(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩នេះ នាយកដ្ឋានស៊ើនអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការ ជាមួយស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញចូលរួម ដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យជនបរទេស កំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន និងកំពុងលួចស្នាក់នៅប្រើប្រាស់ឯកសារ មិនត្រឹមត្រូវ នៅទីតាំងផ្ទះជួល និងហាងកហ្វេ ស្ថិតនៅក្នុងសង្កាត់ច្បារអំពៅ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
បើតាម ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីលា ប្រធាននាយកដ្ឋានស៊ើនអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ប្រតិបត្តិការនេះ សមត្ថកិច្ច បានពិនិត្យឃើញ ជនបរទេសជាជនជាតិវៀតណាមចំនួន ៣០នាក់ (ស្រី១០នាក់) ហើយក្នុងនោះមានជនជាតិវៀតណាមចំនួន១០នាក់ (ប្រុស៩នាក់ ស្រី០១នាក់) ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។
ក្រោយពីការត្រួតពិនិត្យនេះ ក្រុមប្រតិបត្តិការចម្រុះ ក៏បានបញ្ជូនជនបរទេសជាជនជាតិវៀតណាមចំនួន១០នាក់ ស្រី០១នាក់ខាងលើ មកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី។ នេះបើតាម លោក អ៊ុក ហៃសីលា៕