(ស្វាយរៀង)៖ លោក រស់ ផារិទ្ធ អភិបាលរងខេត្តស្វាយរៀង បានថ្លែងទៅកាន់សិស្សានុសិស្សប្រមាណ៣០០នាក់ នៅសាលាបឋមសិក្សាឡឹក សំបុណ្យ ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះថា ស្របពេលដែលមានសាលារៀនល្អ សូមសិស្សានុសិស្សត្រូវយកចិត្តទុកដាក់រៀនសូត្រ ក្រៀបយកចំណេះវិជ្ជាដើម្បីក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងក្លាយជាទំពាំងស្នង ឬស្សីនៃប្រទេសជាតិប្រកបដោយចំណេះ ជំនាញពិតប្រាកដ។
ការថ្លែងរបស់អភិបាលរងខេត្តស្វាយរៀងបែបនេះ ក្នុងឱកាសដែលលោកតំណាងលោក ម៉ែន វិបុល អភិបាលខេត្ត ក្នុងពិធីសម្ភោធអគារសិក្សានិងសំណង់គាំទ្រក្នុងសាលាបឋមសិក្សា ឡឹក សំបុណ្យ វត្តលាក់រាជាដែលចំណាយថវិការសាងសង់ និងទិញសម្ភារការិយាល័យ សម្រាប់ទីចាត់ការអស់ប្រមាណជាង៧ម៉ឺនដុល្លារ។ ពិធីនេះមានចូលរួមពីលោក ម៉ៅ សោភណ័ ប្រធាននាយកដ្ឋានលទ្ធកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងអស់លោក លោកស្រីជាសប្បុរសជនជិតឆ្ងាយជាច្រើនរូបផងដែរ។
លោក រស់ ផារិទ្ធ បានបន្តទៀតថា លោកគ្រូ អ្នកគ្រូគួរគប្បីយកចិត្តទុកដាក់ខិតខំធ្វើការសិក្សាស្រាវជ្រាវស្វែងយល់នូវចំណេះដឹងថ្មីៗថែមទៀត និងអនុវត្តតាមនិយាមគរុកោសល្យ ឲ្យបានត្រឹមត្រូវ ដើម្បីលើកកម្ពស់គុណភាពអប់រំផ្តល់ ចំណេះដឹងដល់សិស្សានុសិស្ស ទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ ហើយក្រសួងអប់រំបានធ្វើការកំណែទម្រង់ការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងមានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ដោយអនុវត្តតាមគោលការណ៍ «អ្នកចេះគឺជាប់»។
លោក រស់ ផារិទ្ធ បានជំរុញដល់សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន មិនត្រូវពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន មិនត្រូវប្រើប្រាស់គ្រឿងញៀនជាដាច់ខាត ព្រោះគ្រឿងញៀននាំឲ្យអន្តរាយដល់សុខភាព និងអាយុជីវិត ប៉ះពាល់សតិបញ្ញាស្មារតី និងបំផ្លាញអនាគតខ្លួនឯង និងប៉ះពាល់ដល់សង្គមជាតិទៀតផង។
លោកអភិបាលរងខេត្ត ក៏បានណែនាំដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីការពារអាយុជីវិតផ្ទាល់ខ្លួននិងអ្នកដទៃព្រមទាំងការពារសណ្តាប់ធ្នាប់ ទ្រព្យសម្បត្តិនិងផលប្រយោជន៍សាធារណៈ។
ជាមួយនេះ លោក រស់ ផារិទ្ធ បានផ្តាំផ្ញើរដល់អាជ្ញាធរ ដែនដី ស្រុក ឃុំ និងការិយាជំនាញពាក់ព័ន្ធ រួមទាំងបងប្អូនប្រជាពលរដ្ឋត្រូវចូលរួមអនុវត្តតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ព្រោះនៅរដូវប្រាំងនេះ ប្រទេសកម្ពុជាយើងទទួលរងដោយប្រយោលពីឥទ្ធពលបាតុភូត អ៊ែលនីណូ បង្កឲ្យធាតុអាកាសក្តៅ ហួតហែង សីតុណ្ហភាពអាចឡើងដល់៤០ទៅ៤២អង្សាសេ មានភ្លៀងកក់ខែតិច មានបាតុភូត ផ្គរន្ទះនិងខ្យល់កន្ត្រាក់កើតឡើង ដូចច្នេះសូមបងប្អូនប្រជាពលរដ្ឋ មានការប្រុងប្រយត្ន័ខ្ពស់បញ្ចៀសការគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
លោក រស់ ផារិទ្ធ ជំរុញឲ្យអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ បន្តការពារសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អប្រសើរ ជាពិសេសត្រូវអនុវត្តគោលនយោបាលរបស់រាជរដ្ឋាភិបាលស្តីពីភូមិឃុំ មានសុវត្ថិភាពទាំង៩ចំណុច ទទួលបានជោគជ័យបបន្តបន្ទាប់ទៀត មិនត្រូវឲ្យមានបងតូចបងធំ ចោរលួចចោប្លន់ គ្រឿងញៀន និងការជួញដូរមនុស្សខុសច្បាប់ នៅមូលដ្ឋានជាដាច់ខាត។
នៅក្នុងពិធីនេះ ក៏មានការចែកជូននូវអំណោយដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យាយជីតាជី ប្រជាពលរដ្ឋ កងកម្លាំងទាំងបីប្រភេទនិងប្រគល់ជូនថវិការដល់សាលារៀនបឋមសិក្សាឡឹកសំបុណ្យ ចំនួន៨លានរៀនផងដែរ៕