(តាកែវ)៖ គិតចាប់ពីឆ្នាំ២០១៦មក ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្តល់របបគោលនយោបាយ ជូនជនពិការក្រីក្រចំនួន ១១,៦២៨នាក់ ក្នុងនោះមានខេត្តត្បូងឃ្មុំចំនួន ២,០០៩នាក់, ខេត្តព្រៃវែងចំនួន១,៦៣៥នាក់, ខេត្តស្វាយរៀងចំនួន ១,៦៩៨នាក់, ខេត្តប៉ៃលិនចំនួន១,៣១២នាក់, ខេត្តកំពង់ចាម ចំនួន៦៣៤នាក់, ខេត្តកណ្តាលចំនួន ១,៦៥៣នាក់, ខេត្តកំពង់ធំចំនួន ៣១៣នាក់, ខេត្តកំពង់ស្ពឺចំនួន៤២២នាក់, ខេត្តបាត់ដំបងចំនួន១,៤៧២នាក់ និងខេត្តពោធិ៍សាត់ចំនួន៤៨០នាក់។
ជាមួយគ្នានោះ ក្រសួងសង្គមកិច្ច បាននិងកំពុង ពិនិត្យក្នុងការផ្តល់របបគោលនយោបាយនេះ ទៅតាមបណ្តាខេត្តផ្សេងៗទៀត ក្នុងក្របខ័ណ្ឌ ទូទាំងប្រទេសសំដៅធ្វើយ៉ាងណា ឱ្យបងប្អូនជនពិការក្រីក្រ អាចទទួលរបបតាមគោលការណ៍កំណត់។ នេះបើតាមការលើកឡើងរបស់លោក លោក ញ៉ឹក វណ្ណារ៉ា រដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅក្នុងពិធីប្រកាសសមាសភាពគណៈកម្មការគ្រប់គ្រង របបគោលនយោបាយចំពោះ ជនពិការក្រីក្រ ខេត្តតាកែវ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។
លោក ញ៉ឹក វណ្ណារ៉ា បានបន្ថែមថា វិស័យសង្គមកិច្ច បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង របស់បងប្អូនប្រជាពលរដ្ឋយើង។ លើសពីនេះទៀត សម្តេចតេជោនាយករដ្ឋមន្រ្តី តែងបានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន ព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំបង្កលក្ខណៈងាយស្រួល សម្រាប់ការធ្វើដំណើរចេញចូល នៅទីកន្លែងសាធារណៈសម្រាប់ជនពិការគ្រប់ប្រភេទ។
លោក ញ៉ឹក វណ្ណារ៉ា បានបន្តថា រាជរដ្ឋាភិបាល បានឯកភាពជាគោលការណ៍ ឱ្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ផ្តល់ការអនុគ្រោះពិសេស ក្នុងការផ្តល់សេវាកម្មដល់ជនពិការ ដោយបន្ធូរបន្ថយជាអតិបរិមា ឬអាចលើកលែងទាំងស្រុង នូវកម្រៃសេវាមួយចំនួនតាមលទ្ធភាពដែលអាចធ្វើទៅបាន ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ក៏បានដាក់ចេញនូវសេចក្តីជូនដំណឹងស្តីពីការពង្រឹង និងពង្រីកសកម្មភាពពិនិត្យព្យាបាលជំងឺដល់ជនពិការ និងចាស់ជរា ដែលមានជីវភាពលំបាកគ្មានទីពឹងដោយឥតបង់ប្រាក់។
លោក ម៉ឹង វុធី អភិបាលរងខេត្តតាកែវ បានលើកឡើងថា មានជំនឿយ៉ាងមុតមាំថា តាមរយៈគណៈកម្មការគ្រប់គ្រងរបបគោលនយោបាយ ចំពោះជនពិការក្រីក្រ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តតាកែវ ដែលជាសេនាធិការ យ៉ាងសំខាន់របស់រដ្ឋបាលខេត្ត នឹងជម្រុញការ អនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុសញ្ញាស្តីពីសិទ្ធិជនពិការ ការងារស្តារលទ្ធភាពពលកម្មនៅសហគមន៍ ជាពិសេសរបបគោលនោបាយ ចំពោះជនពិការក្រីក្រនេះ ឲ្យទទួលបានជោគជ័យ។
លោកបានបន្ថែមថា រដ្ឋបាលខេត្តតាកែវ មានការយកចិត្តទុកដាក់យ៉ាងខ្ពស់ លើវិស័យពិការភាពនៅទូទាំងខេត្តព្រោះថា ការងារពិការភាព គឺជាកិច្ចការងារពហុវិស័យដែលទាមទារឲ្យយើងទាំងអស់គ្នាយកចិត្តទុកដាក់ ដើម្បី ការពារនិងលើកកម្ពស់សិទ្ធិជនពិការ ព្រោះថាជនពិការក៏ជាប្រភពធនធានមួយ នៃការចូលរួមអភិវឌ្ឍន៍ប្រទេសជាតិផងដែរ៕