(កំពង់ស្ពឺ)៖ ប្រមុខរាជរដ្ឋាភិបាលម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវក្តីរីករាយយ៉ាងខ្លាំងក្នុងការចូលរួមបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿន (Expressway) ភ្នំពេញ-ព្រះសីហនុ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ និងបានចាត់ទុកថា ការសាងសង់ផ្លូវមួយខ្សែនេះ គឺជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា។
សម្តេចតេជោបញ្ជាក់ថា សមិទ្ធផលផ្លូវល្បឿនលឿនដ៏ស្រស់ស្អាត១ខ្សែនេះ អាចកើតមានឡើងបាន ដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញលេញ និងកម្ពុជាមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិល្អជាមួយមិត្តចិន។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ថ្ងៃនេះ ជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយដែលកម្ពុជា បានចាប់ផ្តើមនូវដំណើរការទាក់ទងជាមួយនឹងការកសាងផ្លូវ ល្បឿនលឿន ដែលចាត់ទុកថាជាលើកដំបូង ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន។ ចំណុចនេះបង្ហាញឲ្យឃើញអំពីវឌ្ឍនភាពដេលកម្ពុជាទទួលបាន បន្ទាប់ពីមានសុខសន្តិភាព។ […] ផ្លូវមួយខ្សែនេះ បើសិនជាគ្មានការគាំទ្រដ៏ម៉ឺងម៉ាត់ពីលោកប្រធានាធិតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ខឺឈាង ទេ ផ្លូវមួយខ្សែនេះមិនអាចសម្រេចបានការសាងសង់ទេ ដោយសារផ្លូវនេះត្រូវការទុនរហូតដល់ប្រមាណ២ពាន់លានដុល្លារអាមេរិក»។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានចាត់ទុកគម្រោងសាងសង់ផ្លូវល្បឿនលឿនេះ គឺជាការចាប់ផ្តើមដំបូង ក្នុងទ្រង់ទ្រាយធំ អំពីភាពជាដៃគូរវាងរដ្ឋ និងឯកជននៅក្នុងការវិនិយោគលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលពីមុខមានតែគម្រោងតូចៗមួយចំនួន។
សម្តេតេជោបន្តថា ផ្លូវល្បឿនលឿននេះ គឺជាបណ្តាញមួយតភ្ជាប់ផ្លូវទូទាំងប្រទេសរបស់ជាតិ និងអន្តរជាតិរាប់ពាន់គីឡូម៉ែត្រ ជាមួយរបៀងសេដ្ឋកិច្ចខាងត្បូងរបស់ មហាអនុតំបន់មេគង្គ អនុរបៀងសេដ្ឋកិច្ចខាងត្បូង និងរបៀងសេដ្ឋកិច្ចឆ្នេរខាងត្បូងក៏ដូចជា តភ្ជាប់ផ្លូវហាយវេអាស៊ាន ជាពិសេសតភ្ជាប់ប៉ូលសេដ្ឋកិច្ចសំខាន់ៗទាំង៣ ដែលនឹងបម្រើជាមជ្ឈមណ្ឌលទីបណ្តុំនៃប្រជាជន ជាទីឆ្លងកាត់ព្រំដែនអន្តរជាតិ ជាកំពង់ផែ ជាព្រលានយន្តហោះ តំបន់សេដ្ឋកិច្ចពិសេស ការដឹកជញ្ជូនទំនិញ អ្នកដំណើរបានលឿនឆាប់រហ័ស ប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាព។
ទាក់ទងនឹងការសាងសង់ផ្លូវនេះ សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ជូនបងប្អូនជនរួមជាតិថា សម្រាប់គម្រោងវិនិយោគផ្លូវល្បឿនលឿននេះ រាជរដ្ឋាភិបាលកម្ពុជា មិនបានខ្ចីលុយពីមិត្តចិនទេ គឺជាការវិនិយោគរបស់ក្រុមហ៊ុនចិនសុទ្ធសាធ តាមរូបភាពសាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT) ដែលមានរយៈពេលកុងត្រា៥០ឆ្នាំ ពោលក្រោយផុតដំណាក់កាល ធ្វើអាជីវកម្មក្រុមហ៊ុននឹងប្រគល់ផ្លូវមួយនេះឲ្យមកកម្ពុជាវិញ។
សម្តេចតេជោបានលើកឡើងទៀតថា ក្រុមហ៊ុនចិនដែលសាងសង់ផ្លូវនេះ មិនបានទាមទារនូវការធានាឥណទាន ពីរាជរដ្ឋាភិបាលកម្ពុជាឡើយ ដោយសារក្រុមហ៊ុនមានជំនឿលើរាជរដ្ឋាភិបាល និងជឿជាក់លើសុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច និងសុវត្ថិភាពនៅកម្ពុជា។
សម្តេចបន្តថា រាជរដ្ឋាភិបាលកម្ពុជាក៏មិនបានផ្តល់ដីឲ្យក្រុមហ៊ុនធ្វើផ្លូវទេ ផ្ទុយទៅវិញ ក្រុមហ៊ុនបានផ្តល់ថវិកាឲ្យរាជរដ្ឋាភិបាល ដើម្បីទិញដីសម្រាប់សាងសង់ផ្លូវ ដោយក្រុមហ៊ុនសុំមានសិទ្ធិធ្វើអាជីវកម្មផ្លូវនៅក្នុងរយៈពេលកំណត់ ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងថា កម្ពុជានៅមានតម្រូវការធ្វើផ្លូវល្បឿនលឿនបន្ថែមទៀត ដូចជាការតភ្ជាប់ទៅវៀតណាម ពីភ្នំពេញទៅបាវិត ខេត្តស្វាយរៀង និងត្រូវតភ្ជាប់ទៅប្រទេសថៃផងដែរ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបញ្ជាក់ថា «ថ្ងៃនេះ យើងបើកត្រឹមតែភ្នំពេញទៅព្រះសីហនុ ក៏ប៉ុន្តែយើងមានតម្រូវការបន្ថែមទៀតអំពីផ្លូវល្បឿនលឿន ដូចជាការតភ្ជាប់ទៅកាន់ប្រទេសវៀតណាម ពីភ្នំពេញទៅបាវិត […] យើងត្រូវតភ្ជាប់ជាមួយថៃ។ តភ្ជាប់ផ្ទៃក្នុងខ្លួនឯងហើយ ត្រូវតភ្ជាប់ជាមួយប្រទេសជិតខាង»។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអោយដឹងថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានប្រវែងសរុបជាង១៩០គីឡូម៉ែត្រ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ផ្លូវល្បឿនលឿននេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២៣។
ផ្លូវនេះឆ្លងកាត់រាជធានីភ្នំពេញប្រវែង ៨.៣០គីឡូម៉ែត្រ ខេត្តកណ្តាលប្រវែង ៩.១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង៨០.៨០គីឡូម៉ែត្រ ខេត្តកោះកុងប្រវែង១.៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩.៨៩គីឡូម៉ែត្រ។
ផ្លូវនេះ តាមសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ពេលដាក់ឲ្យដំណើរការនោះ ក្រុមហ៊ុនក៏បានឯកភាពមិនយកថ្លៃយានយន្តគ្រប់ប្រភេទ ដែលបើកបរលើផ្លូវល្បឿនលឿននេះ ក្នុងរយៈពេល១ខែដំបូង និងបញ្ចុះតម្លៃ២០% សម្រាប់រយៈពេល១ឆ្នាំបន្ទាប់ពីនោះ។ លើសពីនេះទៀត ក្រុមហ៊ុនបានយល់ព្រមកែសម្រួលកម្រៃសេវាឆ្លងកាត់ក្នុងរយៈពេល ៥ឆ្នាំម្តង នៃប្រតិបតិ្តការអាជីវកម្មរបស់ខ្លួនផងដែរ។
ទទឹងតួផ្លូវសរុបនៃគម្រោងខាងលើនឹងត្រូវសាងសង់រហូតដល់ ២៤.៥ម៉ែត្រ ដោយក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ ទទឹង ២៣ម៉ែត្រ ដែលក្នុងនោះរួមមាន៖
* គន្លងផ្លូវធ្វើចរាចរណ៍សម្រាប់រថយន្ដ ទទឹង ១៥ម៉ែត្រ ចែកជា ៤គន្លង (២គន្លង ទៅ ២គន្លងមក) ដែលគន្លងនីមួយៗមានទទឹង ៣.៧៥ម៉ែត្រ ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទអាចបើកបរក្នុងល្បឿនរហូតដល់ ១០០គ.ម ក្នុងមួយម៉ោង និងកន្លែងខ្លះ អាចដល់ ១២០គ.ម ក្នុងមួយម៉ោង។
* ឃឿនសួនចែកទិសចរាចរណ៍នៅចំកណ្តាលទ្រូងផ្លូវ ទទឹង ៣ម៉ែត្រ។
* ចិញ្ចើមផ្លូវក្រាលបេតុងកៅស៊ូ ទទឹង ២,៥០ម៉ែត្រ សងខាង និងចិញ្ចើមផ្លូវក្រាលក្រួសក្រហម ទទឹង ០,៧៥ម៉ែត្រសងខាង។
* សាងសង់លូគ្រប់ប្រភេទចំនួន ២៦៣កន្លែង ស្ពានតូចចំនួន ៥កន្លែង ប្រវែងសរុប ១០៥ម៉ែត្រ ស្ពានធំ និងស្ពានមធ្យមចំនួន ៨០កន្លែង ប្រវែងសរុប ៦.០១៥ម៉ែត្រ។
* សាងសង់ផ្លូវប្តូរទិសចរាចរណ៍ចំនួន ៧កន្លែង ផ្លូវប្រសព្វចំនួន ២៨កន្លែង ផ្លូវក្រោមផ្លូវល្បឿនលឿនចំនួន ២៣៧កន្លែង និងស្ពានរំលងផ្លូវចំនួន ២០កន្លែង។
* សាងសង់តំបន់សេវាកម្ម ឬចំណតឈប់សម្រាកចំនួន ៣កន្លែង ចំណតរថយន្តចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវចំនួន ៤កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៩កន្លែង។
* បំពាក់គ្រឿងបរិក្ខារផ្លូវថ្នល់ រួមមាន ផ្លាកសញ្ញាចរាចរណ៍ ភ្លើងសញ្ញាចរាចរណ៍ និងគំនូសសញ្ញាចរាចរណ៍៕