(ភ្នំពេញ)៖ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចពិភាក្សាការងារជាមួយអនុរដ្ឋមន្ត្រីការបរទេសចិន ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្នើឱ្យរដ្ឋាភិបាលចិន ពន្លឿនការទិញអង្ករ និងផលិតផលកសិផលពីកម្ពុជាបន្ថែមទៀតដូចជា៖ ម្រេច ស្វាយ តាង៉ែន ផងដែរ។
ការស្នើបែបនេះ របស់អតីតប្រមុខការទូតកម្ពុជា បានធ្វើឡើងនៅព្រលប់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី បានជួបពិភាក្សាការងារជាមួយលោក គង់ ស៊ន់យូ Kong Xuanyou អនុរដ្ឋមន្រ្តីការបរទេសចិន នៅវិមានសន្តិភាព។
ទន្ទឹមនឹងការលើកឡើងបែបនេះ របស់ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង គឺស្របតាមការឯកភាពរបស់លោក ស៊ីជីន ពីង ប្រធានាធិបតីនៃសាធារណ ប្រជាមានិតចិន បានជួបភិក្សាការងារជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា នាពេលកន្លង ដោយបានសន្យាទិញអង្ករពីរកម្ពុជា ក្នុងឆ្នាំ២០១៩នេះ ចំនួន៤០ម៉ឺនតោន។
ជាមួយនឹងការសន្យាទិញអង្ករពីរកម្ពុជានេះ ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យរដ្ឋាភិបាលចិនធ្វើយ៉ាងជួយពន្លឿនការទិញអង្ករពីរកម្ពុជា ឱ្យបានគ្រប់ចំនួន ក្នុងឆ្នាំ២០១៩នេះ ដើម្បីជួយលើកកម្ពស់ជីវភាពកសិករកម្ពុជាផងដែរ។ ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យចិនជួយទិញកសិផលពីរកម្ពុជា បន្ថែមទៀតដូចជា៖ ម្រេច ស្វាយ តាង៉ែន ជាដើម។
ជាការឆ្លើយតប លោក គង់ ស៊ន់យូ Kong Xuanyou បានសន្យាថា នឹងខិតខំពន្លឿនការទិញអង្ករពីរកម្ពុជា ជាពិសេសបានសន្យានឹងទិញកសិផលពីរកសិករកម្ពុជា ឱ្យបានច្រើនបន្ថែមទៀត។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលចិន ដែលបានជួយប្រទេសកម្ពុជាលើគ្រប់វិស័យដូចជា៖ ហេដ្ឋារចនាសម្ព័ន្ធ សុខាភិបាល កសិកម្ម និងធនធានមនុស្សជាដើម៕