(ភ្នំពេញ)៖ សហព័ន្ធកីឡាវាយសីកម្ពុជាបានប្រកាសថ្នាក់ដឹកនាំ ២រូប ដើម្បីជំរុញការអភិវឌ្ឍន៍វិស័យកីឡានេះឲ្យរីកចម្រើន និងធានាដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ ក្នុងនោះលោក សុខ ប៉ាង បានទទួលការគាំទ្រធ្វើជាសមាជិកប្រតិបត្តិថ្មីជំនួសកៅអីលោក ស្ដើង ជា ដែលបានប្រកាសលាលែង និងលោកឧកញ៉ា អ៊ឹម ភាន់សុផល ត្រូវបានប្រកាសតែងតាំងជាទីប្រឹក្សាជាន់ខ្ពស់របស់សហព័ន្ធ។
ការប្រកាសសមាសភាពថ្នាក់ដឹកនាំនេះ បានធ្វើឡើងក្នុងមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់សហព័ន្ធ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានាថ្ងៃទី២១ ខែមីនា ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ឯក លី កុសល ប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា និងមានការចូលរួមជាសាក្សីពីលោក ព្រំ ប៊ុណ្ណយី ទីប្រឹក្សាក្រសួងអប់រំ យុវជន និងកីឡាផងដែរ។
លោក លី កុសល បានថ្លែងថា តាមរយៈការវត្តមានរបស់សមាជិកប្រតិបត្តិថ្មី និងទីប្រឹក្សាជាន់ខ្ពស់ខាងលើ គឺជាកត្ដារួមផ្សំដ៏សំខាន់ ក្នុងការរួមចំណែកធ្វើឲ្យការងារអភិវឌ្ឍ និងការរៀបចំព្រឹត្តិការណ៍ផ្សេងៗកាន់តែទទួលបានជោគជ័យ ដើម្បីចម្រាញ់បាននូវធនធានកីឡាករ-កីឡាការិនីឆ្នើម ត្រៀមចូលរួមការប្រកួតលើឆាកអន្ដរជាតិ ពិសេសដំណើរឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។
បន្ថែមលើនេះ ប្រធានសហព័ន្ធដដែល បានផ្ដោតលើកត្ដាសំខាន់ ២ចំណុច ដែលត្រូវបង្កើនការយកចិត្តទុកដាក់ ក្នុងឆ្នាំ២០១៩ និង ៣ឆ្នាំបន្ទាប់ ទី១៖ តាមដានការហ្វឹកហាត់កីឡាករ-កីឡាការិនី ទាំងនៅសហព័ន្ធ និងតាមបណ្ដាក្លឹប ដើម្បីពង្រឹងគុណភាព និងសមត្ថភាព ចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ។ ក្នុងន័យនេះ សហព័ន្ធក៏បានប្ដេជ្ញាខំប្រឹងរៀបចំការប្រកួតនានា ដើម្បីជំរុញការប្រកួតប្រជែងកម្រិតខ្ពស់ផងដែរ។
ទី២៖ កីឡាជនពិការ ត្រូវបានលោក លី កុសល ស្នើគ្រប់ភាគីពាក់ព័ន្ធ ដោយផ្ដើមចេញពីសហព័ន្ធ សមាគម និងក្លឹប ត្រូវស្វែងរកធនធានកីឡាករ-កីឡាការិនីជនពិការមកបណ្ដុះបណ្ដាលឲ្យក្លាយជាកីឡាជំនាញមួយ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតលើឆាកអន្ដរជាតិ ត្បិតកីឡានេះ មានលទ្ធភាពខ្ពស់ក្នុងការប្រជែងមេដាយ។ ដូច្នេះលោកបានស្នើ និងលើកទឹកចិត្តឲ្យបងប្អូនជនពិការ ចូលរួមលេងកីឡា ទៅតាមលទ្ធភាពរៀងៗខ្លួន។
ចំពោះសមិទ្ធផលឆ្នាំចាស់ ត្រូវបានប្រធានសហព័ន្ធ ធ្វើការវាយតម្លៃខ្ពស់ បន្ទាប់ពីសហព័ន្ធកីឡាវាយសីកម្ពុជា សម្រេចបានលទ្ធផលមួយចំនួនធំ ដែលធ្វើឲ្យមានការកើនឡើងទាំងបច្ចេកទេស និងធនធាន។ ពិសេសក្នុងឆ្នាំ២០១៨ កីឡាវាយសីកម្ពុជា បានលេចមុខលេចមាត់លើឆាកអន្ដរជាតិ ក្រោយកីឡាករ វ៉ាត វណ្ណធន់ ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសាជាក្រុមចម្រុះជាតិសាសន៍ នៃព្រឹត្តិការណ៍អូឡាំពិកយុវជន លើកទី៣ នៅអាហ្សង់ទីន៕