(ភ្នំពេញ)៖ នារាត្រីថ្ងៃអង្គារ៍ ១៤កើត ខែផល្គុន ឆ្នាំច សំរិទ្ធិស័ក ពុទ្ធសករាជ ២៥៦២ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីអបអរសាទរ បុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ប្រកបដោយភាពអធឹកអធម។
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដែលជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានលើកឡើងថា ដោយបានទទួលការអនុញ្ញាត ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជារៀងរាល់ឆ្នាំបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងឆក់ឱកាសរៀបចំពិធីជួបជុំសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ទូទាំងរាជធានីភ្នំពេញ ដោយភ្ជាប់ជាមួយអំណោយ ជាចំណងដៃជូនដល់សាម៉ីខ្លួនផង ក៏ដូចជាទុកយកទៅជូនក្រុមគ្រួសារ សម្រាប់ជាការអបអរសាទរបុណ្យចូលឆ្នាំថ្មីផង ព្រមទាំអបានរៀបចំ ពិធីជប់លៀងអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី មុនថ្ងៃកំណត់ចូលឆ្នាំមកដល់ដើម្បីជាការលើកទឹកចិត្តដល់នាយទាហាន នាយទាហានរង និង ពលទាហាននៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានប្រឹងប្រែងបំពេញការងារទាំងយប់ទាំងថ្ងៃក្នុង រយៈកាលកន្លងមក និងដើម្បីទុកពេលវេលាបំពេញភារកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងថ្ងៃចូលឆ្នាំថ្មីខាងមុខ។
ឆ្នាំនេះគឺជាលើកទី៥ហើយ ដែលកងរាជអាវុធហត្ថរាជធានីភ្នំពេញ តែងបានរៀបចំកម្មវិធីសំណេះសំណាលចែកអំណោយ និងជប់លៀងអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីនេះឡើង ហើយរៀងរាល់ឆ្នាំ តែងមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗជាច្រើនដួង ស្ម័គ្រខ្លួនចូលមកបង្ហើរសំនៀងកំដររាត្រីអបអរបុណ្យចូលឆ្នាំថ្មី កក្រើកបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញផងដែរ៕