(កណ្តាល)៖ លោក ហ៉ីង ប៊ុនហៀង ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្តាលស្ទឹង នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ អញ្ជើញជាអធិបតីភាពក្នុងពិធីសម្ពោធ បណ្ណាល័យអនុវិទ្យាល័យគោកត្រប់ និងពិធីប្រគល់ពានរង្វាន់បាល់ទះ នៅអនុវិទ្យាល័យគោកត្រប់ ឃុំគោត្រប់ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
បណ្ណាល័យអនុវិទ្យាល័យគោកត្រប់នេះ និងបន្ទប់អនាម័យ ជាអំណោយរបស់លោក ហ៉ីង ប៊ុនហៀង និងភរិយា រួមនិងកោរុគសិស្សនិស្សិតថ្នាក់វិក្រឹត្តការជាន់ខ្ពស់ នៃសាលាភូមិន្ទរដ្ឋបាល ដើម្បីទុកជាចំណងដៃដល់លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងកូនចៅប្រជាពលរដ្ឋ ឃុំគោកត្រប់ និងការអភិវឌ្ឍសង្គម លើកកម្ពស់វិស័យអប់រំ សរុបថវិកាជាង ២ម៉ឺន៦ពាន់ដុល្លាអាមេរិក។
ក្នុងឱកាសនោះ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ បានបញ្ជាក់ថា អ្វីៗមានមកដល់សព្វថ្ងៃនេះ គឺដោយសារថ្ងៃជ័យជម្នះ ៧មករា ១៩៧៩ គណបក្សប្រជាជនកម្ពុជា និងដោយសារនយោបាយឈ្នះ-ឈ្នះ របស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ រាប់ទាំងវិស័យអប់រំសិក្សាធិការ។ លោក ហ៉ីង ប៊ុនហៀង បានលើកទឹកចិត្តដល់យុវជន និងកោរុគសិស្សនិស្សិត សាលាភូមិន្ទរដ្ឋបាល ឲ្យបន្តចូលរួមចំណែកថែរក្សាសមិទ្ធផល សុខសន្តិភាព កសាងអភិវឌ្ឍន៍ជាតិ ហើយត្រូវចៀសឆ្ងាយពីគ្រឿងញៀន។
លោក ហ៉ីង ប៊ុនហៀង បានថ្លែងនូវអំណរគុណចំពោះកោរុគសិស្សនិស្សិតវិក្រឹតការជាន់ខ្ពស់នៃសាលាភូមិន្ទរដ្ឋបាល ដែលបានចូលរួមចំណែកយ៉ាងសំខាន់ នៅក្នុងការកសាងអគារបណ្ណាល័យ និងបន្ទប់អនាម័យ នៅអនុវិទ្យាល័យគោកត្រប់នាពេលនេះ ដែលជាផ្សារភ្ជាប់ទៅនឹងការលើកកម្ពស់ចំណេះដឹង ធនធានមនុស្ស ក្នុងវិស័យអប់រំ។ ជាមួយនេះ លោកក៏បានសម្តែងនូវការកោតសរសើរផងដែរ ចំពោះយុវជនស្រុកកណ្តាលស្ទឹង ដែលបានចូលរួមប្រកួតកីឡាបាល់ទះ ដណ្ដើមពានរង្វាន់អបអរសាទរខួប៤០ឆ្នាំ ទិវាជ័យជំនះ៧មករា ឆ្នាំ១៩៧៩ -៧មករា ឆ្នាំ២០១៩។
ប្រធានក្រុមការងារថ្នាក់ជាតិប្រចាំស្រុកកណ្តាលស្ទឹងរូបនេះ បានថ្លែងទៀតថា កីឡាជាទូតគោចរនៃសន្តិភាព។ លោកថា បញ្ជាការដ្ឋានអង្គរក្ស នឹងរៀបចំកម្មវិធីប្រឡងចម្រៀង សិល្បៈ និងចាប់រង្វាន់ជាច្រើន ដើម្បីអបអរសាទរបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខ ដោយបើកទូលាយឲ្យប្រជាពលរដ្ឋ និងយុវជន ចូលរួមសប្បាយរីករាយផងដែរ។
លោក អូច សាវឿន អភិបាលរងស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា លោក ហ៉ីង ប៊ុនហៀង បានបង្កើតឲ្យមានការប្រកួតកីឡាដណ្ដើមពានរង្វាន់បាល់ទះ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ៤០ឆ្នាំ នៃថ្ងៃជ័យជំនះ ៧ មករា ១៩៧៩-២០១៩ ប្រចាំស្រុកកណ្តាលស្ទឹង។
លោកបន្តថា កីឡាករដែលបានចូលរួមប្រកួតមានចំនួន ២១ក្រុម មកពី១៨ឃុំទូទាំងស្រុក និងវិទ្យាល័យចំនួន៣ ដោយបានបែងចែកជា ៤ពូល ក្នុង១ពូល មានចំនួន ៥ក្រុម។ ប្រកួតមានរយៈពេល ៤សប្តាហ៍ ជាលទ្ធផលប្រកួត ជ័យលាភីលេខ១ បានលើក្រុមយុវជនអន្លង់រមៀតមានជ័យ, លេខ២ ក្រុមយុវជនកូននាគដើមឬស, លេខ៣ ក្រុមយុវជននាគទេពបឹងខ្យាង និងជ័យលាភីលេខ៤ បានលើក្រុមយុវជនអំពៅព្រៃដំរីស។
ជាចុងក្រោយ លោក ហ៉ីង ប៊ុនហៀង បានឧបត្ថម្ភដល់អនុវិទ្យាល័យគោកត្រប់ នូវម៉ាស៉ីនកំព្យូទ័រ៣គ្រឿង ព្រីនធឺរ៣គ្រឿង និងថវិកា ១លានរៀល ដល់ក្រុមកីឡាករ ចំណាត់ថ្នាក់លេខ១ មានពាន១ បាល់ចំនួន៥ និងថវិកា២លានរៀល, លេខ២ ថវិកា១លាន៥សែនរៀល, លេខ៣ ថវិកា១លានរៀល និងចំណាត់ថ្នាក់លេខ៤ ថវិកា៥០ម៉ឺនរៀល។
ដោយឡែកក្រុមមិនជាប់ចំណាត់ថ្នាក់ ក្នុង១ក្រុមៗ ឧបត្ថម្ភថវិកា២០ម៉ឺនរៀល ព្រមទាំងចែកជូនដល់គណៈកម្មការ កីឡាករលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងយុវជន ជាច្រើនទៀត៕