(រតនគិរី)៖ មានករណីផ្ទុះផាវគ្រាប់បែកដបអឹម១៥០ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ បានបណ្តាលឱ្យមនុស្សប្រុស-ស្រីចំនួន៥នាក់ រងរបួសធ្ងន់ និងស្រាល ស្ថិតនៅភូមិសៀងសាយ ឃុំតាវែងក្រោម ស្រុកតាវែង ខេត្តរតនគិរី។
នគរបាលស្រុកតាវែង ប្រាប់ឱ្យដឹងថា ជនរងគ្រោះទាំង៥នាក់ខាងលើនេះ រួមមានទី១៖ ឈ្មោះ ហេង សារឿន ភេទប្រុស រងរបួសធ្ងន់ ជើងខាងស្តាំ, ទី២៖ ឈ្មោះ សើន អួន ភេទប្រុស អាយុ១១ឆ្នាំ របួសធ្ងន់ ត្រង់មុខ, ទី៣៖ ឈ្មោះ តឿង ជឿង ភេទប្រុស អាយុ៨ឆ្នាំ របួសធ្ងន់ធ្លាយពោះវៀន, ទី៤៖ ឈ្មោះ សន ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ របួសស្រាល និងទី៥៖ ឈ្មោះ ចាង ត្រិន ភេទស្រី អាយុ២៦ឆ្នាំ របួសស្រាល។
សមត្ថកិច្ចមូលដ្ឋានខាងលើ បញ្ជាក់ឱ្យដឹងទៀតថា ករណីខាងលើនេះបង្កឡើងដោយឈ្មោះ ហេង សារឿន។ បច្ចុប្បន្នជនរងគ្រោះដែលរងរបួសធ្ងន់ទាំង៣នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តរតនគិរី។
ហើយនៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩នេះ លោកវេជ្ជបណ្ឌិត ហ៊ីង ផានសគន្ធា នាយកមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តរតនគិរីថា ក្នុងចំណោមអ្នករបួសធ្ងន់៣នាក់នេះ មានក្មេងប្រុសឈ្មោះ តឿង ជឿង បានធ្វើការវះកាត់យកក្បាលគ្រាប់ចេញ (ផុតគ្រោះថ្នាក់) និង២នាក់ទៀត ស្ថានភាពជំងឺបានប្រសើរហើយ៕