(ប៉ៃលិន)៖ លោក សៅ សារ៉ាត់ ក្នុងនាមលោកស្រី បាន ស្រីមុំ ប្រធានគណៈកម្មាធិការកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន រួមដំណើរដោយសមាជិក សមាជិកា សាខាកាកបាទក្រហមកម្ពុជាខេត្ត គណៈកម្មការអនុសាខាកាកបាទក្រហមស្រុកសាលាក្រៅ យុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងអាជ្ញាធរមូលដ្ឋាន នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ បាននាំអំណោយសង្គ្រោះបន្ទាន់ ទៅជួយឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះធម្មជាតិ ចំនួន១៤គ្រួសារ ដោយសារខ្យល់កន្ត្រាក់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
នៅក្នុងឱកាសនោះដែរ លោក សៅ សារ៉ាត់ បានថ្លែងថា កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់ពីទុក្ខលំបាក របស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះមហន្តរាយផ្សេងៗ ជាពិសេស ជួយសង្គ្រោះប្រជាពលរដ្ឋខ្វះខាតស្បៀង ដោយមិនទុកឲ្យពលរដ្ឋណាម្នាក់អត់បាយដោយមិនបានដឹង និងមិនជួយសង្គ្រោះនោះឡើយ។
លោកអនុប្រធានបានបញ្ជាក់ថា នាពេលកន្លងមកនាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានកិត្តិយសសាខា និងលោកស្រី បាន ស្រីមុំ បានខិតខំគៀងគរស្វែងរកមូលនិធិពីសប្បុរសជនទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីយកមកត្រៀមបង្ការជួយសង្គ្រោះ បងប្អូនប្រជាពលរដ្ឋក្នុងខេត្ត ដែលជួបប្រទះនៅឧបទ្ទេវហេតុ និងគ្រោះធម្មជាតិផ្សេងៗ ហើយជាក់សែ្តងនៅពេលនេះ គ្រាន់តែទទួលបានព័ត៌មាន ពីអាជ្ញាធរមូលដ្ឋានមកថា មានប្រជាពលរដ្ឋរងគ្រោះដោយសារខ្យល់កន្ត្រាក់បំផ្លាញផ្ទះសម្បែង លោកស្រីក៏បានចាត់ឱ្យក្រុមការងារ ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយសង្គ្រោះបន្ទាន់ មកឧបត្ថម្ភជូនពួកគាត់ឱ្យបានទាន់ពេលវេលា ដោយមិនប្រកាន់បក្សពួក ឬនិន្នាការនយោបាយអ្វីឡើយ។
លោក សៅ សារ៉ាត់ ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ សូមកុំឱ្យមានការអស់សង្ឃឹម ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបររកស៊ី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច គ្រួសារទៅថ្ងៃខាងមុខបន្តទៀត ហើយបើទោះបីជាអំណោយទាំងនេះ វាមិនអាចដោះស្រាយក្នុងជីវភាពរបស់ពួកគាត់ បានយូរអង្វែងក្តី តែក៏អាចដោះស្រាយបានមួយរយៈផងដែរ ជាពិសេសត្រូវយកចិត្តទុកដាក់ថែទាំសុខភាព និងមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះធម្មជាតិនានា។
ប្រជាពលរដ្ឋរងគ្រោះ បានថ្លែងអំណរគុណដល់លោកស្រី បាន ស្រីមុំ និងក្រុមការងារទាំងអស់ ព្រមទាំងយុវជនកាកបាទក្រហម យុវជន ស.ស.យ.ក និងអាជ្ញាធរមូលដ្ឋាន ដែលបានគិតគូរខ្ពស់ពីសុខទុក្ខ និងដោះស្រាយនូវការលំបាករបស់ពួកគាត់បានទាន់ពេលវេលា។
សូមបញ្ជាក់ថា អំណោយសង្គ្រោះបន្ទាន់ដែលសាខាកាកបាទក្រហមកម្ពុជាសាខាខេត្តប៉ៃលិន ចែកជូនប្រជាពលរដ្ឋរងគ្រោះទាំង ១៤គ្រួសារ នាឱកាសនោះ រួមមាន៖ អង្ករ ៣០គីឡូក្រាម មី១កេះ ត្រីខ១យួ ឃីត១ (មុង ១ ក្រម៉ា១ សារ៉ុង ១ ភួយ ១) ស័ង្កសីសម្រាប់ប្រក់ផ្ទះ និងគ្រួសារខូចខាត់ធ្ងន់ ថវិកាចំនួន ២០ម៉ឺន គ្រួសារខូចខាតស្រាល ថវិកាចំនួន ១០ម៉ឺនរៀល៕