(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានរកឃើញការកើនឡើងនៃករណីជំងឺពងបែកដៃជើង និងមាត់ នៅលើកុមារក្រោមអាយុ៥ឆ្នាំ និងករណីខ្លះមានសភាពធ្ងន់ធ្ងរ ដែលតំរូវឱ្យសម្រាកនៅមន្ទីរពេទ្យកុមារ ដើម្បីសង្គ្រោះបន្ទាន់ នៅក្នុងអំឡុងពេលនៃការកើនឡើងកំដៅនេះ ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ។
ជំងឺពងបែកដៃ ជើងនិងមាត់ គឺជាជំងឺឆ្លងមួយប្រភេទកើតឡើង ញឹកញាប់ចំពោះទារក និងកុមារ ។វាបង្កឱ្យមានរោគសញ្ញា គ្រុនក្ដៅ មានដំបៅឈឺក្នុងមាត់ និងមានពងកន្ដួល លើបាតដៃ បាតជើង និងកំប៉េះគូទ។វាកើតមាននៅក្នុងប្រទេសជាច្រើនពេញទូទាំងពិភពលោក ដែលជំងឺនេះ ភាគច្រើនជាជំងឺស្រាល ហើយអ្នកជំងឺ ស្ទើរតែទាំងអស់ជាសះស្បើយក្នុងរយៈពេលពី៧ថ្ងៃ ទៅ១០ថ្ងៃ ដោយពុំចាំបាច់មានការព្យាបាល ហើយកម្រមានផលវិបាកណាស់ អ្នកជំងឺត្រូវបរិភោគទឹកឱ្យបានច្រើន ហើយអ្នកជំងឺអាចត្រូវការថ្នាំបញ្ចុះកំដៅ និងថ្នាំបំបាត់ការឈឺចាប់ ដែលបណ្ដាលមកពីពងបែកក្នុងមាត់ ។
ក្រសួងសុខាភិបាល បានបង្ហាញពីវិធានការការពារជំងឺនេះ ដូចជា៖
*អនុវត្ដអនាម័យល្អ និងការយកកូនទៅពេទ្យទាន់ពេល ប្រសិនបើមានរោគសញ្ញាធ្ងន់ធ្ងរ ។
*អ្នកត្រូវលាងដៃកុមារឱ្យបានច្រើន និងញឹកញាប់ជាមួយទឹក និងសាប៊ូ ឬជាមួយទឹកអាល់កុល ជាពិសេស ក្រោយប៉ះពងបែក ឬដំបៅ មុនពេលរៀបចំអាហារមុនពេលបរិភោគ មុនបញ្ចុក ចំណីដល់ទារក ឬកុមារក្រោយប្រើប្រាស់បង្គន់អនាម័យ និងក្រោយ ប្ដូរទ្រនាប់ គូទទារក ឬជូតសំអាត រាងកាយកុមារ។
*លាងសំអាតផ្ទៃ និងរបស់ដែលប្រលាក់ដោយទឹក និងសាប៊ូ ។
*ជៀសវាងការប៉ះពាល់សិទ្ធិសាល (ថើប អោប ប្រើប្រាស់សម្ភារសម្រាប់ហូបចុក រួមគ្នា) ជាមួយកុមារដែលមានជំងឺពងបែកដៃ ជើង និងមាត់ អាចកាត់បន្ថយការឆ្លងផងដែរ ។
ផ្ដល់អាហារដែលមានជីវជាតិច្រើន និងទឹកស្អាតដល់កុមារ ។ប្រើស្លាបព្រា និងចានដាច់ដោយឡែក សម្រាប់កុមារនីមួយៗ ។
ទន្ទឹមនឹងនោះ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺពងបែកដៃជើង និងមាត់ នៅពេលដែលអាកាសធាតុឡើងក្ដៅខ្លាំងនេះ តាមរយៈការរក្សាអនាម័យឱ្យបានល្អ ឧស្សាហ៍លាងដៃជាមួយសាប៊ូ និងទឹកឱ្យបានញឹកញាប់ ទាំងកុមារ និងអ្នកថែទាំកុមារ ។បើកុមារឬទារកមានសញ្ញាគ្រោះថ្នាក់ ដូចជា សន្លឹម ប្រកាច់ ឬកន្ដ្រាក់ដៃជើង ឬរោគសញ្ញាផ្លូវដង្ហើម (ហត់) ត្រូវប្រញាប់ទៅមន្ទីរពេទ្យ ដែលនៅជិតបំផុត៕
ព័ត៌មានលម្អិត សូមអានសេចក្ដីប្រកាសរបស់ក្រសួងសុខាភិបាល ដូចខាងក្រោមនេះ៖