(ព្រះសីហនុ)៖ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ លោក នេន ចំរើន បានបំផុសឲ្យប្រជាពលរដ្ឋរស់នៅតាមជនបទ ដែលមានដីធ្វើរបរកសិកម្មដាំដុះ ឲ្យងាកមកចាប់យកមុខរបរ ឬអាជីពដាំបន្លែគ្រប់ប្រភេទ និងធ្វើវារីវប្បកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ ដើម្បីយកទៅលក់ ឬផ្គត់ផ្គង់នៅតាមទីផ្សារនានា សម្រាប់បង្កើនប្រាក់ចំណូលគ្រួសារ។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្មខេត្តព្រះសីហនុ បានអះអាងថា បច្ចុប្បន្ននេះ តម្រូវការប្រើប្រាស់បន្លែគ្រប់មុខ នាទីផ្សារ ក្នុងខេត្តព្រះសីហនុ គឺអាចមានប្រមាណរាប់សិបតោនក្នុងមួយថ្ងៃៗ ដែលក្នុងនោះមិនទាន់គិតពីតម្រូវការ នៃការផ្គត់ផ្គង់ត្រីសាច់ផ្សេងៗនោះទេ។
លោកបន្តថា នាថ្ងៃខាងមុខនេះ មន្ទីរកសិកម្មខេត្តមានគម្រោងទទួលទិញផលិតផលបន្លែទាំងអស់ពីប្រជាពលរដ្ឋ ដែលដាំដុះមិនប្រើសារធាតុគីមី សម្រាប់នាំយកទៅលក់ក្នុងទីផ្សារនានាក្នុងមូលដ្ឋាននេះ ដើម្បីឈានទៅកាត់បន្ថយការនាំចូលបន្លែ ត្រីសាច់ពីប្រទេសជិតខាង ដែលប្រឈមហានិភ័យខ្ពស់ ឬអាចមានដាក់លាយសារធាតុគីមីហាមឃាត់ នាំឲ្យប៉ះពាល់ដល់សុខភាពមនុស្ស។
លោក នេន ចំរើន បានអះអាងដូច្នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ រៀបចំឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ នាសាលប្រជុំរបស់ មន្ទីរកសិកម្មខេត្តព្រះសីហនុ។ ពិធីបិទកិច្ចប្រជុំនេះ រៀបចំនៅល្ងាចថ្ងៃដដែល ក្រោមវត្តមានលោក លៀម សុដា អភិបាលរងខេត្តព្រះសីហនុ។
ពិធីនេះ ក៏បើកឲ្យមានកិច្ចពិភាក្សាគ្នា រវាងប្រជាពលរដ្ឋនៅតាមសហគមន៍មួយចំនួន ជាមួយមន្ត្រីជំនាញតាមផ្នែកនីមួយៗ នៃមន្ទីរកសិកម្មខេត្តព្រះសីហនុ ដើម្បីស្វែងរកគន្លឹះល្អៗ ឈានទៅចូលរួមចំណែកជំរុញឲ្យ សកម្មភាពការងារ របស់មន្ទីរកសិកម្មខេត្តនេះ មានការរីកចម្រើនថែមទៀត នាឆ្នាំខាងមុខ។
កិច្ចប្រជុំនេះដែរ លោក នេន ចំរើន ក៏បានលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ឲ្យចូលរួមផ្តល់ជាមតិយោបល់ល្អៗ ដើម្បីឈានទៅជំរុញឲ្យសកម្មភាពការងារ នៅក្នុងមន្ទីរកសិកម្មខេត្តព្រះសីហនុ មានការរីកចម្រើនថែមទៀតនាឆ្នាំ២០១៩ និងបណ្តាឆ្នាំខាងមុខៗទៀត។
ពិធីជួបជុំគ្នា របស់មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ ពេលនេះ ក៏មានដាក់តាំងបង្ហាញផលិតផលកសិកម្ម- ផលត្រីសមុទ្រ ដែលទទួលបានពីការធ្វើវារីវប្បកម្ម និងសមិទ្ធផលកសិកម្មជាច្រើនប្រភេទទៀត ដែលប្រជាកសិករ នាមូលដ្ឋានខេត្តព្រះសីហនុ បង្កបង្កើនផល និងចិញ្ចឹមទទួលបានជោគជ័យ និងគ្មានប្រើប្រាស់សារធាតុគីមីជាដើម។
យោងតាមកម្មវិធីគ្រោងទុក របស់មន្ទីរកសិកម្ម កិច្ចប្រជុំនេះ ក៏មានធ្វើពិធីប្រកាសតែងតាំងមុខតំណែងមន្ត្រីមន្ទីរកសិកម្មមួយចំនួនផងដែរ។ ក្នុងនោះមានការតែងតាំង លោក តឹក ជីវ៉ាយ ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងតែងតាំងលោក សំ សឿន ជានាយផ្នែករដ្ឋបាលព្រៃឈើ ចំណុះខណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ៕