(ភ្នំពេញ)៖ ក្រុមហ៊ុនព្រីនស៍ រៀល អ៉ីស្ទេត ដែលជាក្រុមហ៊ុនវិនិយោគ លើគម្រោងអចលនទ្រព្យធំជាងគេមួយ នៅក្នុងប្រទេសកម្ពុជា គ្រោងបន្ថែមទុនវិនិយោគឱ្យបានដល់២០ប៊ីលានដុល្លារអាមេរិក ក្នុងរយៈពេល ១០ឆ្នាំទៅមុខទៀត ខណៈបច្ចុប្បន្ន ក្រុមហ៊ុននេះបានបោះទុនវិនិយោគនៅកម្ពុជា មានជាង៤ប៊ីលានដុល្លារអាមេរិករួចហើយ ។
នេះបើតាមលោក លី មីញ នាយកប្រតិបត្តិ នៃក្រុមហ៊ុន ព្រីនស៍ រៀល អ៉ីស្ទេត ដែលបានថ្លែងនាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅក្នុងសន្និសីទកាសែត បន្ទាប់ពីចុះហត្ថលេខា ជាមួយក្រុមហ៊ុនបី ក្នុងការបើកដំណើរការហាង នៅក្នុងអគារមជ្ឈមណ្ឌលព្រីនស៍ផ្លាហ្សាអ៊ីនធើណេសិនណល។
លោក លី មីញ បានលើកឡើងថា ក្រុមហ៊ុនព្រីនស៍រៀលអ៉ីស្ទេត នឹងឈរលំដាប់កំពូល ជាក្រុមហ៊ុនអន្តរជាតិវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយបានវិនិយោគនៅគម្រោងអចលនទ្រព្យធំៗជាច្រើន ជាក់ស្ដែង គម្រោងព្រីនស៍ផ្លាហ្សា នៅបណ្ដោយផ្លូវព្រះនរោត្តម គម្រោងព្រីនស៍ផ្លាហ្សា អ៉ីនធើណេតសិនណល នៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី និងគម្រោងមួយចំនួនទៀត នៅក្នុងខេត្តព្រះសីហនុ ជាដើម។
លោកបានបញ្ជាក់ទៀតថា «ចាប់តាំងពីយើងបានមកវិនិយោគនៅក្នុងប្រទេសកម្ពុជា យើងបានបោះទុនវិនិយោគសរុបជាង៤ប៊ីលានដុល្លារសហរដ្ឋអាមេរិកមកហើយ ហើយយើងនឹងបន្ថែមទុនតាមតែអាចធ្វើបានទៅទៀត»។
លោកបន្តថា ក្រុមហ៊ុននៅតែមើលឃើញពីសក្ដានុពលវិនិយោគនៅក្នុងប្រទេសកម្ពុជា ស្របពេលដែលកំណើនសេដ្ឋកិច្ចប្រទេសនេះ បានរក្សាលំនឹងមួយល្អប្រសើរ ជាពិសេសគឺរក្សាបាននូវ ស្ថេរភាពនយោបាយ ក្នុងស្រុក ហើយដោយមើលឃើញពីសក្ដានុពលទាំងនេះហើយ ក្រុមហ៊ុននឹងបន្ថែមទុនវិនិយោគឱ្យបាន២០ប៊ីលានដុល្លារអាមេរិក នៅក្នុងរយៈពេល ១០ឆ្នាំខាងមុខទៀត ដោយក្រុមហ៊ុនបានរៀបចំនូវគម្រោងរបស់ខ្លួនរួចស្រេចហើយ ក្នុងនោះខេត្តព្រះសីហនុ ភ្នំពេញ និងសៀមរាប គឺជាទីតាំងអាទិភាពរបស់ខ្លួន ក្នុងការបណ្ដាក់ទុនវិនិយោគបន្ថែម។
លោកបន្ថែមថា រាល់ការវិនិយោគលើគម្រោងនានានៅក្នុងប្រទេសកម្ពុជា របស់ព្រីនស៍រៀលអ៊ីស្ទេត ក៏ទទួលបានជោគជ័យផងដែរ ជាក់ស្ដែងព្រីនស៍ផ្លាហ្សាអ៊ីនធើណេតសិនណល ដែលបានសាងសង់ជាងកន្លះឆ្នាំមកហើយនោះ គឺមានក្រុមហ៊ុន និងហាងជាច្រើនបានចុះហត្ថលេខា ដើម្បីដាក់ទីតាំងនៅក្នុងមជ្ឈមណ្ឌលនោះ នៅពេលសាងសង់ហើយ ជាក់ស្ដែងក្រុមហ៊ុនដែលបានចុះហត្ថលេខា ជាមួយបណ្ដាដៃគូរ៥ ដើម្បីបើកដំណើរការហាងនៅក្នុងមជ្ឈមណ្ឌល ព្រីនស៍ផ្លាហ្សាអ៊ីនធើណេតសិនណល ។
លោកបញ្ជាក់ថា គម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនព្រីនស៍រៀលអ៊ីស្ទេតគ្រុប បានរីកដុះដាលនៅរាជធានីភ្នំពេញ និងក្រុងព្រះសីហនុ ហើយទទួលបាននូវសមិទ្ធិផលគួរឱ្យកត់សម្គាល់ ។ ព្រីនស៍រៀលអ៊ីស្ទេត គ្រុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានទីតាំង នៅកណ្ដាលនៃខណ្ឌធំៗ ចំនួន៣នៅភ្នំពេញ ហើយក៏មានគម្រោងពង្រីកឱ្យបានគ្រប់ខណ្ឌទាំងអស់ នៅក្នុងរាជធានីភ្នំពេញផងដែរ។
បើតាមលោកឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យស៊ីភីអិល បានឱ្យដឹងផងដែរថា លោកនៅតែមើលឃើញពីឱកាសវិនិយោគនៅក្នុងវិស័យអចលនទ្រព្យ ក៏ប៉ុន្តែទន្ទឹមនឹងការវិនិយោគនោះផងដែរ កម្ពុជា ក៏ត្រូវមានធនធានជំនាញៗ ដើម្បីធ្វើកិច្ចការក្នុងវិស័យនេះផងដែរ។ ការវិនិយោគ ក្នុងវិស័យអចលនទ្រព្យ ត្រូវទាមទារឱ្យមានចំណេះដឹង និងជំនាញច្បាស់លាស់ ហើយបើសិនជាអ្នកវិនិយោគដោយមិនមានជំនាញ មិនមានចំណេះដឹង និងបទពិសោធន៍ វាពិបាកណាស់ថានឹងមានស្ថេរភាពយូរអង្វែងប៉ុណ្ណានោះ៕