(ភ្នំពេញ)៖ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារដើមគរ និងតូបលក់ទំនិញមួយចំនួនក្នុងខណ្ឌទួលគោក នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ បានចុះត្រួតពិនិត្យទំនិញ និងស្រាវជ្រាវទប់ស្កាត់ទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ និងចែកចាយ លើទីផ្សារ។

លោក គង់ វុទ្ធី អនុប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ បានឲ្យដឹងថា ក្នុងប្រតិបត្តិការនោះមន្ត្រីជំនាញបានយកគំរូម្ហូបអាហារចំនួន៣២ គំរូមកពិសោធន៍នៅរថយន្តពិសោធន៍ចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ទៅលើទំនិញ ដូចជា៖ បន្លែគ្រប់មុខ សរសៃមីលឿង លត គុយទាវសរសៃធំ ប្រហិតសាច់គោ ប្រហិតសាច់ជ្រូក ជ្រក់ត្រសក់ មឹក បង្គារ ត្រីងៀត ត្រីបង្ហើម សាច់ក្រក ។ល។ ដោយជាលទ្ឋផលពុំមានសារធាតុគីមីហាមឃាត់ទេ ហើយជាមួយគ្នានោះ លោកក៏បានធ្វើការណែនាំដល់អាជីវករឲ្យយល់ដឹងអំពីសុវត្ថិភាពចំណីអាហារ។

លោក គង់ វុទ្ធី ក៏បានអំពាវនាវដល់អាជីវករ អ្នកចែកចាយលក់ដុំ លក់រាយ អ្នកផលិត នាំចូលចែកចាយត្រូវតែមានប្រភពច្បាស់លាស់សិនមុននឹងទទួលលក់ ហើយបញ្ឈប់នៅការលាយបន្ថែម នូវសារធាតុគីមី ទៅលើផលិតផលម្ហូបអាហារដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។

លោកបញ្ជាក់ថា សកម្មភាពទាំងនេះអនុវត្តន៍ទៅ តាមការណែនាំរបស់ប្រធានប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកដ្ឋានកាំកុងត្រូល និងលោកប្រធានសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ៕