(ភ្នំពេញ)៖ ស្របពេលដែលប្រទេសកម្ពុជា ទទួលរងពីបញ្ហាកម្រិតទឹកទាប គេរំពឹងថា ការដាច់ចរន្តអគ្គិសនី នឹងកើតមានក្នុងរយៈពេលជាង២ខែ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនសែលកាត នឹងនៅតែបន្តនាំមុខ ក្នុងការផ្ដល់ជូនសេវាកម្មដ៏ល្អដល់អតិថិជន។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុនសែលកាត។
ក្រុមហ៊ុនសែលកាត បានឲ្យដឹងថា នៅក្នុងពេលវេលាដ៏លំបាកនេះ ក្នុងនាមជាប្រតិបត្តិករទូរស័ព្ទទុកចិត្តបំផុតរបស់អតិថិជន ក្រុមហ៊ុនសែលកាត នឹងបន្តធ្វើយ៉ាងណា ដើម្បីធានាថាអតិថិជននៅតែអាចរក្សាទំនាក់ទំនងបាន គ្រប់ពេលវេលា គ្រប់ទីកន្លែង។
ក្នុងនាមជាប្រតិបត្តិករបណ្តាញទូរស័ព្ទរបស់ខ្មែរ តែមួយគត់នៅកម្ពុជា ក្រុមហ៊ុនសែលកាត មានទំនួលខុសត្រូវ ក្នុងការភ្ជាប់ទំនាក់ទំនងគ្រួសារ និងអាជីវកម្ម ឲ្យកាន់តែជិតស្និទ្ធិជាមួយមនុស្សជាទីស្រលាញ់ និងអនុញ្ញាតឲ្យប្រជាជនកម្ពុជាទាំងអស់ អាចភ្ជាប់ទៅកាន់សេវាកម្ម និងបណ្ដាញដែលឈ្នះពានរង្វាន់របស់យើង មិនថាមានបញ្ហាអ្វីកើតឡើងក៏ដោយ។
សែលកាត ក្នុងការចូលរួមជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមការប្រើប្រាស់ថាមពលបៃតង បានប្រើប្រាស់ថាមពលប្រមាណជាង៧០ភាគរយ នៃបណ្តាញរបស់យើង ដោយថាមពលពន្លឺព្រះអាទិត្យ ដែលនេះមិនត្រឹមតែ ជួយដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែក៏អនុញ្ញាតឲ្យប្រជាជនប្រើបណ្តាញរបស់យើង ដោយគ្មានការរំខានផងដែរ។
បន្ថែមពីលើការគាំទ្រ ក៏ដូចជាជួយរក្សាទំនាក់ទំនង ដល់អតិថិជនរបស់ក្រុមហ៊ុនសែលកាត នៅក្នុងតំបន់ដែលគ្មានថាមពលពន្លឺព្រះអាទិត្យ យើងបានដាក់ពង្រាយម៉ាស៊ីនភ្លើងចល័ត ដើម្បីធានាថា អតិថិជនរបស់យើង នៅតែអាចប្រើបណ្តាញទូរស័ព្ទ របស់សែលកាតដោយគ្មានការរំខាន។
ម៉ាស៊ីនភ្លើងជាច្រើន កំពុងត្រូវបានដំឡើងជារៀងរាល់ថ្ងៃ ដើម្បីធានាដល់ស្ថេរភាព នៃការផ្ដល់សេវាដល់អតិថិជនរបស់យើង។ ទន្ទឹងនឹងនេះ ដើម្បីធានាដល់ការភ្ជាប់បណ្ដាញសេវាល្អ ក្រុមការងារបច្ចេកទេស បាននឹងកំពុងធ្វើការសង្កេតមើល យ៉ាងយកចិត្តទុកដាក់ជារៀងរាល់ថ្ងៃ នឹងសម្រាប់ខែខាងមុខផងដែរ។
ដោយសារភាពរអាក់រអួល នៃការផ្គត់ផ្គង់ចរន្តអគ្គិសនី សែលកាត យល់ច្បាស់ពីតម្រូវការចាំបាច់របស់អតិថិជន ដូចនេះហើយ ទើបក្រុមការងារបច្ចេកទេស បណ្ដាញសេវារបស់សែលកាត ធ្វើការយ៉ាងសកម្ម២៤/៧ ដើម្បីបញ្ចប់ការដំឡើងបណ្ដាញសេវាបម្រុងរបស់យើង។
ក្រុមការងារចុះផ្ទាល់របស់សែលកាត ព្យាយាមធ្វើការមិនគិតនឿយហត់ ដើម្បីជញ្ជូនឧបករណ៍បច្ចេកទេស សម្រាប់ដំឡើងទោះបីជាស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រ ដែលមានសភាពលំបាក និងដាច់ស្រយាលយ៉ាងណាក៏ដោយ។ ដោយសារការខិតខំប្រឹងប្រែងយើង ក៏ទទួលលទ្ធផលដ៏ល្អប្រសើរជាច្រើន យ៉ាងណាមិញយើង ក៏សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់អតិថិជនសែលកាតទាំងអស់ ដែលបានបន្តការគាំទ្រយ៉ាងខ្លាំងក្លា ក្នុងពេលកន្លងមក។
រយៈពេលជាង៧ថ្ងៃ បន្ទាប់ពីការចាប់ផ្ដើមគម្រោងនេះ សែលកាត ក៏បានទទួលនូវការផ្ដល់ដំណឹង អំពីការផ្គត់ផ្គង់សេវាទូរស័ព្ទ នឹងអ៊ីនធើណិតបានល្អបំផុត យ៉ាងលើសលប់ពីសំណាក់អតិថិជន របស់យើងពីតាមបណ្ដាខេត្ត នានាផងដែរ។ ការគាំទ្រជាវិជ្ជមាន របស់អតិថិជនរបស់យើង គឺជាកម្លាំងចិត្តយ៉ាងខ្លាំងក្លា ហើយយើងនឹងព្យាយាម ដើម្បីបម្រើសេវាដល់អតិថិជន ឲ្យបានកាន់តែប្រសើរ ជារៀងរាល់ថ្ងៃ តាមអ្វីដែលយើងអាចធ្វើបាន។
ដើម្បីធានាដល់ភាពងាយស្រួល និងការពេញចិត្តដល់អតិថិជនគ្រប់រូប ជាមួយបណ្ដាញសេវារបស់សែលកាត រាល់ការដាច់បណ្ដាញសេវាទាំងអស់ បើទោះបីជានៅដោយសារការដាច់ចរន្តអគ្គីសនីក៏ដោយ អតិថិជននឹងទទួលបានសំណងពីសែលកាតវិញផងដែរ៕