(ភ្នំពេញ)៖ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនកណ្ដាលនគរបាលយុត្តិធម៌ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសកម្មភាព បង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆក់ ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងបង្កើតក្រុមការងារពិសេសមួយ ដើម្បីចុះជួយពង្រឹងលើការងារនេះ។
ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ថ្នាក់ដឹកនាំនាយកដ្ឋានជំនាញពាក់ព័ន្ធ, អនុប្រធាននាយកដ្ឋាន, នាយការិយាល័យជំនាញ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ, អធិការខណ្ឌ និងមន្ដ្រីនគរបាលពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
ថ្លែងក្នុងកិច្ចប្រជុំដ៏មានសារសំខាន់នោះ លោកឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា បានបញ្ជាក់ថា ផែនការសកម្មភាពនេះ គឺសម្ដៅពង្រឹងស្ថិរភាព សន្ដិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានកាន់តែល្អប្រសើរថែមទៀត ដើម្បីបម្រើដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ រួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
លើសពីនេះ ដើម្បីបង្កើនភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ស្ថិតក្នុងអារម្មណ៍ហ្នឹងហ្គូរ គ្មានការខ្វល់ខ្វាយ ព្រួយបារម្ភ អំពីសុវត្ថិភាពផ្ទាល់ខ្លួន និងបង្កើនភាពជឿទុកចិត្ត ពីសំណាក់វិនិយោគិនដែលបានទទួលការអនុញ្ញាតធ្វើធុរៈកិច្ច និងអ្នកទេសចរធ្វើទស្សនកិច្ច ក្នុងប្រទេសកម្ពុជា។
អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានជំរុញឲ្យកម្លាំងនគរបាលដែលមានការពាក់ព័ន្ធ ត្រូវអនុវត្តផែនការយុទ្ធសាស្ត្រ០៥ឆ្នាំ លើកទី២ (២០១៥-២០១៩) របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងគោលដៅកាត់បន្ថយបទល្មើស គ្រប់ប្រភេទ ពិសេសអំពើ លួច-ឆក់ ដែលជះឥទ្ធិពលដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម និងកិត្តិយសប្រទេសជាតិ។
លោកឧត្តមសេនីយឯក អ៉ិន បូរ៉ា បានណែនាំបន្ថែមឲ្យខិតខំលើកកម្ពស់សមត្ថភាពកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ ដើម្បីបំពេញភារកិច្ចឲ្យមានប្រសិទ្ធិភាព ខំបង្រួមភូមិសាស្ត្រធ្លាប់មានសកម្មភាពលួច ឆក់ ឲ្យកាន់តែនៅរួមតូច និងអំពើលួច ឆក់ឲ្យកាន់មានចំនួនអតិប្បរិមា៕