(ភ្នំពេញ)៖ ក្នុងសវនាការជំនុំជម្រះសំណុំរឿង សម្លាប់ស្រ្តីមេម៉ាយ ចេវ សុវឌ្ឍនា ដែលជានារីកំណាន់របស់ លោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ គឺតុលាការបានសាកសួរសាក្សីជំនាញកោសល្យវិច័យចំនួន៣នាក់ ដែលជាក្រុមមន្ត្រីនៅខេត្តតាកែវ ហើយអ្នកជំនាញទាំងនោះ បានអះអាងថា នាង ចេវ សុវឌ្ឍនា ស្លាប់ដោយសារ ការចងកធ្វើអត្តឃាត។
មន្ត្រីជំនាញកោសល្យវិច័យទាំង៣នាក់នោះ រួមមាន៖ លោក មាស ទេន នាយរងការិយាល័យបច្ចេកទេស នៃស្នងការនគរបាលខេត្តតាកែវ, លោក អូន នឿន ប្រធានផ្នែកបច្ចេកទេស នៃស្នងការនគរបាលខេត្តតាកែវ និងលោកវិជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ ដោយពួកគេបានឡើងបញ្ជាក់ការពិត អំពីរបាយការណ៍ និងកំណត់ហេតុពិនិត្យសាកសពជនរងគ្រោះនៅពេលកើតហើយ។
សាក្សីទាំង៣នាក់ខាងលើសុទ្ធតែ បានអះអាងការពាររបាយការណ៍របស់ពួកគេថា បន្ទាប់ពីពួកគេ ពិនិត្យទីតាំងកើតហេតុ, ពិនិត្យសភាពសាកសព របស់ជនរងគ្រោះ, ពិនិត្យភស្តុតាង (សំបុត្របណ្តាំ) ដែលជនរងគ្រោះបន្សល់ទុក និងស្តាប់ចម្លើយរបស់អ្នកបម្រើជនរងគ្រោះឈ្មោះ ចាន់ រី មន្ត្រីជំនាញដោយមានទាំងលោក ជីវ ចាន់តារា ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ ចូលរួមដឹងឮចំពោះលទ្ធផលកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះពិតជាបានចងកសម្លាប់ខ្លួនប្រាកដមែន។
បន្ទាប់ពីសាកសួរសាក្សី៣នាក់ និងអ្នកជំនាញឯករាជកោសល្យវិច័យម្នាក់ចប់សព្វគ្រប់ លោក ហម ម៉េងសែ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធានក្រុមប្រឹក្សាចៅក្រមជំនុំជម្រះ បានសម្រេចលើកពេលទៅបើកសវនាការសំណុំរឿងនេះនៅព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងករណីឃាតកម្មនេះ តុលាការបានចោទប្រកាន់លើជនជាប់៤នាក់ ដែលក្នុងនោះទី១៖ ឈ្មោះ ឡាយ វណ្ណ: ភេទប្រុស អាយុ៤៥ឆ្នាំ, ទី២៖ ឈ្មោះ ឡាយ ណារិទ្ធ ភេទប្រុស អាយុ៤៦ឆ្នាំ (ជាបងប្រុស របស់លោក ឡាយ វណ្ណៈ) ពីបទ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ យោងតាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ, ទី៣៖ ឈ្មោះ ម៉េន សាម៉ៃ ភេទប្រុស អាយុ៣៦ឆ្នាំ ជាតៃកុងឡានរបស់ លោក ឡាយ វណ្ណ: និងទី៤ឈ្មោះ ជឹម វុធ ហៅថូត ភេទប្រុស អាយុ៤១ឆ្នាំ ជាអ្នកបម្រើនៅផ្ទះរបស់លោកស្រី ចែវ សុវឌ្ឍនា ពីបទ លាក់បំបាំងតម្រុង។
ជនរងគ្រោះឈ្មោះ ចេវ សុវឌ្ឍនា ត្រូវគេប្រទះឃើញចងកស្លាប់ក្នុងបន្ទប់គេងរបស់នាង នៅក្នុងផ្ទះជួលដ៏ធំមួយដែលលោក ឡាយ វណ្ណៈ ជាអ្នកជួលឱ្យនៅក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ។
ភ្លាមៗ ករណីឃាតកម្មនេះ ត្រូវសមត្ថកិច្ច សន្និដ្ឋានថា ជារឿងអត្តឃាត ព្រោះតែវិបត្តិស្នេហា ប៉ុន្ដែក្រោយពីបើកការស្រាវជ្រាវ សមត្ថកិច្ចជំនាញរបស់នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានរកឃើញថា ករណីខាងលើ មិនមែនជារឿង អត្តឃាតឡើយ ពោលគឺជារឿង ឃាតកម្ម ដោយមានអ្នកបញ្ជា និងរៀបចំទុកសម្លាប់ជនរងគ្រោះ។ក្រោយពីបើកការស៊ើបអង្កេត សមត្ដកិច្ចជំនាញ បានឃាត់ខ្លួនក្រុមជនជាប់ចោទទាំង ៤នាក់ ខាងលើបញ្ជូនទៅតុលាការចាត់ការតាមច្បាប់៕