(ព្រះសីហនុ)៖ សមត្ថកិច្ចនគរបាលចរាចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានក្រើនរំលឹកជាថ្មីទៀត ដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវ បង្កើនការគោរពច្បាប់ចរាចរណ៍ផ្លូវគោកឲ្យបានជាប្រចាំ ដោយមិនត្រូវបើកបរក្នុងល្បឿនលឿនហួសច្បាប់បានកំណត់ និងមិនត្រូវបើកវ៉ាប្រជែងគ្នា ខ្វះការប្រុងប្រយ័ត្ននោះទេ។
ស្នងការរងនគរបាលទទួលផែនចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក អ៊ី សុខា ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយយានយន្តគ្រប់ប្រភេទ តាមផ្លូវជាតិលេខ៤ និងទីប្រជុំជន ក្នុងក្រុងព្រះសីហនុ បានបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ បណ្តាលឲ្យមនុស្សរងរបួស និងស្លាប់។
លោកបន្តថា អត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងនាមូលដ្ឋានខេត្តព្រះសីហនុ ជាពិសេសតាមផ្លូវជាតិលេខ៤ នៅតែមានសញ្ញាគួរឲ្យព្រួយបារម្ភព្រោះគ្រោះថ្នាក់នេះបានកើតមាន ជាបន្តបន្ទាប់។ ហើយថា ករណីនេះកម្លាំងនគរបាលចរាចរណ៍ របស់លោក ក៏បានបន្តចុះដាក់ប៉ុស្តិ៍ត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនេះជាប្រចាំថ្ងៃដែរ។
លោក អ៊ី សុខា ទទួលស្គាល់ថា មានអ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរមួយចំនួនមិនទាន់ចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានជាប្រចាំទេ ដោយបើកបរក្នុងល្បឿនលឿនហួសច្បាប់កំណត់។ បើកវ៉ាជែងគ្នា ក្នុងស្ថានផ្លូវគ្រោះថ្នាក់ និងបើកបរក្នុងស្ថានភាពស្រវឹងជាដើម។ ហើយថា រាល់ថ្ងៃនេះ គ្រោះថ្នាក់ចរាចរណ៍ភាគច្រើន បានបង្កឡើងដោយសារកត្តាមនុស្សច្រើនជាងកត្តាយានយន្ត។
យ៉ាងនេះក្តីលោក អ៊ី សុខា មិនបានបញ្ជាក់តួលេខ នៃអត្រាគ្រោះថ្នាក់ចរាចរណ៍នៅត្រីមាសទី១ ដើមឆ្នាំ២០១៩ គិតត្រឹមថ្ងៃទី២២ ខែមីនា មានគ្រោះថ្នាក់ចរាចរណ៍កើតឡើង មានចំនួនប៉ុន្មានករណីនៅឡើយទេ ដោយគ្រាន់តែបញ្ជាក់ខ្លីថា គ្រោះថ្នាក់ចរាចរណ៍នាខេត្តព្រះសីហនុ បានបន្តកើតមានស្ទើរជារៀងរាល់ថ្ងៃ។
ផ្តើមពីបញ្ហានេះលោក អ៊ី សុខា កាលពីព្រឹកមិញ បានដឹកនាំសហការី ចុះទៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ដើម្បីបន្តការងារអប់រំផ្សព្វផ្សាយស្តីពី ច្បាប់ចរាចរណ៍ផ្លូវគោក និងចូលរួមក្នុងកម្មពិធីចែក បណ្ណបើកបរយានយន្ត និងធ្វើការណែនាំដល់បើកបររថយន្តដឹកកម្មករសរុបមានចំនួន ១៥០នាក់ឲ្យបង្កើនការប្រុងប្រយ័ត្នពីផលប៉ះពាល់ ដែលបង្កដោយគ្រោះថ្នាក់ចរាចរណ៍។
នាឱកាសនោះដែរលោក អ៊ី សុខា និងសហការី ក៏បានចែកបណ្ណបើកបរយានយន្តជូនដល់អ្នកបើកបររថយន្តដឹកកម្មករ ចេញចូលតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ខេត្តព្រះសីហនុ ចំនួន ៦៧បណ្ណ (ប្រភេទ ខ ៣៣បណ្ណ និងប្រភេទឃ២ ៣៤បណ្ណ)។
ចំពោះគ្រោះថ្នាក់ចរាចរណ៍នេះ លោក អ៊ី សុខា បានឲ្យដឹងថា កាលពីថ្ងៃទី២០ ខែមីនា មានករណីរថយន្តធុនធំមួយគ្រឿង ដឹកឥដ្ឋ ចុះផ្លូវចំណោតលោកយាយម៉ៅ នៅម្តុំមុខរ៉ារទេះភ្លើង ជិតកំពង់ផែក្រុង ព្រះសីហនុ ក៏បានបុករះជាមួយរថយន្ត Lexus ចំនួន២គ្រឿង រួចបន្តបុករះចូលផ្ទះប្រជាពលរដ្ឋរស់នៅជិតខាងនោះបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិ និងរងរបួសមនុស្សមួយចំនួន។
ចំណែកថ្ងៃទី២១ ខែមីនា ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ១ករណីទៀត នៅតាមផ្លូវជាតិលេខ៤ ស្ថិតក្នុងស្រុកព្រៃនប់ បណ្តាលឲ្យខូចខាតរថយន្ត និងរបួសមនុស្សមួយចំនួន។
ផ្តើមពីបញ្ហានេះ លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ បានរំលឹកដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក ឲ្យបានទាំងអស់គ្នា និងជាប្រចាំ ទោះបីចម្ងាយផ្លូវជិតឬឆ្ងាយបែបណាក្តី៕