(បាត់ដំបង)៖ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ សាលាចំណេះទូទៅអន្តរជាតិ ឌូវី បាត់ដំបង បានរៀបចំតាំងពិព័រណ៍វិទ្យាសាស្រ្តលើកទី៥ នៃគម្រោងវិទ្យាសាស្រ្តរបស់សិស្សានុសិស្ស ចាប់ពីថ្នាក់ទី២ ដល់ថ្នាក់ទី ១២ជាច្រើននាក់ នៅវិមានចំរើនសិរីមង្គលក្រុងបាត់ដំបង ក្រោមអធិបតីភាពលោកស្រី ញឹក សាគន្ធ អភិបាលរង នៃគណ:អភិបាលខេត្តបាត់ដំបង។
ពិធីមានការអញ្ជើញចូលរួមពីលោក ខែម រស្មី ស្ថាបនិកនិងជាអគ្គនាយកនៃក្រុមហ៊ុន ឌូវី អ៊ិនធើណេសិនណង សាស្ត្រាចារ្យដៃគូរបរទេសឌូវី អភិបាលក្រុង ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត សិស្ស និស្សិត៣៤ក្រុម មកពីគ្រប់ទីតាំងចូលរួម។
បន្ទាប់ពីមតិស្វាគមន៍របស់លោក ខែម រស្មី ដោយបានបញ្ជាក់ពីសកម្មភាពការងាររបស់សិស្សានុសិស្សដែលមានស្នាដៃល្អ រៀនពូកែ បានចូលរួមប្រកួតប្រជែងផ្នែកវិទ្យាសាស្រ្តជាមួយ ប្រទេសនានារហូតទទួលបានជ័យលាភីបានមេដាយមាស៤កន្លងមក។
លោក ខែម រស្មី បានបញ្ជាក់ថា នេះជាលើកទី១ហើយ សាលានៅប្រទេសអូស្រ្តាលីបានសហការដៃគូជាមួយប្រទេសផ្សេងៗទៀត ហើយសិស្សសាលាឌូវី យើងនឹងចេញទៅប្រកួតប្រជែងនៅប្រទេសចិននាខែកក្កដាឆ្នាំ២០១៩ខាងមុខនេះផងដែរ។
លោកស្រី ញឹក សាគន្ធ បានចូលរួមអបអរសាទរដែលសាលាឌូវីបានបង្កើតកម្មវិធីនេះឡើងប្រកបដោយជោគជ័យព្រមទាំងទទួលបានជ័យលាភីមេដាយមាសជូនខ្លួនឯង ជូនសាលា ក៏ដូចជាជូនប្រទេសជាតិផង។
លោកស្រីអភិបាលរងខេត្តបានធ្វើការផ្តាំផ្ញើដល់ក្មួយៗខិតខំរៀនសូត្របន្តទៀតដើម្បីទទួលបានចំណេះដឹងទាំងនេះសម្រាប់យកទៅប្រកបការងារផ្សេងៗ ក៏ដូចបានចូលរួមកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិនាពេលអនាគតហើយក៏ជាអ្នកបន្តវេណជាទំពាំងស្នងឬស្សីយុវជនជំនាន់ក្រោយផងដែរ។
ក្នុងឱកាសនោះដែរគណ:អធិបតីនិងលោកសាស្រ្តាចាយ្យខ្មែរនិងបរទេសអញ្ជើញទស្សនាស្តង់ពិព័រណ៍វិទ្យាសាស្រ្តទាំង៣៤ក្រុមដើម្បីវាយតម្លៃនិងដាក់ពិន្ទុជូននៅតាមស្តង់វិទ្យាសាស្រ្តនានាសម្រាប់ទទួលជ័យលាភី និងត្រូវប្រកាសលទ្ធផលពីលេខ១,២,៣ ព្រមទាំងមានការបំពាក់មេដាយ មាស ប្រាក់សំរិទ្ធ ជូនក្រុមតាំងពិព័រណ៍ដែលជាប់ចំណាត់ថ្នាក់នាពេលនេះផងដែរ៕