(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជម្រាបជូនម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន អង្គការវិជ្ជាជីវៈ និងកម្មករនិយោជិតក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងទាំងអស់ជ្រាបថា យោងតាមកម្រិតហានិភ័យទាប និងស្ថានភាពជាក់ស្តែងនៃសហគ្រាស គ្រឹះស្ថានក្រៅពីផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើង ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ ត្រូវបានពន្យារពេលក្នុងការអនុវត្ត ទៅខែធ្នូ ឆ្នាំ២០២១ ដោយត្រូវទូទាត់រំលឹកចំនួន៦ថ្ងៃ ក្នុង១ឆ្នាំ ក្នុងនោះចំនួន ៣ថ្ងៃ នៅក្នុងខែមិថុនា និង៣ថ្ងៃ នៅក្នុងខែធ្នូ។
ក្នុងអំឡុងពេលនៃការពន្យារការអនុវត្តនេះ កម្មករនិយោជិតណា ដែលត្រូវបានបញ្ឈប់ពីការងារដោយមូលហេតុក្រៅពីកំហុសធ្ងន់ ឬចូលនិវត្តន៍ ឬទទួលមរណភាព និយោជកត្រូវបើកផ្តាច់នូវប្រាក់រំលឹកប្រាក់បំណាច់អតីតភាពការងារទាំងអស់តែម្តង ជូនកម្មករនិយោជិត ឬទាយាទរបស់កម្មករនិយោជិត។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការងារនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន។
យោងតាមសេចក្តីជូនដំណឹងដដែល បានឲ្យដឹងថា ចំពោះកម្មករនិយោជិតដែលលាឈប់ពីការងារដោយឯកឯង ឬត្រូវបានបញ្ឈប់ពីការងារដោយកំហុសធ្ងន់ នឹងមិនត្រូវបានទទួលនូវការបើករំលឹកប្រាក់បំណាច់អតីតភាពការងារ ដែលមានមុនឆ្នាំ២០១៩ នោះទេ។ ដោយឡែក និយោជកត្រូវអនុវត្តការទូទាត់ប្រាក់បំណាច់អតីតភាពការងារថ្មី ក្នុងឆ្នាំដែលមានចាប់ពីឆ្នាំ២០១៩ ស្របតាមខ្លឹមសារប្រកាសលេខ៤៤៣ ចុះថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការទូទាត់ប្រាក់បំណាច់អតីតភាពការងារ និងលិខិតបទដ្ឋានពាក់ព័ន្ធ ដោយ១ឆ្នាំ ត្រូវទូទាត់ជូនកម្មករនិយោជិតចំនួន ១៥ថ្ងៃ និងត្រូវបើក២ដង ក្នុង១ឆ្នាំ។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈមានក្តីសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ ឬនាយក សហគ្រាស គ្រឹះស្ថាន អង្គការវិជ្ជាជីវៈ និងកម្មករនិយោជិតទាំងអស់ នឹងអនុវត្តតាមខ្លឹមសារសេចក្តីណែនាំនេះបានត្រឹមត្រូវ និងធានាបានប្រសិទ្ធភាពខ្ពស់៕