(កំពង់ធំ)៖ ក្នុងគោលបំណង ការពារផលប្រយោជន៍ អ្នកប្រើប្រាស់ និងចូលរួមទប់ស្កាត់ ផលប៉ះពាល់ដល់សុខភាពអ្នកប្រើតាមរយៈចំណីអាហារ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ សាខាកាំកុងត្រូលខេត្តកំពង់ធំ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារបានបន្តចុះពិនិត្យ និងផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារនៅផ្សារស្ទឹងសែន ភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន រកឃើញផលិតផល៧មុខ ខូចគុណភាព។
លោកលៀង សុភា ប្រធានសាខាកាំកុងត្រូលខេត្តកំពង់ធំ បានថ្លែងថា បន្ទាប់ពីបានពិនិត្យ ដោយប្រើតេស្តឃីត Test Kit ទៅលើម្ហូបអាហារមួយចំនួន ដែលកំពុងដាក់តាំង លក់នៅក្នុងផ្សារស្ទឹងសែន រួចមកជាលទ្ធផល គឺទទួលបានលទ្ធផលល្អ ដោយពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់ នៅក្នុងផលិតផលម្ហូបអាហារទាំងនោះឡើយ។
ចំពោះការពិនិត្យមើលលើផលិតផលគ្រឿង កំប៉ុង ដប និងផលិតផលវិចខ្ចប់រួច ក្រុមការងារបានរកឃើញទំនិញហួសកាលបរិច្ឆេទ និងខូចគុណភាព ដូចជា ភេសជ្ជៈ ម៉ាក Red dragon ចំណុះ៣៣០ml ចំនួន៦ដប ផលិតនៅប្រទេសថៃ ទឹកគោជល់ ម៉ាក gold bull ចំណុះ១៥០ml ចំនួន១២កំប៉ុង ប្រហិតសាច់មាន់ ចំនួន៤កញ្ចប់ ហកដក ចំនួន៣កញ្ចប់ មីឡូ ១០កញ្ច ប់ កាហ្វេ ម៉ាកbirdy ចំនួន១២០កញ្ចប់ បានធ្វើកំណត់ដកហូតទុកដុតកំទេចចោល ។
ទន្ទឹមនឹងការចុះត្រួតពិនិត្យគុណភាពទំនិញ ក្រុមកាងារក៏បានចែកផ្សាយនូវ រូបភាព Poster និងណែនាំដល់អាជីវករ អ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹងអំពីរបៀប នៃការដាក់តាំងលក់ផលិតផល ចំណីអាហារឲ្យនៅដាច់ពីគ្នា។
គេសង្កេតឃើញថា ក្នុងប្រតិបត្តិការខាងលើនេះ គឺបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករផ្សារ បានសម្តែងនៅទឹកចិត្តរីករាយ និងគាំទ្រចំពោះសកម្មភាព របស់មន្ត្រីកាំកុងត្រូល ដែលតែងតែចុះពិនិត្យទំនិញ រកសារធាតុគីមី ដើម្បីការពារសុវត្ថិភាពម្ហូបអាហារ ក៏ដូចជាការពារសុខភាពរបស់ពួកគាត់ផងដែរ៕