(ភ្នំពេញ)៖ ក្រុមហ៊ុនរថយន្តល្បីៗជាច្រើននៅកម្ពុជា បានដាក់តាំងបង្ហាញរថយន្តស៊េរីចុងក្រោយបង្អស់របស់ខ្លួន ប្រចាំឆ្នាំ២០១៩នេះ ដែលមានរយៈពេល៣ថ្ងៃ ស្ថិតនៅផ្សារទំនើបអ៊ីអន១ ចាប់ពីថ្ងៃទី២២-២៤ ខែមីនានេះ ជាមួយរថយន្តស៊េរីទំនើបៗ និងម៉ាកល្បីៗ ដែលអតិថិជននឹងមានឱកាសទទួលបានកាដូពិសេសជាច្រើន សម្រាប់ការជាវរថយន្ត នៅក្នុងកម្មវិធីតាំងពិព័រណ៍នេះ។
សម្រាប់ការដាក់តាំងពិព័រណ៍រថយន្តប្រចាំឆ្នាំ២០១៩នេះដែរ បានរៀបចំឡើងដោយក្រុមហ៊ុន Direct Marketing Specialist Co., Ltd. (DMS) ដោយការចូលរួមក្រោមអធិបតីភាពលោក ពៅ ម៉ាលី រដ្ឋលេខាធិកា នៃក្រសួងសាធារណការ និងដឹកជញ្ជូន និងមានការចូលរួមសហការជាមួយក្រុមហ៊ុនរថយន្តជាច្រើនទៀត ដើម្បីបង្ហាញក៏ដូចជាការចែករំលែកនូវអ្វីដែលថ្មីៗ ជូនដល់អតិថិជន។
ព្រឹត្តិការណ៍ពិព័រណ៍រថយន្ត ដ៏ធំសម្បើមអស្ចារ្យមួយ ដែលក្រុមហ៊ុនទាំងអស់ បានត្រៀមខ្លួនរួចជាស្រេច ក្នុងការរង់ចាំទទួលអតិថិជន ដើម្បីស្វាគមន៍ និងផ្តល់ព័ត៌មានលម្អិតផ្សេងៗទាក់ទង និងម៉ូដែលរថយន្តរបស់ក្រុមហ៊ុននីមួយៗ ដូចេ្នះហើយលោកអ្នកកាន់តែមានភាពងាយស្រួល ប្រសិនជាលោកអ្នកមានចំណាប់អារម្មណ៍ និងគម្រោងក្នុងការទិញរថយន្តម៉ាកណាមួយយកទៅប្រើប្រាស់។
សម្រាប់ការតាំងពិព័រណ៍រថយន្ត ដ៏ធំអស្ចារ្យប្រចាំឆ្នាំ២០១៩នេះ មានការចូលរួមពីសំណាក់រថយន្តដែលមានម៉ាកល្បីៗ ក្នុងនោះរួមមានដូចជា៖ Porsche, Audi, Nissan, MG, Foton និង E-Green ជាដើម ដែលសុទ្ធតែជាម៉ាករថយន្តកំពុងមានឈ្មោះល្បី និងទទួលស្គាល់ពីគុណភាព នៅក្នុងទីផ្សារប្រទេសកម្ពុជាផងដែរ។
លោក ពៅ ម៉ាលី រដ្ឋលេខាធិកានៃក្រសួងសាធារណការ និងដឹកជញ្ជូន បានសាទរសម្រាប់កម្មវិធីពិព័រណ៍រថយន្តឆ្នាំ២០១៩នេះ ព្រោះថាទាំងអស់នេះ ជារឿងមួយដែលល្អសម្រាប់ប្រជាពលរដ្ឋ បានសាកសួរព័ត៌មានអំពីរថយន្តរបស់ក្រុមហ៊ុននីមួយៗ ដែលពួកគាត់ពេញចិត្ត និងចាប់អារម្មណ៍ចង់ទិញ គឺពិតជាល្អមែនទែន។
លោកបន្តថា ការជ្រើសរើសរថយន្តថ្មី គឺប្រសើរជាងជ្រើសទិញរថយន្តមួយទឹកមកប្រើប្រាស់ ព្រោះការទិញរថយន្តមួយទឹក វាពិតជាមិនអាចដឹងទេថា រថយន្តនោះខូចខាតអ្វី, មានបញ្ហាអ្វី, សុវត្ថិភាពយ៉ាងណានោះទេ។ លោកក៏បានលើកទឹកចិត្តឲ្យជ្រើសយករថយន្តថ្មីៗ យកទៅប្រើប្រាស់ប្រសើរជាងរថយន្តជជុះ ឬរថយន្តមួយទឹក ដែលរថយន្តទាំងអស់នោះ អាចមានបញ្ហាណាមួយកើតមានឡើង ដែលអាចធ្វើឲ្យប៉ះពាលដល់សុខសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផងដែរ។
សូមបញ្ជាក់ផងដែរថា ចំពោះការដាក់តាំងពិព័រណ៍រថយន្តប្រចាំឆ្នាំ២០១៩នេះ ជាព្រឹត្តិការណ៍ប្រចាំឆ្នាំលើកទី២ហើយ ដែលកាលពីឆ្នាំ២០១៨ ក្រុមហ៊ុន Direct Marketing Specialist Co., Ltd. (DMS) ក៏បានរៀបចំនៅផ្សារទំនើបអ៊ីអនទី១នេះដែរ ដោយទទួលបានលទ្ធផលជាទីគាប់ចិត្តទាំងការលក់ និងការចូលរួមពីសាធារណជន។ ចំពោះឆ្នាំនេះវិញ មានម៉ាករថយន្តប្រណីតៗ ចូលរួមកាន់តែច្រើន ហើយសកម្មភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនដូចជា ការបើកបររថយន្តតាម VR ដែលអនុញ្ញាតឲ្យអ្នកបើកបរ អាចមើលឃើញរថយន្តក្នុងក្តីស្រមៃ ដូចនៅជិតពិតៗ រួមទាំងសកម្មភាពផ្សេងៗជាច្រើនទៀត៕