(ភ្នំពេញ)៖ ក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសស្នើសុំការយោគយល់ពីសំណាក់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងផ្លូវល្បឿនលឿននេះ។
ជាមួយគ្នានោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានហាមប្រាមដល់ប្រជាពលរដ្ឋម្ចាស់ដីថា កុំអាងតែរដ្ឋផ្ដល់សំណងលើដីរបស់ខ្លួនហើយ ហើយប្រឹងដំឡើងថ្លៃដីឱ្យឡើងថ្លៃហួសហេតុពេកឱ្យសោះ សូមមេត្តាទទួលយកសំណងសមរម្យដែលបានផ្ដល់ឱ្យយ៉ាងត្រឹមត្រូវ។
នៅចំពោះមុខប្រជាពលរដ្ឋ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះថា «សូមអរគុណចំពោះប្រជាពលរដ្ឋ សូមមេត្តាយោគយល់ការដោះស្រាយដីធ្លីសម្រាប់គម្រោង ដែលតភ្ជាប់រហូតទៅដល់៥រាជធានី-ខេត្ត ក្នុងនោះមានរាជធានីភ្នំពេញ ៨.៣គីឡូម៉ែត្រ ខេត្តកណ្ដាល ៩.១គីឡូម៉ែត្រ កំពង់ស្ពឺ ៨០.៨គីឡូម៉ែត្រ កោះកុង ១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ៨៩.៨៩គីឡូម៉ែត្រ ដូច្នេះការដោះស្រាយផលប៉ះពាល់ត្រូវបន្ត ក៏ប៉ុន្តែសូមបញ្ជាក់កុំឱ្យកាប់ឱ្យសោះ»។
សម្ដេចបានបញ្ជាក់ទៀតថា ប្រសិនបើតម្លៃដីថ្លៃហួសហេតុពេក ឬមានប្រជាពលរដ្ឋណាមិនព្រមទទួលយកសំណងនេះនោះ ច្បាប់ស្ដីពីអស្សាមិករណ៍នឹងត្រូវប្រើប្រាស់ ដើម្បីជំរុញឱ្យគម្រោងអភិវឌ្ឍន៍ដ៏ធំនេះដំណើរការទៅមុខ។
នៅចំពោះមុខការអភិវឌ្ឍន៍លើវិស័យគមនាគមន៍នេះ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា បានទទូចដល់ប្រជាពលរដ្ឋដែលជាប់ពាក់ព័ន្ធនឹងគម្រោងផ្លូវនេះថា «នៅពេលជាតិត្រូវការហើយ ប្រជាពលរដ្ឋត្រូវតែលះបង់»៕