(ភ្នំពេញ)៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ បានជួបពិភាក្សាការងារជាមួយ ​លោក យូ ស៊ីងជួន (YU Xingjun) អគ្គនាយកក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងធនធានទឹក និងឧតុនិយម​​កម្ពុជា និងក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន។

បន្ទាប់ពីលោករដ្ឋមន្រ្តី បានសំដែងនូវការស្វាគមន៍ និងបានជម្រាបអំពីកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និងដោយឡែកលើវិស័យធនធានទឹក រវាងប្រទេសទាំងពីររួចមក លោក យូ ស៊ីងជួន បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យរូបលោក និងសហការី បានចូលជួបសំដែងការគួរ និងពិភាក្សាការងារ ក្នុងកំឡុងពេលដែល​មានបេសកកម្មការងារនៅកម្ពុជា។

​លោក យូ ស៊ីងជួន បាន​នាំនូវការផ្តាំផ្ញើសួរសុខទុក្ខជូនចំពោះលោករដ្ឋមន្រ្តី ពីសំណាក់លោករដ្ឋមន្រ្តីក្រសួងធនធានទឹក នៃសាធារណរដ្ឋប្រជាមានិតចិន និងលោកបានវាយតម្លៃខ្ពស់ចំពោះភាព រីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសកម្ពុជា និងសមិទ្ធផលជាផ្លែផ្កា នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសលើវិស័យធនធានទឹក រវាងប្រទេសទាំងពីរកម្ពុជា-ចិន។​

សូមជម្រាបថា តាមរយៈកិច្ចសហប្រតិបត្តិការលើវិស័យធនធានទឹករវាងប្រទេសទាំងពីរ រហូតមកដល់ពេលនេះ ភាគីចិន បានជួយដល់កម្ពុជាលើ៖ ទី១​៖ការបណ្តុះបណ្តាលធនធានមនុស្ស, ទី២៖ការសិស្សា ប្លង់មេស្តីពីផែនការគម្រោងធនធានទឹកនៅកម្ពុជា, ទី៣៖គម្រោងសាង់សង់វិទ្យាស្ថានធនធានទឹក និងទី៤៖ការអនុវត្តគម្រោងលើការអភិវឌ្ឍធនធានទឹកតាមស្ទឹង អាងទឹក ប្រព័ន្ធស្រោចស្រព ការការពារទឹកជំនន់ជាដើម ដែលការជួយគាំទ្រទាំងនេះ បាននិងកំពុងរួមចំណែកជួយដល់ការអភិវឌ្ឍ និងភាពរីកចម្រើននៃសេដ្ឋកិច្ចកម្ពុជា នាពេលបច្ចុប្បន្ន។

តាងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធនធានទឹក និងឧតុនិយម លោករដ្ឋមន្រ្តី លឹម គានហោ បានថ្លែងនូវអំណរគុណដ៏ជ្រាលជ្រៅ ជូនចំពោះរដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជួយដល់ការកសាង និងអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ រហូតមកដល់បច្ចុប្បន្ន។

លោករដ្ឋមន្រ្តី និងលោក យូ ស៊ីងជួន បានធ្វើការផ្លាស់ប្តូរមតិយោបល់គ្នាប្រកបដោយភាតរៈស្និតស្នាលលើការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹក និងបានប្តេជ្ញារួមគ្នាដើម្បីបន្តពង្រឹងភាពកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូលើវិស័យធនធានទឹករវាងប្រទេសទាំងពីរ ឲ្យបានកាន់តែល្អប្រសើរ និងទូលំទូលាយថែមទៀត ដើម្បីនាំមកនូវផលប្រយោជន៍ ប្រកបដោយចីរភាព សម្រាប់ប្រទេសទាំងពីរទាំងពេលបច្ចុប្បន្ន និងទៅអនាគត៕