(ភ្នំពេញ)៖ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា បានចូលរួមសហការជាមួយថ្នាក់ដឹកនាំ ខេត្តតាកែវ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចែកទឹកបរិសុទ្ធកម្ពុជាចំនួន១០,០០០កេស ដល់ប្រជាពលរដ្ឋចំនួន២៥០០គ្រួសារ ដែលកំពុងខ្វះទឹកស្អាតសម្រាប់ទទួលទាន និងប្រើប្រាស់ មកពីឃុំអង្គកែវ ឃុំប្រាំបីមុំ និងឃុំសន្លុង ក្នុងស្រុកទ្រាំង ខេត្តតាកែវ។
លោកឧញ៉ា លាង ឃុន ប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា ការចែកទឹកស្អាតនេះគឺជាការប្តេចជ្ញារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលជាក្រុមហ៊ុនខ្មែរ១០០% ក្នុងការចូលរួមចំណែកជាមួយអជ្ញាធរខេត្ត និងមូលដ្ឋានក្នុងការដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋ ដែលជួបប្រទះបញ្ហាប្រឈមតាមមូលដ្ឋានទូទាំងប្រទេស។
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តែងតែចូលរួមយ៉ាងសកម្មក្នុងការងារសង្គម ដើម្បីជួយដោះស្រាយបញ្ហាប្រឈមដែលប្រជាពលរដ្ឋជួបប្រទះ។កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបាននាំយកទឹកបរិសុទ្ធចំនួន១០០០០កេស និងទឹកស្អាតចែកជូនដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាកង្វះទឹកស្អាតក្នុងឃុំម្សាក្រង ខេត្តកំពង់ធំ។
កន្លងមកក្រុមហ៊ុន ក៏បាននាំយកទឹកស្អាតនិងទឹកពិសាទៅចែកជូនប្រជាពលរដ្ឋនៅខេត្តកំពត ខេត្តកំពង់ស្ពឺកាលពីឆ្នាំ២០១៦ និងខេត្តក្រចេះនៅឆ្នាំ២០១៨ នៅពេលដែលប្រជាពលរដ្ឋជួបប្រទះកង្វះទឹកស្អាតម្តងៗ៕