាជំហានៗ។
បន្ទាប់មកលោក ជាម ច័ន្ទសោភ័ណ បានបន្តទៅសំណេះសំណាល ជាមួយសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូ នៅវិទ្យាល័យហ៊ុនសែន តំបែរ ដោយធ្វើការលើកទឹកចិត្តសិស្សានុសិស្ស ដែលប្រលងជាប់និទ្ទេស A ទាំងអស់ ដោយសន្យាផ្តល់ជូននូវកុំព្យូទ័រយួរដៃ ម្នាក់១គ្រឿង ព្រមទាំងជំរុញឱ្យពួកគាត់ខិតខំប្រឹងប្រែងសិក្សាដើម្បីអនាគតខ្លួនផង ដើម្បីកិត្តិយសក្រុមគ្រួសារ ពិសេសជាទំពាំងដ៏មានគុណភាព ដើម្បីស្នងឬស្សី សាកសមជាសសរទ្រូងប្រទេសជាតិ៕