(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខភាពជូនប្រជាពលរដ្ឋជាអ្នកទទួលទាន ដែលបរិភោគផលិតផលម្ហូបអាហារ ដាក់លក់លើទីផ្សារ លោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលប្រចាំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានបន្តដឹកនាំមន្ត្រីកាំកុងត្រូលខេត្ត សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បន្តចុះធ្វើការត្រួតពិនិត្យពង្រឹងសុវត្ថិភាពម្ហូបអាហារ នៅផ្សារសួង ក្នុងក្រុងសួង ខេត្តត្បូងឃ្មុំ ដោយធ្វើការវិភាគទៅលើបន្លែត្រីសាច់មួយចំនួន ដើម្បីស្វែងរកសារធាតុគីមី ដែលបណ្តាលអោយប៉ះពាល់ សុខភាពអ្នកទទួលទាន។
លោក មាស មោរ៉ា ថ្លែងឲ្យដឹងដា ក្រោយធ្វើតេស្តឃីតភ្លាមៗ ដែលជាតេស្តបឋម លើបន្លែត្រីសាច់ចំនួន២០គំរូ រួមមាន ខ្ញីហាន់រួច ចំនួន៥គំរូ, ត្រីងៀតសំយ៉ុង រឺត្រីហើម ៥គំរូ, ស្ករត្នោត ៤គំរូ និងណែមសាច់ត្រី ចំនួន៦គំរូ ដែលយកពីអ្នកលក់ផ្សេងៗគ្នា។ ជាលទ្ធផល ពុំឃើញមានផ្ទុកសារធាតុគីមី ហាមឃាត់ដែលបង្កគ្រោះថ្នាក់ សល់សុខភាពប្រជាពលរដ្ឋនោះឡើយ។
ជាមួយគ្នានោះ មន្ត្រីកាំកុងត្រូល បានធ្វើការបិទ Poster ពន្យល់ណែនាំពីរបៀបជ្រើសរើស និងការដាក់តាំងលក់នូវទំនិញ ជាគ្រឿងឧបភោគ និងបរិភោគ ព្រមទាំងធ្វើការអប់រំ ក៏ដូចជាណែនាំដល់អាជីវករ មុននឹងយក ទំនិញមកលក់ ត្រូវត្រួតពិនិត្យ និងដឹងពីប្រភពឲ្យច្បាស់លាស់ ព្រមទាំងដាក់តាំងលក់ទំនិញដែលមានគុណភាពល្អ មានស្លាកសញ្ញាត្រឹមត្រូវ និងហាមដាច់ខាត ទំនិញដែលគ្មានកាលបរិច្ឆេទច្បាស់លាស់ ជាពិសេសហួស កាលបរិច្ឆេទប្រើប្រាស់ ដែលខុសពីបទបញ្ញតិនៃច្បាប់៕