(កំពង់ចាម)៖ ដោយសារតែចង់ឃើញទីក្រុងកំពង់ចាម មានសណ្ដាប់ធ្នាប់ និងមានសោភ័ណភាពល្អ ការលក់ដូរប្រកបដោយមានអនាម័យល្អ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានប្រាប់ឲ្យប្រជាពលរដ្ឋ កុំចូលទទួលទាននៅកន្លែងលក់ដូរណាដែលមិនមានអនាម័យល្អ។
លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅក្នុងពិធីជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងសម្ពោធសមិទ្ធផលនានា កាលពីព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នៅក្នុងបរិវេណវត្តដីដុះ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លោកអភិបាលខេត្ត បានថ្លែងថា នាពេលកន្លងមកលោកធ្លាប់បានប្រទះឃើញមានភោជនីយដ្ឋាន ធ្វើការលក់ដូរដោយខ្វះអនាម័យ ចោលសម្រាមគ្មានសណ្តាប់ធ្នាប់ អាចមានការប៉ះពាល់ដល់ សុខភាពអតិថិជន និងខ្វះកន្លែងសម្រាប់ចតយានយន្តជាដើម ដែលប្រការនេះធ្វើឱ្យមានការប៉ះពាល់ ទៅដល់សណ្ដាប់ធ្នាប់សាធារណៈផងដែរ។
ជាមួយនឹងបញ្ហាដូចខាងលើនេះ លោកអភិបាលខេត្ត ធ្លាប់បានណែនាំឲ្យអាជ្ញាធរ សមត្ថកិច្ច បានចុះធ្វើការណែនាំដល់បងប្អូនអ្នកលក់ដូរតាមចិញ្ចើមថ្នល់រួចមកហើយដែរ។ ប៉ុន្តែជាមួយគ្នានេះ លោកអភិបាលខេត្តបានអំពាវនាវបន្ថែម ដើម្បីឲ្យប្រជាពលរដ្ឋចូលរួមទាំងអស់គ្នា នៅក្នុងការសម្អាតបរិស្ថានក្នុងទីក្រុង និងមានអនាម័យល្អទៅលើការលក់ដូររបស់ខ្លួន ដើម្បីចូលរួមក្នុងការថែទាំ សុខមាលភាព របស់អតិថិជនផង និងរក្សាអនាម័យល្អ ជៀសវាងការបោះសំរាមចោលពាសវាលពាសកាល ធ្វើឲ្យប៉ះពាល់ដល់សោភ័ណ្ឌភាពទីក្រុងកំពង់ចាមរបស់យើង។
ដោយមានចេតនាចង់ឃើញទីក្រុងមានសោភ័ណភាពល្អ ទើបលោកអភិបាល ខេត្តបានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគ្នាដើម្បីធ្វើការកែប្រែដល់អ្នកលក់ដូរ ទាំងឡាយនោះឲ្យគាត់មានធុងសំរាមសំរាប់ដាក់សំរាមសម្អាតឱ្យបានត្រឹមត្រូវ បើមិនដូច្នោះទេសូមកុំចូលទទួលទាននៅកន្លែងលក់ដូរនោះ។
យ៉ាងណាក៏ដោយ លោកអភិបាលខេត្ត បានរំលឹកអំពីឥរិយាបថល្អ របស់ប្រជាពលរដ្ឋនៅក្នុងក្រុងកំពង់ចាមផងដែរ។ លោកថា កន្លងមកនៅចំណុចកម្សាន្តតាមដងទន្លេ លោកធ្លាប់បានធ្វើការណែនាំ និងមានដាក់ស្លាកឲ្យប្រជាពលរដ្ឋបោះសំរាម ដាក់នៅក្នុងធុងសំរាមដោយចូលរួមសំអាតបរិស្ថានទាំងអស់គ្នា។ ហើយមិនយូរប៉ុន្មាន លោកសង្កេតឃើញថា បងប្អូនប្រជាពលរដ្ឋ ក៏បានរួមសហការគ្នាចោលសំរាម តាមធុងសំរាមដោយមិនបានបោះសំរាមពាសវាលពាសកាលទៀតនោះឡើយ៕