(ភ្នំពេញ)៖ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេ ក្នុងយុគ្គសម័យដឹកនាំរបស់សម្តេចតេជោសែន ចាប់ផ្តើមដំណើរការសាងសង់ហើយនៅថ្ងៃសុក្រ ២រោច ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ដោយចំណាយថវិកាប្រមាណ ២ពាន់លានដុល្លារអាមេរិក។
ពិធីបើកការដ្ឋានសាងសង់ផ្លូវល្បឿនលឿនជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសកម្ពុជានេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ខុង សៀនយ៉ូវ (KONG XUANYOU) អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិន។
ក្នុងឱកាសនោះ ក្រុមហ៊ុន XCMG ដែលជាក្រុមហ៊ុនផលិតគ្រឿងម៉ាស៊ីនធុនធ្ងន់របស់ចិន បានដាក់តាំងបង្ហាញក្នុងពិធីសម្ពោធនេះផងដែរ ។ក្រុមហ៊ុន XCMG បានបង្កើតឡើងនៅឆ្នាំ ១៩៤៣ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងទីក្រុងស៊ូចូវ ខេត្តជាំងស៊ូ។ មកដល់ឆ្នាំ២០១៨ បានជាប់ចំណាត់ថ្នាក់លេខ១ នៅប្រទេសចិន និងលេខ៦ នៅក្នុងឧស្សាហកម្មគ្រឿងម៉ាស៊ីនលើពិភពលោក។
សូមជម្រាបថា ក្រុមហ៊ុន XCMG បានមានវត្ដមាននៅកម្ពុជា ក្នុងឆ្នាំ២០១៤ ក្រោមទុនវិនិយោគប្រមាណ១០លានដុល្លារ។ គ្រឿងចក្រធុនធ្ងន់នេះ បានចូលចំណែកជាច្រើន ក្នុងការជួយពន្លឿនកិច្ចការងារ ក្នុងការសាងសង់ផ្លូវ និងស្ពានកន្លងមកនៅកម្ពុជា ៕