(ភ្នំពេញ)៖ នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យ លូ លីឃាង បានថ្លែងថា ដើម្បីផ្ដល់ភាពងាយស្រួល ជូនដល់ប្រជាពលរដ្ឋយើង សម្រាប់អ្នកជំងឺ គ-ថ្លង់ ពីកំណើត ដែលទទួលបានការវះកាត់ហើយ អាចមករៀននិយាយបានដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យព្រះអង្គឌួង។

ការថ្លែងដូច្នេះរបស់នាយកមន្ទីរពេទ្យ ក្នុងឱកាសអញ្ជើញបើកសម្ពោធមជ្ឈមណ្ឌលព្រះអង្គឌួង Severance និង KT នៃក្តីសង្ឃឹម នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។

លោកសាស្ត្រាចារ្យ លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា «ក្រោមការសហការគ្នា រវាងមន្ទីរពេទ្យព្រះអង្គឌួង និងក្រុមគ្រូពេទ្យជំនាញពីប្រទេសកូរ៉េ បានធ្វើការវះកាត់ អ្នកជំងឺគ-ថ្លង់ ប្រើប្រាស់ជាមួយម៉ាស៊ីនទំនើប របស់ប្រទេសអូទ្រីស ទទួលបានជោគជ័យ១០០% កាលពីឆ្នាំ២០១៨កន្លងទៅនេះ ហើយបច្ចុប្បន្ននេះ មន្ទីរពេទ្យព្រះអង្គឌួង បានវះកាច់អ្នកជំងឺ គ-ថ្លង់ពីកំណើត បានចំនួន១០នាក់ហើយ ដោយកុមារទំាងនេះ អាចស្ដាប់ និងនិយាយបានច្រើនហើយ»

ជាងនេះទៅលោកសាស្ដ្រាចារ្យ បានបន្ដថា ការបង្រៀនឱ្យអ្នកជំងឺ គ-ថ្លង់ ឱ្យចេះនិយាយបានដូចមនុស្សទូទៅបានហើយ នឹងជួយឱ្យពួកគាត់ទទួលបាននូវជីវិតថ្មីម្ដងទៀតវិញចឹង ដែលអាចចូលរួមសកម្មភាពនានា បានយ៉ាងពេញលេញនៅក្នុងសង្គម។

លោកសាស្ត្រាចារ្យបានឲ្យដឹងទៀតថា «កុមារដែលមានជំងឺគថ្លង់ពីកំណើត អាចបង្រៀនឆាប់ចេះនិយាយជាងមនុស្សចាស់ ដោយសារតែកុមារងាយស្រួលហាត់ពុតសម្លេង ផ្ទុយពីមនុស្សចាស់ ដែលមានជំងឺគ-ថ្លង់ ត្រូវការពេលវេលាយូរក្នុងការហាត់ពុតអណ្តាត។ ជាងនេះទៅទៀតជួយឲ្យកុមារអាចមានលទ្ធភាពស្តាប់ ឮនិយាយបាន និងអាចប្រាស្រ័យទាក់ទងជាមួយមនុស្សទូទៅបានដូចមនុស្សធម្មតា ជាពិសេសកុមារអាចចូលរៀនបានផងដែរ ខណៈដែលមុនវះកាត់ ពួកគេធ្វើទំនាក់ទំនងគ្នាបាន ត្រឹមតែតាមរយៈភាសាកាយវិការតែប៉ុណ្ណោះ»

ទន្ទឹមនឹងនោះ គ្រូបង្រៀននៅមជ្ឈមណ្ឌលព្រះអង្គឌួង នៃក្តីសង្ឃឹម លោកស្រី ណូក ឆឹស បានថ្លែងថា ការបង្រៀនឱ្យចេះនិយាយនេះ បន្ទាប់ពីស្ដាប់បាននេះ មានរយៈពេល៦ខែសម្រាប់កុមារ ដែលមានភាពវ័យឆ្លាតអាចឆាប់ចាប់បាន និងរយៈពេល១ឆ្នាំសម្រាប់កុមារដែលមិនសូវចេះនិយាយ។លើសពីនោះ សូមអាណាព្យាបាល ក៏ត្រូវជួយបង្ហាត់ឱ្យកូនៗរបស់ខ្លួន ឱ្យហាត់រៀននិយាយនៅផ្ទះ នូវពាក្យអ្វីមួយដែលគ្រូបានដាក់ពីសាលា ដើម្បីឱ្យអណ្តាតរបស់កុមារ ក្រលាស់បានលឿន និងឆាប់ចេះនិយាយ និងនិយាយបានច្បាស់។

ក្នុងឱកាសនោះដែរ លោកស្រី សេន ស្រីមាន ដែលរស់នៅខេត្ដបន្ទាយមានជ័យ ដែលបានយកកូនរបស់ខ្លួន មកទទួលការវះកាត់កាលពីចុងឆ្នាំ២០១៨កន្លងទៅ បានថ្លែងក្នុងឱកាសបើកសម្ពោធមជ្ឈមណ្ឌលនេះថា «បន្ទាប់ពីកូនរបស់ខ្ញុំ ធ្វើការវះកាត់នៅមន្ទីរពេទ្យព្រះអង្គឌួងកន្លងទៅនេះ ឥលូវគាត់ស្ដាប់ និងនិយាយបានច្រើនណាស់ ក្នុងនាមខ្ញុំជាម្ដាយពិតជាសប្បាយចិត្ដណាស់ ដូចជីវិតកូនខ្ញុំ បានកើតជាថ្មីចឹង អាចចូលរួមជាមួយនឹងមនុស្សទូទៅបាន ដោយការនិយាយ និងទៅសាលារៀនជាដើម»

លោកស្រីក៏បានថ្លែងអំណរគុណយ៉ាងខ្លាំង ដល់លោកគ្រូ អ្នកគ្រូពេទ្យនៃមន្ទីរពេទ្យព្រះអង្គឌួង និងដៃគូសហការខាងប្រទេសកូរ៉េ ដែលបានព្យាបាលកូនប្រុសគាត់ អាចស្ដាប់ និងនិយាយដូចក្មេងដទៃទូទៅបាន ។លោកស្រី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានសាច់ញាតិមានជំងឺគ-ថ្លង់ កុំអស់សង្ឃឹមអី ពេលនេះអាចបញ្ជូនកូនចៅរបស់អ្នក មកកាន់មន្ទីរពេទ្យព្រះអង្គឌួង ដើម្បីទទួលការព្យាបាលដ៏មានប្រសិទ្ធភាពខ្ពស់ដូចជាកូនរបស់គាត់អញ្ចឹងដែរ៕