(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង-ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងប្រជាពលរដ្ឋទាំងអស់ នឹងបន្តចូលរួមចំណែកគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ជំងឺរបេង ក្នុងបុព្វហេតុ មិនត្រឹមតែរួមចំណែកលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងកិត្យានុភាពរបស់កម្ពុជាទៀតផង។

បើតាមសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន អបអរសាទរជាមួយប្រជាជាតិទាំងអស់ក្នុងពិភពលោក ក្នុង ឱកាសនៃការប្រារព្ធទិវាពិភពលោក កំចាត់រោគរបេង ដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ក្រោមប្រធានបទ «ដល់ពេលដែលត្រូវរួមគ្នាបញ្ចប់ជំងឺរបេង» ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។

សារលិខិតដដែល បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រប់ក្រសួង-ស្ថាប័ន ភាគីពាក់ព័ន្ធ វិស័យឯកជន អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ និងបងប្អូនប្រជាពលរដ្ឋទាំងអស់នឹងបន្តចូលរួមចំណែក និងគាំទ្រដល់ការលើកកម្ពស់ការងារលុបបំបាត់ជំងឺរបេង ក្នុងបុព្វហេតុមិនត្រឹម តែរួមចំណែកលើកកម្ពស់សុខុមាលភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់សេចក្តីថ្លៃថ្នូរ ឧត្តមភាព និងកិត្យានុភាព របស់កម្ពុជាទៀតផង»

ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញពីភាពជឿជាក់ថា កម្ពុជានឹងបន្តដំណើរឆ្ពោះទៅមុខលើមូលដ្ឋានមួយកាន់តែរឹងមាំ ទូលំទូលាយ និងកាន់តែមានភាពម្ចាស់ការ និងសូមឧទ្ទិសឱ្យខ្លឹមសារ និងអត្ថន័យនៃទិវាពិភពលោកកំចាត់រោគរបេង ២៤មីនា ២០១៩ ក្រោមប្រធានបទ «ដល់ពេលដែលត្រូវរួមគ្នាបញ្ចប់ជំងឺរបេង» ក្លាយទៅជាការអនុវត្តជាក់ស្តែង ដើម្បីឱ្យព្រះរាជាណាចក្រកម្ពុជាយើង អាចធ្វើដំណើរឆ្ពោះទៅកាន់អនាគតដ៏ភ្លឺស្វាង ត្រចះត្រចង់ និងជាទឹកដីមួយដែលគ្មានជំងឺរបេង។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចបានថ្លែងអំណរគុណដល់ភាគីពាក់ព័ន្ធទាំងអស់ទាំងក្នុង និងក្រៅប្រទេសរួមទាំងមន្ត្រីបុគ្គលិកសុខាភិបាល នៅទូទាំងប្រទេស និងប្រជាជនគ្រប់រូបដែលបានចូលរួមចំណែកធ្វើឱ្យសម្រេចជោគជ័យនូវសមិទ្ធផលការងារកំចាត់រោគរបេង ក្នុងពេលកន្លងមក និងសូមសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងជាថ្មីម្តងទៀត ដល់សកម្មភាពប្រយុទ្ធនឹងជំងឺរបេង ក្នុងប្រទេសកម្ពុជា ក៏ដូច
ជានៅទូទាំងសកលលោក៕