Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្មករជាង៨០នាក់ នៅរោងចក្រមួយក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានដួលសន្លប់ ដោយសារធំក្លិនបំពង់ទុយោខ្យល់

22-03-2019 11:14

(កណ្តាល)៖ ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន បានប្រាប់អង្គភាពព័ត៌មាន Fresh News ថា នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ កម្មករ-កម្មការិនី ជាង៨០នាក់ ដែលបម្រើការងារនៅរោងចក្រទី១ ហៅ ឥណ្ឌូចិន អឹភែរឹល ខេមបូឌា អិលធីឌី ស្ថិតនៅភូមិព្រៃចាស់ ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល បានដួលសន្លប់ជាបន្តបន្ទាប់។

បើតាមលោកស្នងការ មូលហេតុដែលនាំក្រុមកម្មករជួបហេតុការណ៍បែបនេះ ដោយសារតែពួកគេធំក្លិនចេញពីតំណបំពង់ទុយោខ្យល់ ដែលទើបតែផ្សាដែកហើយថ្មីពីម្សិលមិញ។ លោកបានបញ្ជាក់ថា «ម្សិលមិញ ក្រុមជាងបានចូលទៅផ្សាដែក និងទុយយោ រួចហើយនៅថ្ងៃនេះ ពេលក្រុមកម្មករចូលធ្វើការ ក៏ធំក្លិនស្រាប់តែដួលសន្លប់តែម្តង»

យ៉ាងណាក៏ដោយ ជនរងគ្រោះទាំង៨៤នាក់ មានស្រ្តីពោះធំ៦នាក់ ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ តែគិតរហូតមកដល់ពេលនេះ ជនរងគ្រោះបានធូរស្រាលហើយ រហូតបានចេញពីមន្ទីរពេទ្យវិញក៏បានច្រើនផងដែរ នៅតែស្រ្តីពោះធំ ដើម្បីបញ្ចូលសារ៉ូមបន្តទៀត។

របាយការណ៍របស់អធិការដ្ឋាននគរបាលស្រុក បានបង្ហាញថា រោងចក្រនេះមានកម្មករសរុប៣២៥០នាក់ ប្រុស២៦៧នាក់។ ក្រោយមានហេតុការណ៍នេះកើតឡើង ក្រុមកម្មរផ្សេងទៀត ក៏ត្រូវឲ្យឈប់សម្រាកជាបណ្តោះអាសន្នផងដែរ៕